ជាតិ
​​​ន​យោ​បាយ​ជាតិ​
លិខិតសាទរពីមេដឹកនាំកម្ពុជា ទៅកាន់មេដឹកនាំវៀតណាម ដែលទើបនឹងឡើងតំណែង
06, Apr 2021 , 2:03 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន), សម្តេច ហេង សំរិន ប្រធានរដ្ឋសភា (រូបពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន), លោក ស៊ឹម កា អនុប្រធានព្រឹទ្ធសភា (រូបពីព្រឹទ្ធសភា)
ពីឆ្វេងទៅស្តាំ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន), សម្តេច ហេង សំរិន ប្រធានរដ្ឋសភា (រូបពីទំព័រហ្វេសប៊ុកសម្តេច ហេង សំរិន), លោក ស៊ឹម កា អនុប្រធានព្រឹទ្ធសភា (រូបពីព្រឹទ្ធសភា)
ដោយ: ថ្មីៗ
មេដឹកនាំកំពូលៗរបស់កម្ពុជា បានផ្ញើលិខិតអបអរសាទរ ទៅកាន់មេដឹកនាំវៀតណាម ដែលទើបនឹងឡើងតំណែង។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តំណាងអង្គការនីតិប្រតិបត្តិកម្ពុជា ផ្ញើលិខិតអបអរសាទរ ទៅកាន់លោក ង្វៀន សួនហ៊្វុក ដែលឡើងជាប្រធានរដ្ឋ និងលោក ផាម មិញឈិញ ដែលឡើងជានាយករដ្ឋមន្រ្តី ខណៈសម្តេច ហេង សំរិន និង លោក ស៊ឹម កា តំណាងអង្គការនីតិប្បញ្ញត្តិកម្ពុជា ផ្ញើលិខិតអបអរសាទរ ទៅកាន់លោក វឿង ឌិញហ្វេ ដែលឡើងជាប្រធានសភា។



ក្នុងលិខិត ដែលផ្ញើទៅកាន់លោក ង្វៀន សួនហ៊្វុក សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរថា៖«ការទទួលបាននូវតំណែងដ៏ឧត្តុង្គឧត្តម និងស័ក្តិសមបំផុត សម្រាប់ឯកឧត្តម បានបង្ហាញពីជំនឿជឿជាក់និងទំនុកចិត្តយ៉ាងខ្លាំងរបស់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាមទាំងមូលមកលើភាពជាអ្នកដឹកនាំដ៏វាងវៃរបស់ឯកឧត្តម»។ 
 
ផ្ញើលិខិតអបអរសាទររួចហើយ សម្តេច ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក បាននិយាយគ្នាតាមទូរស័ព្ទបន្ថែមទៀត។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ សម្តេច ហ៊ុន សែន បង្ហាញជំនឿថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋ (ប្រធានាធិបតី) លោក ង្វៀន សួនហ៊្វុក នឹងបន្តជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀងរវាងកម្ពុជានិងវៀតណាមកន្លងមក ដើម្បីរួមគ្នាអភិវឌ្ឍទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ 
 
រីឯលិខិតអបអរសាទរ ដែលផ្ញើទៅកាន់លោក ផាម មិញឈិញ សម្តេច ហ៊ុន សែន មានប្រសាសន៍៖«...ខ្ញុំ ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរលង់របស់យើង ផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី ការយោគយល់គ្នាទៅមក និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសយើងទាំងពីរ»។ 
 
ចំណែក សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ថ្លែងទៅកាន់លោក វឿង ឌិញហ្វេ ថា៖«ខ្ញុំ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ច្បាស់លាស់របស់ឯកឧត្តមប្រធាន នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទំនាក់ទំនងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិនិងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀត នាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនភូមិផងរបងជាមួយគ្នា»។ 
 
ចំពោះលោក ស៊ឹម កា អនុប្រធានព្រឹទ្ធសភាកម្ពុជាវិញ លោក បានប្រាប់ទៅលោក វឿង ឌិញហ្វេ ថា៖«ខ្ញុំ ត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តម និងជាមួយសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីវឌ្ឍនភាព វិបុលភាព រវាងប្រជាជន និងប្រទេសយើងទាំងពីរ ព្រមទាំងបន្តទំនាក់ទំនងល្អរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-វៀតណាម បន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ និងអន្តរជាតិ»។
 
លោក ស៊ឹម កា បានផ្ញើលិខិតអបអរសាទរ ទៅលោក វឿង ឌិញហ្វេ ក្នុងនាមលោក ជាប្រធានស្តីទីនៃព្រឹទ្ធសភាកម្ពុជា ដោយលោក សម្តេច សាយ ឈុំ ជាប្រធានព្រឹទ្ធសភា ទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងព្រះមហាក្សត្រ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ ប៉ុន្តែ ព្រះមហាក្សត្រ ទ្រង់បានយាងមកកម្ពុជាវិញហើយ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។  
 
នៅចុងខែមីនានិងដើមខែមេសា ឆ្នាំ២០២១ វៀតណាម បានរៀបចំសាជាថ្មីនូវតំណែងសំខាន់៤ របស់មេដឹកនាំខ្លួន គឺ លោក ង្វៀន ភូជុង បញ្ចប់តំណែងពីប្រធានរដ្ឋ តែលោក នៅកាន់តំណែងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដដែល, លោក ង្វៀន សួនហ៊្វុក ឈប់ធ្វើជានាយករដ្ឋមន្រ្តី ហើយឡើងជាប្រធានរដ្ឋវិញម្តង, លោក ផាម មិញឈិញ ដែលជាប្រធានគណៈចាត់តាំងក្នុងបក្ស ឡើងជានាយករដ្ឋមន្រ្តី, លោក វឿង ឌិញហ្វេ ដែលជាលេខាបក្សប្រចាំក្រុងហាណូយ ឡើងជាប្រធានសភា៕ 
 
 
 

Tag:
 កម្ពុជា
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com