អន្តរជាតិ
លោក ផាម មិញឈិញ ត្រូវសភាវៀតណាមជ្រើសតាំងជានាយករដ្ឋមន្ត្រីជំនួសលោក ង្វៀន សួនហ្វ៊ុក ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក ប្រគល់បាច់ផ្កាសាទរនាយករដ្ឋមន្រ្តី ផាម មិញឈិញ។ រូបថត AFP
× សភាវៀតណាម នៅថ្ងៃទី៥ ខែមេសា បានបោះឆ្នោតជ្រើសតាំងលោក ផាម មិញឈិញ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិ៥ឆ្នាំ។ លោក ឈិញ កាន់តំណែងនេះជំនួសលោក ង្វៀន ស៊ួនហ្វុក ដែលធ្វើជាប្រធានាធិបតីវិញ។
លោក ផាម មិញឈិញ ជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម។ លោក ឈិញ ត្រូវបានលោក ង្វៀន ស៊ួនហ្វុក ដែលត្រូវបានសភាបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីនៅថ្ងៃទី៥ ខែមេសា ស្នើជាបេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃដដែល។
សមាជិកសភាវៀតណាមបានបោះឆ្នោតគាំទ្របេក្ខភាពលោក ឈិញ ដោយសំឡេងលើសលប់។ លោក ឈិញ ដែលមានអាយុ៦៣ឆ្នាំ ក៏ស្បថចូលកាន់តំណែងភា្លមក្រោយទទួលបានការគាំទ្រ។ មុនក្លាយជានាយករដ្ឋមន្ត្រី លោក ឈិញ ជាប្រធានគណៈចាត់តាំងបក្សកុម្មុយនីស្តវៀតណាមផងដែរ។ លោកនឹងកាន់តំណែងនេះសម្រាប់អាណត្តិឆ្នាំ២០២១-២០២៥ ។
ជាមួយនឹងការជ្រើសតាំងលោក ឈិញ ក្បាលម៉ាស៊ីនដឹកនាំវៀតណាមដែលតែងផ្លាស់ប្ដូររៀងរាល់៥ឆ្នាំម្ដង ត្រូវបានបំពេញអស់ហើយ។ លោក ង្វៀន ភូជុង ជាអគ្គលេខាធិការបក្សកុម្មុយនីស្ត ឯលោក ហ្វ៊ុក អង្គុយកៅអីប្រធានាធិបតី ចំណែកលោក ឈិញ ជានាយករដ្ឋមន្ត្រី ខណៈលោក វឿង ឌិញហ្វេ ជាប្រធានសភាជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com