ពីនេះ ពីនោះ
កូវីដ៖ បើនៅមានការងារធ្វើចាត់ទុកជាសំណាងហើយ… ចូរកុំប្រហែស!
06, Apr 2021 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
ទាំង សំណាង និងសុធីរ នៅមានការងារធ្វើនៅឡើយ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចទូទៅប្រឈមនឹងបញ្ហាក៏ដោយ។ តែក្លើទាំងពីរបន្តធ្វើការពីផ្ទះរៀងៗខ្លួន។ ធ្វើការពីផ្ទះមែន តែមិនមែនធ្វើលំៗនោះទេ។ ផ្ទុយទៅវិញ សំឡាញ់ទាំងពីរបង្កើនផលិតភាពកាន់តែខ្ពស់ ពោល គឺផ្ទុយពីបុគ្គលមួយចំនួនដែលធ្វើការពីផ្ទះ តែធ្វើចុងដៃចុងជើង ឬធ្វើឲ្យតែបានៗ។ មិត្តទាំងពីរប្រឹងធ្វើការមែន តែពួកគេមិនភ្លេចជជែកលេងសើចពីរឿងសង្គមឡើយ។ នៅថ្ងៃនេះ សុធីរ និងសំណាង លើកប្រធានបទ«អ្នកគ្មានការងារធ្វើកាន់តែច្រើនដោយសារកូវីដ»។


 
សំណាង៖ អា សុធីរ! នៅលើពិភពលោកទាំងមូល មនុស្សអត់ការងារច្រើនណាស់ ព្រោះតែអារឿងកូវីដហ្នឹង ចុះនៅស្រុកខ្មែរយ៉ាងម៉េចដែរ? 
 
សុធីរ៖ អាកូវីដនេះ វាបំផ្លាញសេដ្ឋកិច្ច និងជីវិតមនុស្សគ្រប់ប្រទេសទាំងអស់ហ្នឹង ក្នុងនោះ កម្ពុជា ក៏មិនអាចចៀសផុតបានឡើយ។ នៅស្រុកយើង(ស្រុកខ្មែរ) ជំនួញមួយចំនួនធំបិទទ្វារអស់ហើយ។ បុគ្គលិក កម្មករមួយចំនួនវិលត្រឡប់ទៅស្រុកកំណើតវិញជាបណ្តើរៗហើយ។ 
 
សំណាង៖ ចុះម៉េចបានជាពួកគេវិលទៅស្រុកកំណើតវិញ? 

សុធីរ៖ ជារួម តាមការសង្កេតរបស់អញ និងអ្នកជំនាញសេដ្ឋកិច្ចមួយចំនួន កម្លាំងពលកម្មនៅទីក្រុងភ្នំពេញភាគច្រើនឡើងមកពីជនបទ ដូច្នេះ ពេលជំនួញនៅទីក្រុងបិទ ពួកគេត្រូវតែវិលត្រឡប់ទៅជនបទវិញ។ 
សំណាង៖ ចុះអញលឺថា មានកម្មករវិលត្រឡប់មកពីប្រទេសថៃវិញដែរ មែនឬទេ? 
 
សុធីរ៖ កម្មករចំណាកស្រុកទៅក្រៅប្រទេសមួយចំនួនក៏វិលត្រឡប់មកវិញដែរ ព្រោះ ក្រុមហ៊ុននៅប្រទេសថៃមួយចំនួនធំក៏ប្រឈមដូចស្រុកខ្មែរយើងដែរតើ។ 
 
សំណាង៖ វិលត្រឡប់ទៅស្រុកវិញអ៊ីចឹង តើពួកគេមានអ្វីហូបឬទេ? 

សុធីរ៖ ត្រង់ចំណុចហ្នឹង អញចង់ពន្យល់ប្រាប់អ្ហែងថា នៅក្នុងប្រទេសអភិវឌ្ឍមួយចំនួន បើអត់ការងារធ្វើហើយ ពួកគេប្រឈមខ្លាំងណាស់ ព្រោះ ក្រៅពីជំនួយរបស់រដ្ឋាភិបាល ពួកគេមិនងាយពឹងពាក់បងប្អូន ឬសាច់ញាតិឡើយ។ ចំណែកនៅស្រុកខ្មែរ ជំនួយពីរដ្ឋមានតិចតួចមែន តែសុវត្ថិភាពសង្គមជាលក្ខណៈសាច់សាលោហិត គឺរឹងមាំណាស់។ នៅស្រុកខ្មែរ បើត្រឹមតែហូបចុកធម្មតាប្រចាំថ្ងៃ ដូចជាមិនអីទេ។ ពួកគេជួយគ្នាណាស់ ជាពិសេស មនុស្សក្នុងផ្ទៃតែមួយ អ៊ីចឹងហើយ បានជានៅពេលដែលបុគ្គលណាគ្មានការងារធ្វើ បុគ្គលនោះ ភាគច្រើនត្រូវវិលត្រឡប់ទៅរកឪពុកម្តាយ ឬបងប្អូននៅស្រុកកំណើត។ 
 
សំណាង៖ ចំនួនអ្នកអត់ការងារកើនហើយ ព្រោះ កូវីដនៅបន្តរីកសាយភាយ។ ផ្ទុយទៅវិញ អ្នកនៅមានការងារធ្វើខ្លះ បែរដូចជាខ្ជិល ឬធ្វើការខ្ជីខ្ជាទៅវិញ អាហ្នឹងម៉េចវិញ? 
 
សុធីរ៖ អូហ៍! ចូរអ្ហែងកុំបន្ទោសអ្នកមានការងារធ្វើដែលខ្ជិល ឬខ្ជីខ្ជានៅក្នុងអំឡុងពេលកូវីដនេះអី។ ខ្ជិល ឬខ្ជីខ្ជា ព្រោះ ប្រហែលពួកគេធុញទ្រាញ់នឹងស្ថានភាពកូវីដហ្នឹងណ៎ា។ តែអញចង់ប្រាប់អ្ហែងថា តប់ប្រមល់ដោយនៅមានការងារធ្វើ ប្រសើរជាងធុញ និងតប់ប្រមល់ដោយគ្មានការងារធ្វើ ហើយគ្មានប្រាក់ចំណូល(ដាច់យ៉ៃ)។ អ្ហែងត្រូវតែចងចាំឲ្យជាប់ជានិច្ចនូវចំណុចនេះ។ អើ! អញប្រាប់បន្ថែមបន្តិចទៅចុះ ធុញនឹងមានការងារធ្វើច្រើនមិនសូវអីទេ តែបើធុញនឹងអត់ការងារធ្វើវិញ គឺលំបាកណាស់។ ម៉េចបានលំបាក? ព្រោះងើបពីដេក មិនដឹងធ្វើអី ថ្ងៃឡើងមិនដឹងធ្វើអី យប់ឡើងមិនដឹងធ្វើអី។ ម្យ៉ាងទៀត ត្រូវគិតថា  ឯណាទៅប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិត? អត់ការងារធ្វើពិបាកណាស់ណ៎ា! 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com