ជាតិ
៥ស្រុកនៅបាត់ដំបង និងក្រុងប៉ោយប៉ែតនៅបន្ទាយមានជ័យរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ផ្ទះពលរដ្ឋដែលរងការខូចខាត ដោយខ្យល់កន្ត្រាក់នៅខេត្តបាត់ដំបង។ (រូបពី អគ្គស្នងការដ្ឋាននគរបាលជាតិ)
× ខេត្តបាត់ដំបងមានក្រុង និងស្រុកចំនួនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលឲ្យមានផ្ទះពលរដ្ឋ៥៧ខ្នងរងការខូចខាត និងគោ២ក្បាលបានស្លាប់។ រីឯ ក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះពលរដ្ឋ១៩ខ្នង និងផ្សារ២កន្លែង រងការខូចខាតផងដែរ។
កាលពីថ្ងៃទី៣មេសានេះនៅខេត្តបាត់ដំបង ក្នុងក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកថ្មគោល និងស្រុកបាណន់ មានភ្លៀងធ្លាក់ រួមទាំងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង។ គ្រោះធម្មជាតិក្នុងក្រុងស្រុកទាំង៥នេះ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋ៥៧ខ្នង។ ក្រៅពីនេះ ក្នុងស្រុកបាណន់មានគោ២ក្បាលបានស្លាប់ ដោយសាររន្ទះបាញ់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែក កាលពីថ្ងៃទី៤មេសានេះ នៅភូមិក្បាលស្ពាន១និងភូមិសាមគ្គីមានជ័យ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានភ្លៀងធ្លាក់ខ្លាំងហើយលាយឡំជាមួយខ្យល់កន្រ្តាក់ផងដែរ។ ខ្យល់កន្ត្រាក់នេះ បណ្ដាលឲ្យផ្ទះពលរដ្ឋ១៩ខ្នង និងផ្សារ២កន្លែង រងការខូចខាត។
លោក សុទ្ធ គឹមកុលមុនី ទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា ផ្សារទាំងពីរទីតាំងនោះ គឺតូបលក់ទំនិញនៅជាប់អាគារ PARAMAX រងការបំផ្លាញទាំងស្រុង និងតូបលក់ផ្សាររាត្រីប្រមាណ១០០តូប ក៏រងការខូចខាតដែរ។
សូមជម្រាបថា នៅថ្ងៃទី៦មេសានេះ ក្រសួងធនធានទឹក និងឧតុនិយមបានការព្យាករណ៍ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ដល់១៣ ខែមេសានេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពោធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់មកពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន នៅក្នុងប្រទេសមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ពិសេសនៅតាមបណ្ដាខេត្តនៅភាគពាយ័ព្យ៕
Tag:
ខ្យល់កន្រ្តាក់
បាត់ដំបង
បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com