អន្តរជាតិ
មេដឹកនាំអាស៊ាន នឹងបើកកិច្ចប្រជុំពីវិបត្តិមីយ៉ាន់ម៉ា នៅឥណ្ឌូណេស៊ី នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមូហ៊ីឌីន យ៉ាស៊ីន(ខាងឆ្វេង) និងស្តេចស៊ុលតង់ Hassanal Bolkiah នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ព្រុយណេ នៅថ្ងៃទី៥ ខែមេសា។ រូបភាព៖ New Straits Times
× ព្រុយណេ ដែលជាប្រធានអាស៊ាន នៅថ្ងៃទី៥ ខែមេសា ប្រាប់ឱ្យមន្រ្តីរបស់ខ្លួនរៀបចំកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះ នឹងជជែកពីបញ្ហាជាច្រើន ដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញថ្ងៃទី៥ ខែមេសា មេដឹកនាំម៉ាឡេស៊ី និងព្រុយណេ ដែលជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២១ បញ្ជាក់ថា ភាគីទាំងពីរណែនាំឱ្យរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីររៀបចំកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីស្នាក់ការអាស៊ាននៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន និងស្តេចស៊ុលតង់ ហាសាណាល់ ប៊ុលគៀ នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ព្រុយណេ នៅថ្ងៃទី៥ ខែមេសា។
«មេដឹកនាំទាំងពីរ បានឯកភាពសម្រាប់មេដឹកនាំអាស៊ាន ដើម្បីជួបគ្នាជជែកពីបញ្ហាដែលកំពុងវិវត្តនៅមីយ៉ាន់ម៉ា»។ សេចក្តីថ្លែងការណ៍រួមព្រុយណេ-ម៉ាឡេស៊ី បានលើកឡើងបែបនេះ។ យ៉ាងណាមិញ កិច្ចប្រជុំនៅឥណ្ឌូណេស៊ី មិនត្រូវបានកំណត់ពីកាលបរិច្ឆេទច្បាស់លាស់ទេ។
ទន្ទឹមនេះ មេដឹកនាំ ក៏បានបញ្ជាក់ពីកង្វល់ជុំវិញការកើនឡើងអ្នកស្លាប់ ដោយសារតែការបង្រ្កាបរបស់ក្រុមប៉ូលិសផងដែរ។ ម៉ាឡេស៊ី និងព្រុយណេ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ ត្រូវចៀសពីការប្រើហិង្សា និងត្រូវគ្រប់គ្រងសកម្មភាពខ្លួនឱ្យបាន ដើម្បីបង្ការការបង្ហូរឈាមកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។
គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ានៅដើមខែកុម្ភៈ មេដឹកនាំអាស៊ាន បានបង្ហាញការខ្វែងគំនិត ដោយផ្អែកលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ។ កន្លងមក ដោយសារការខ្វែងគំនិតគ្នាបែបនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ពោលគឺប្រធានអាស៊ានផ្លាស់វេន ដែលជាព្រុយណេ ជាអ្នកចេញសេចក្តីថ្លែងការណ៍ជំនួស។
សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រុមបាតុករមីយ៉ាន់ម៉ានៅតែបន្តទាមទារឱ្យរបបសឹកបង្កើតរដ្ឋាភិបាលស៊ីវិល និងដោះលែងមេដឹកនាំស៊ីវិល ស្របពេលក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅមីយ៉ាន់ម៉ាចំនួន ១០ក្រុម បានប្រកាសគាំទ្រ និងឈរនៅខាងប្រជាជន និងរិះគន់ការធ្វើរដ្ឋប្រហារ។ ពេលនេះ បញ្ហានៅមីយ៉ាន់ម៉ា អាចវិវត្តទៅរកសង្រ្គាមស៊ីវិលនៅក្នុងប្រទេស បានគ្រប់ពេល ដោយសារតែភាគីជាច្រើនបានចូលមកពាក់ព័ន្ធ។
ស្របគ្នាដែរ អ្នកស្លាប់ដោយសារការបង្រ្កាបរបស់ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានកើតឡើងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៥ ខែមីនា មនុស្សយ៉ាងហោចណាស់ ៥៦០នាក់ បានបាត់បង់ជីវិត ខណៈមនុស្សជាច្រើនពាន់នាក់ រួមទាំងអ្នកសារព័ត៌មាន អ្នកនយោបាយ និងបាតុករ ត្រូវបានឃុំខ្លួន៕
Tag:
អាស៊ាន
ព្រុយណេ
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com