ជាតិ
ក្រសួងសុខាភិបាលហាមមន្ទីរពេទ្យឯកជនព្យាបាលអ្នកសង្ស័យកើតជំងឺកូវីដ-១៩
06, Apr 2021 , 12:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាលហាមមន្ទីរពេទ្យឯកជនទាំងអស់ទទួលពិនិត្យ និងព្យាបាលអ្នកសង្ស័យកើតជំងឺកូវីដ-១៩ ការធ្វើតេស្តជំងឹកូវីដ-១៩ និងចាក់វ៉ាក់សាំងកូវីដ-១៩ឡើយ។

 
ក្រសួងសុខាភិបាលបានចេញលិខិតជម្រាបជូនទៅម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននាថ្ងៃទី៦ ខែមេសាថា បើសិនជាអ្នកមានរោគសញ្ញាជំងឺកូវីដ-១៩បានទៅត្រួតពិនិត្យនៅកន្លែងរបស់ខ្លួន គឺត្រូវដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងត្រូវរាយការណ៍មកមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបញ្ជូនអ្នកជំងឺទៅមណ្ឌលចត្តាឡីស័ក។ 
 
ក្រសួងសុខាភិបាលណែនាំឲ្យម្ចាស់សេវាពិនិត្យឯកជនទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវវិធានការអនាម័យជាប្រចាំ ពាក់ម៉ាស់ លាងដៃសម្លាប់មេរោគជាដើម។ លើសពីនេះ គ្រូពេទ្យនិងបុគ្គលិកទាំងអស់ដែលបានប៉ះពាល់អ្នកជំងឺដែលសង្ស័យឆ្លងកូវីដ-១៩នោះ ត្រូវធ្វើចត្តាឡីស័ក យកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ។ 
 
ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យគឺត្រូវមានធុងពណ៌លឿង ដែលមានស្លាកសញ្ញាគ្រោះថ្នាក់  និងមានធុងពណ៌ខ្មៅសម្រាប់ដាក់សំណល់ឆ្លងរោគ និងសម្ភារអ្នកជំងឺដែលសង្ស័យឆ្លងជំងឺកូវីដ-១៩  និងប្រមូលសម្ភារទាំងនោះទៅដុតចោលក្នុងឡដែលមានសីតុណ្ហភាពលើស៨០០អង្សា។ 
 
ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា ក្នុងករណីដែលម្ចាស់សេវាពិនិត្យឯកជនណាមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទេ ក្រសួងនឹងព្យួរ ឬដកអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម បិទអាជីវកម្ម ពិន័យអន្តរការណ៍ ពិន័យជាទឹកប្រាក់ ឬទោសដាក់ពន្ធនាគារ៕  
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com