ដោយ៖ Rho Hyunjun និង Nick Beresford
កុមារី គឹមហុង មិនធ្លាប់លេងបាល់ទាត់ពីមុនមកឡើយ ប៉ុន្តែបន្ទាប់ពីក្មេងៗដទៃទៀតដែលរស់នៅជុំវិញសាលារៀន ស្ទឹងតូចក្រោម ដែលនៅជិតព្រំប្រទល់កម្ពុជា-ថៃ បបួលនាងឱ្យចូលរួមលេងបាល់ទាត់ជាមួយពួកគេ នាងក៏បានចូលរួម។
អ្វីដែលពិសេសសម្រាប់កុមារី គឹមហុងនេះគឺថា តារាងបាល់ទាត់ក្នុងសាលារៀននេះទើបតែបានបោសសំអាតពីគ្រាប់មីន ដែលសល់ពីសង្រ្គាមស៊ីវិលជាច្រើនឆ្នាំនៅកម្ពុជា។ «ខ្ញុំចង់ឱ្យមានទីលានលេងកម្សាន្តដែលមានសុវត្ថិភាពបែបនេះច្រើនបន្ថែមទៀត ដើម្បីឱ្យក្មេងៗដទៃទៀត អាចលេងកម្សាន្តប្រកបដោយសុវត្ថិភាព»។ នេះជាការលើកឡើងរបស់កុមារី គឹមហុង។
សង្គ្រាមបានបញ្ចប់ប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ប៉ុន្តែសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតែបន្តផ្ដាច់យកជីវិត និងធ្វើឱ្យមនុស្សរងរបួស និងពិការ។ កុមារ គឺជាក្រុមមនុស្សដែលងាយរងគ្រោះបំផុត។ ដើម្បីបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅរាយប៉ាយក្នុងផ្ទៃប្រទេស តម្រូវឱ្យមានការប្ដេជ្ញាចិត្ត ការគាំទ្រ និងធនធាន។
សម្រាប់លោកស្រី ធី ដែលជាម្ដាយរបស់កុមារី គឹមហុង ថ្ងៃដែលកូនស្រីគាត់បានចូលរួមលេងបាល់ទាត់នោះក៏ជាថ្ងៃពិសេសមួយសំរាប់គាត់ផងដែរ។ លោកស្រី ធី ប្រើប្រាស់ជើងសិប្បនិម្មិត ក្រោយពេលដែលគាត់បាត់បង់ជើងម្ខាងដោយសារគ្រាប់មីន ច្រើនឆ្នាំកន្លងមក។ ឧប្បត្តិហេតុនេះបានប៉ះពាល់ដល់ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់។ ហើយតាមអ្វីដែលកុមារី គឹមហុង បាននៅចងចាំ នាងបានជួយម្ដាយរបស់នាង ដាំស្លរ សម្អាតផ្ទះ និងធ្វើកិច្ចការផ្ទះផ្សេងៗទៀតក្រោយពេលនាងចេញពីរៀន។
នៅថ្ងៃដែលកុមារី គឹមហុង លេងបាល់ទាត់ជាមួយនិងមិត្តភក្តិរបស់នាង លោកស្រី ធី អង្គុយនៅចំហៀងតារាងបាល់សម្លឹងមើលការលេងបាល់ទាត់របស់ពួកគេជាមួយនឹងស្នាមញញឹម។
នៅកម្ពុជា ការងារបោសសម្អាតមីន គឺជាការងារអាទិភាពបំផុតក្នុងការជួយសង្គ្រោះអាយុជីវិត និងការពារយុវជន ដូចជាកុមារី គឹមហុង កុំឱ្យមានគ្រោះថ្នាក់។ ការងារបោសសម្អាតមីន បង្កើតទីកន្លែងដែលគ្មានការភ័យខ្លាច បង្កើតបរិយាកាសសន្តិភាព ដែលជាអំណោយផលដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្នផងដែរ។
ផ្ទៃដីដែលត្រូវបានបោសសម្អាតមីនអស់ ត្រូវបានផ្ដល់ជូនអាជ្ញាធរមូលដ្ឋាន ដូចក្នុងករណីតារាងបាល់ទាត់ក្នុងសាលាបឋមសិក្សា ស្ទឹងតូចក្រោម នេះជាដើម។ ជារឿយៗ ផ្ទៃដីទាំងនេះត្រូវបានប្រគល់ជូនគ្រួសារកសិករដែលភាគច្រីនពួកគេរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ តំបន់នេះជាបន្ទាយរឹងមាំចុងក្រោយរបស់ក្រុមខ្មែរក្រហម ហើយបច្ចុប្បន្ន នៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានគ្រាប់មីនច្រើនជាងគេបំផុតក្នុងពិភពលោក។
មានប្រទេសជាច្រើនផ្ដល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតគ្រាប់មីន ហើយក្នុងនោះក៏មាន សាធារណរដ្ឋកូរ៉េ ផងដែរ។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍យូរឆ្នាំមកហើយជាមួយកម្ពុជា សាធារណរដ្ឋកូរ៉េ បានក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងរយៈពេលត្រឹមតែជាង ១/៤ សតវត្សរ៍ប៉ុណ្ណោះ ពោលគឺគិតចាប់ពីពេលដែលជម្លោះនៅកម្ពុជាបានបញ្ចប់។
សាធារណរដ្ឋកូរ៉េបានផ្ដល់នូវការគាំទ្រហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់បំផុត ក៏ដូចជារួមចំណែកផ្ដល់នូវចំណេះដឹងយ៉ាងច្រើន របស់ខ្លួនតាមរយៈបទពិសោធន៍នៃការស្ដារប្រទេសឡើងវិញក្រោយសង្រ្គាម ដូចគ្នានេះផងដែរ សាធារណរដ្ឋកូរ៉េ ក៏ជាប្រទេសមួយដែលក្លាយខ្លួនពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលខ្ពស់ យ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។
សេ ម៉ា អ៊ឺល អ៊ុនដុង ជាភាសាកូរ៉េ ហើយដែលមានន័យជាភាសាខ្មែរថា «ចលនាភូមិថ្មី» គឺជាផ្នែកដ៏សំខាន់មួយនៃការផ្លាស់ប្តូរដ៏ពិសេសរបស់សាធារណរដ្ឋកូរ៉េ ដែលចំណាយពេលមិនដល់មួយជំនាន់ផង។ ចលនាជាតិនេះ ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ស្ថានភាពនៅតាមសហគមន៍ជនបទ ព្រោះថា ចលនានេះបានពង្រឹងភាពចុះសម្រុងគ្នានៅក្នុងសង្គម។ ចលនានេះកាត់បន្ថយភាពក្រីក្រនៅជនបទបានយ៉ាងខ្លាំងក្លា តាមរយៈការបង្កើនប្រាក់ចំណូលរបស់គ្រួសារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មមូលដ្ឋាន ធ្វើឱ្យសហគមន៍មូលដ្ឋានមានភាពរស់រវើកឡើងវិញ និងផ្ដល់អំណាចដល់ស្រ្តី។
យុទ្ធវិធីដែលសាធារណរដ្ឋកូរ៉េ ប្រើប្រាស់ដើម្បីបោសសម្អាតមីន គឺមិនមែនត្រឹមតែផ្តោតលើការរក្សាសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កសាងមូលដ្ឋានគ្រឹះ ដើម្បីនាំមកនូវភាពសម្បូររុងរឿងផងដែរ។ នៅកម្ពុជា តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សាធារណរដ្ឋកូរ៉េ បានសហការជាដៃគូជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីគាំទ្រដល់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបានអនុវត្តនៅក្នុងបរិបទនៃការអភិវឌ្ឍភូមិ ដោយប្រើប្រាស់ឧទាហរណ៍ជោគជ័យពីសាធារណរដ្ឋកូរ៉េ។
រាជរដ្ឋាភិបាលបានចាត់ទុក កិច្ចការបោសសម្អាតមីនឱ្យអស់ពីកម្ពុជា ថាជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៨។ តាមរយៈការកំណត់គោលដៅនេះ កម្ពុជាបានបង្ហាញប្រាប់ទៅពិភពលោកទាំងមូលយ៉ាងមុតមាំថា ការបោសសម្អាតមីន គឺជាផ្នែកមួយដ៏សំខាន់នៃរបៀបវារៈអភិវឌ្ឍន៍ ឆ្នាំ២០៣០។ នេះគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមួយដែលត្រូវបានគេយល់ច្បាស់នៅសាធារណរដ្ឋកូរ៉េ និងធ្វើឱ្យគំរូការអនុវត្តភូមិថ្មីនេះ មានភាពសមស្របជាពិសេសនៅកម្ពុជា។
សម្រាប់កុមារដូចជា កុមារី គឹមហុង និងម្ដាយរបស់នាង នេះគឺជារឿងរ៉ាវបង្ហាញពីដំណើរការនៃការអភិវឌ្ឍមួយ ដែលពោរពេញដោយក្ដីសង្ឃឹម សន្តិភាព និងឱកាសក្នុងការទទួលបានភាពរុងរឿង។ យ៉ាងណាក្តី រឿងរ៉ាវជោគជ័យនេះនឹងមាននិរន្តភាព ដរាបណាមានការគាំទ្រជាបន្តបន្ទាប់ និងធនធានគ្រប់គ្រាន់៕
Rho Hyunjun ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា
Nick Beresford តំណាង UNDP ប្រចាំកម្ពុជា