អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី ចុះហត្ថលេខាលើច្បាប់ដែលវែកផ្លូវ ក្នុងការកាន់អំណាចដល់ឆ្នាំ២០៣៦
06, Apr 2021 , 12:59 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ The Moscow Times
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ The Moscow Times
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមេសា បានចុះហត្ថលេខា លើច្បាប់មួយ ដែលអនុញ្ញាតឱ្យលោកកាន់តំណែងជាប្រធានាធិបតីរហូតដល់ឆ្នាំ ២០៣៦។


នៅក្នុងឆ្នាំ២០២០ កន្លងទៅ រុស្ស៊ី បានសម្រេចធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ក្នុងនោះរួមមាន បញ្ញត្តិទាក់ទិននឹងការកំណត់អាណត្តិរបស់ប្រធានាធិបតី និងអនុញ្ញាតឱ្យលោក វ្ល៉ាឌីមៀ ពូទីន អាចកាន់តំណែងបានចំនួនពីរអាណត្តិទៀតផងដែរ។ សេចក្តីស្នើវិសោធនកម្មនេះ ត្រូវបានសភារុស្ស៊ីអនុម័តនៅចុងខែមីនា ឆ្នាំ២០២១កន្លងទៅ។ បន្ទាប់ពីសភាអនុម័តរួច សេចក្តីស្នើច្បាប់នោះ ត្រូវធ្លាក់មកលើតុរបស់ប្រធានាធិបតី។ 
 
លោក ពូទីន នៅថ្ងៃទី៥ ខែមេសា បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ខាងលើ ដែលអនុញ្ញាតឱ្យលោកកាន់តំណែង ពីរអាណត្តិទៀត។  នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Moscow Times។ អាណត្តិប្រធានាធិបតីរុស្ស៊ីមានរយៈពេល៦ឆ្នាំ។
 
កន្លងទៅលោកពូទីន ធ្លាប់បានអះអាងថា ការកំណត់អាណត្តិឡើងវិញបែបនេះ គឺសំខាន់ណាស់ ដើម្បីជួយមន្រ្តីយោធារបស់លោកមិនឱ្យរិះរកមេដឹកនាំថ្មីមកជំនួសរូបលោក ជាជាងធ្វើការប្រចាំថ្ងៃ។ ចំណែកក្រុមប្រឆាំងបានរិះគន់ថា ការធ្វើវិសោធនកម្ម ជាការបើកផ្លូវអនុញ្ញាតឱ្យពូទីនកាន់តំណែងជាប្រធានាធិបតីពេញមួយជីវិត និងជាការរំលោភអំណាចជាដើម។ 
 
លោក ពូទីន បានក្លាយជាប្រធានាធិបតីរុស្ស៊ី នៅក្នុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨។ ចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ២០១២ លោក ពូទីន ត្រូវកាន់តំណែងជានាយករដ្ឋមន្រ្តីម្តង មុននឹងក្លាយជាប្រធានាធិបតីរុស្ស៊ីជាថ្មីនៅក្នុងឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្ន។ លោក ពូទីន នឹងត្រូវបញ្ចប់ការកាន់តំណែងជាប្រធានាធិបតីនៅក្នុងឆ្នាំ២០២៤ ខាងមុខ។
 
ប្រសិនបើត្រូវជាប់ឆ្នោតជាប្រធានាធិបតីចំនួនពីរអាណត្តិទៀត លោកនឹងត្រូវកាន់តំណែងដល់ឆ្នាំ ២០៣៦ឯណោះ ដែលនោះគឺជាឆ្នាំដែលលោកពូទីននឹងកាន់តំណែងជាងយូរជាងអតីតមេដឹកនាំសហភាពសូវៀត លោក ចូសេហ្វ ស្តាលីន ទៅទៀត៕
 

Tag:
 រុស្ស៊ី
  វ្លាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com