កីឡាអន្តរជាតិ
អន្តរជាតិ
Neville ជឿថា Man Utd នឹងយក Lingard មកវិញ ក្រោយលេចធ្លោនៅ West Ham
06, Apr 2021 , 11:15 am        
រូបភាព
Jesse Lingard បង្ហាញភាពលេចធ្លោកាន់តែខ្លាំងឡើង តាមរយៈការស៊ុតបញ្ចូលទីស្ទើគ្រប់ការប្រកួត ដើម្បីនាំ West Ham United ឡើងទៅតំបន់ Top 4។ ក្រោយជួយក្រុមលោក David Moyes យកឈ្នះ Wolverhampton Wanderers ៣-២ លោក Gary Neville ជឿជាក់ថា Manchester United នឹងយក Lingard ត្រឡប់ទៅ Old Trafford វិញ។


Gary Neville អតីតខ្សែការពារឆ្នើម Manchester United គិតថាទម្រង់លេងដ៏អស្ចារ្យរបស់ Jesse Lingard សម្រាប់ West Ham អាចបង្ខំឱ្យក្រុមបិសាចក្រហម Manchester United ពិចារណាឡើងវិញអំពីអនាគរបស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ។
 
Lingard ដែលរកបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (asisst) ៣លើក ក្នុងការបង្ហាញខ្លួន៨ប្រកួតឱ្យក្រុមញញ៉ួ ជាអ្នករកគ្រាប់បាល់នាំមុខលើក្រុម Wolves នៅនាទីទី៦ តាមរយៈការអូសបាល់កាត់ខ្សែការពារ៣រូបដ៏អស្ចារ្យ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣០ នៅរាត្រីថ្ងៃទី៥ ខែមេសា។
 
មិនតែប៉ុណ្ណោះកីឡាករវ័យ២៨ឆ្នាំ ដែលចាកចេញពី Man Utd ក្រោមលក្ខខណ្ឌខ្ចីជើងកាលពីខែមករា បានដើរតួយ៉ាងសំខាន់ក្នុងការរកគ្រាប់បាល់ទី២ និងទី៣ ដែលធ្វើបានដោយ Pablo Fornals និង Jarrod Bowen មុនពេល Wolves តាមបានពីរគ្រាប់វិញដោយ Leander Dendoncker និង Fabio Silva។
 
តាមរយៈលទ្ធផល ៣-២ ដែលមានការរួមចំណែកយ៉ាងខ្លាំងពី Lingard បានធ្វើឱ្យអតីតខ្សែការពារអង់គ្លេស Neville មានការពេញចិត្តយ៉ាងខ្លាំង។ Neville បានសរសើរ Lingard មិនដាច់ពីមាត់ ហើយហ៊ានអះអាងថារូបគេនឹងនៅតែមានអនាគតនៅ Old Trafford។
 
បុរសវ័យ៤៦ឆ្នាំរូបនេះបាននិយាយក្នុងកម្មវីរបស់ Sky Sport ថា៖ «គាត់គឺជាកីឡាករល្អម្នាក់។ គាត់នឹងមានអាជីពដ៏អស្ចារ្យមួយ។ Manchester United បានបញ្ជូនគាត់ទៅ West Ham ដើម្បីបង្កើនអាជីព និងបង្កើនតម្លៃរបស់គាត់ ប៉ុន្តែឥឡូវនេះប្រហែល Man Utd កំពុងគិតថានឹងយក Lingard ត្រឡប់មកវិញ ព្រោះនឹងជួយក្រុមបាន»។
 
Neville បានប្រៀបប្រដូចខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ ទៅនឹង Ji-Sung Park ដែលមានទម្រង់លេងអស្ចារ្យសម្រាប់បិសាចក្រហមកាលពី១០ឆ្នាំមុន។ Neville មើលឃើញថា Lingard អាចជួយក្រុមលោក Ole Gunnar Solskjær រីកមុខមាត់ឡើងវិញ ដូចដែលអតីតកីឡាករកូរ៉េខាងត្បូងបានធ្វើសម្រាប់លោក Sir Alex Ferguson អ៊ីចឹងដែរ។
 
ឆ្លងកាត់ការប្រកួត៣០លើក West Ham រកបាន៥២ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី៤ក្នុងតារាងលីគកំពូលអង់គ្លេស ដោយនាំមុខក្រុមលេខ៥ Chelsea ចំនួន៣ពិន្ទុ ខណៈការប្រកួតនៅសល់៨លើកទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ២០២០-២១នេះ។ Manchester City នាំមុខកំពូលតារាងមាន ៧៤ពិន្ទុ តាមពីក្រោយដោយ Man Utd ដែលមាន៦០ពិន្ទុ និងលេខ៣ Leicester City រកបាន៥៦ពិន្ទុ។ Fulham, West Bromwich Albion និង Sheffield United ស្ថិតនៅតំបន់ត្រូវកាត់ចោល៕
 
 

Tag:
 Jesse Lingard
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com