ជាតិ
សង្គមជាតិ
រុស្ស៊ី ផ្តល់អាហារូបករណ៍៦កន្លែងដល់កម្ពុជា ឲ្យទៅរៀនជំនាញនុយក្លេអ៊ែស៊ីវិល
06, Apr 2021 , 7:59 am        
រូបភាព
និស្សិតជាង២ពាន់នាក់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតក្នុងពិធីទទួលសញ្ញាបត្រ កាលពីខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
និស្សិតជាង២ពាន់នាក់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតក្នុងពិធីទទួលសញ្ញាបត្រ កាលពីខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
រដ្ឋាភិបាលរុស្ស៊ី ផ្តល់អាហារូករណ៍៦កន្លែង ដល់សិស្ស-និស្សិតនិងមន្រ្តីរាជការកម្ពុជា ដើម្បីទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិល និងជំនាញផ្សេងទៀត ដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ដែលចេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។



លោក ផាន បូរី ជំនួយការនៃមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងវប្បធម៌រុស្ស៊ីប្រចាំកម្ពុជា ពន្យល់ថា មុខជំនាញនុយក្លេអ៊ែស៊ីវិល គឺជាការសិក្សាផ្នែកបច្ចេកទេសឬបច្ចេកវិទ្យានុយក្លេអ៊ែ ដើម្បីយកមកបម្រើការងារក្នុងវិស័យផ្សេងៗនៅកម្ពុជា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក បញ្ជាក់ថា៖«មិនមែន [ទៅរៀន] ខាង [ផលិត] អាវុធ [នុយក្លេអ៊ែ] អីទេ។ អាហ្នឹង គ្រាន់តែជាបច្ចេកទេសខាងពេទ្យ ឬមួយរូបវិទ្យា ឬក៏ការគ្រប់គ្រងចំណីអាហារអីហ្នឹង...»។ 
 
លោក បន្តថា ដោយសារកម្ពុជាខ្វះធនធានមនុស្សផ្នែកនុយក្លេអ៊ែស៊ីវិល ហើយស្របពេលកម្ពុជា មានគម្រោងសាងសង់ស្ថានីយ៍ប្រើថាមពលនុយក្លេអ៊ែនាពេលអនាគតផងនោះ ក្រសួងបរិស្ថាន បានព្យាយាមជំរុញឲ្យមាននិស្សិតខ្មែរ ទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនេះ នៅបរទេស។ លោក បន្ថែមថា ពេលត្រឡប់មកវិញ និស្សិតខ្មែរ ដែលទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលទាំងនោះ អាចនឹងតម្រូវឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងបរិស្ថានតែម្តង។ 
 
លោក ផ្តល់ព័ត៌មានថា បច្ចុប្បន្ន មាននិស្សិតខ្មែរជាង១០នាក់ ដែលកំពុងសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនៅរុស្ស៊ី។ លោក ប្រាប់ទៀតថា រុស្ស៊ី ចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់កម្ពុជា ក្នុងវិស័យនុយក្លេអ៊ែនេះ តាំងពីឆ្នាំ២០១៤មក។ 
 
សេចក្តីជូនដំណឹងរបស់សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានឲ្យដឹងថា ជំនាញនុយក្លេអ៊ែ និងជំនាញផ្សេងទៀត ពាក់ព័ន្ធនឹងនុយក្លេអ៊ែ ដែលត្រូវសិក្សា មាន៣០មុខ ដូចជា Nuclear Power and Technology, Technology Material, Physics, Chemistry, និង Astronomy ជាដើម។ ការសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនេះ មាន៣កម្រិត គឺថ្នាក់បរិសញ្ញាបត្រ ឬថ្នាក់ Specialist, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, និង ថ្នាក់បណ្ឌិត។
 
សិស្ស-និស្សិត និងមន្រ្តីរាជការ ដែលមានសញ្ញាបត្រចាប់ពីបាក់ឌុប ដល់បរិញ្ញាបត្រជាន់ខ្ពស់  គឺអាចដាក់ពាក្យសុំអាហារូបករណ៍ តាមរយៈគេហទំព័រ https://education-in-russia.com/ ដើម្បីទៅសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនៅរុស្ស៊ី។ កាលបរិច្ឆេទនៃការដាក់ពាក្យ ផុតកំណត់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ រយៈពេលនៃការសិក្សាជំនាញនុយក្លេអ៊ែស៊ីវិលនេះ គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
 
បើចង់ដឹងព័ត៌មាន សិស្ស-និស្សិត និង មន្រ្តីរាជការ អាចទៅកាន់មជ្ឈមណ្ឌលវិទ្យានិងវប្បធម៌រុស្ស៊ីដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម ឬហៅទូរស័ព្ទទៅកាន់លេខ ០២៣ ២១ ៣៥ ០៨/ ០៨៥ ៩៨ ៨០ ៧៤៕ 
 

Tag:
 អប់រំ
  អាហារូបករណ៍
  ជំនាញនុយក្លេអ៊ែ
© រក្សាសិទ្ធិដោយ thmeythmey.com