ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់បុរសម្នាក់ ក្រោមការសង្ស័យថា សម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ
06, Apr 2021 , 2:45 pm        
រូបភាព
រូបភាព ថតដោយកាម៉េរាសវុត្ថិភាពតាមផ្លូវ បង្ហាញពីសកម្មភាពជនល្មើស បើកម៉ូតូម៉ាក MSX ពណ៌ស ឌុបក្មេងប្រុស ទៅហូបប្រហិត ហើយយកទៅសម្លាប់។
រូបភាព ថតដោយកាម៉េរាសវុត្ថិភាពតាមផ្លូវ បង្ហាញពីសកម្មភាពជនល្មើស បើកម៉ូតូម៉ាក MSX ពណ៌ស ឌុបក្មេងប្រុស ទៅហូបប្រហិត ហើយយកទៅសម្លាប់។
ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់វ័យ៣០ឆ្នាំ ដែលជាប់សង្ស័យថា បានសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២១។ បើតាមសមត្ថកិច្ច បុរសជាជនសង្ស័យនិងកុមារារងគ្រោះ ត្រូវជាបងថ្លៃជីដូនមួយនឹងគ្នា។

 
តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៦មេសានេះ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ទុក ករណីឃាតកម្មលើក្មេងប្រុសនេះ ថាករណីឃាតកម្មគិតទុកជាមុន។ បើតាមនគរបាលភ្នំពេញ  បុរសជាជនល្មើស បានសម្លាប់ក្មេងប្រុសនោះ នៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
 
ការធ្វើកោសល្យវិច្ច័យពីមន្រ្តីជំនាញ បង្ហាញថា កុមារារងគ្រោះនោះ មានស្នាមប៉ះទង្គិចផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់។ អង្គការ Child Protection Unit ដែលការធ្វើការផ្នែការពារកុមារ បានឲ្យដឹងថា មន្រ្តីរបស់ខ្លួន កំពុងស្រាវជ្រាវបន្ថែម ដោយតម្រូវឲ្យជនសង្ស័យបង្ហាញសកម្មភាពនៅកន្លែងកើតហេតុ  ដើម្បីរៀបចំសំណុំរឿងនិងចាត់ការបន្តតាមនីតិវិធីច្បាប់។
 
កាលពីថ្ងៃទី៣១ ខែមីនា បុរសជាជនល្មើស បានបើកម៉ូតូឌុបកុមារារងគ្រោះ ចេញពីវត្តជ្រោយអំពិលទៅញ៉ាំប្រហិត ហើយពេលកំពុងជិះតាមផ្លូវ កុមារារងគ្រោះ យកដៃវាយក្បាលជនល្មើសលេង។ ពេលនោះ ជនល្មើស បានប្រាប់កុមារានោះ កុំឲ្យវាយក្បាល ព្រោះត្រណម តែកុមារានោះ នៅតែវាយក្បាលជនល្មើសលេងម្តងទៀត។
 
ដោយខឹងនឹងកុមារានោះ ជនល្មើស បានរៀបគម្រោងយកកុមារានោះទៅសម្លាប់។ ជនល្មើស កុហកកុមារារងគ្រោះថា ទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូត៍ (កន្លែងកើតហេតុ)។ បន្ទាប់មក ជនល្មើស បានយកដៃវាយកុមារានោះ ចំថ្គាមខាងស្តាំ និងវាយចំមុខទៀត ធ្វើឲ្យកុមារានោះ ដួលផ្កាប់មុខលើដីមានទឹកតិចៗ ហើយកុមារានោះ ក៏ស្លាប់តែម្តង។ 
 
ដំណើរដើមទងនៃឃាតកម្មនេះ ត្រូវបានសមត្ថកិច្ច សរសេរក្នុងកំណត់ហេតុ តាមការសារភាពនិងការរៀបរាប់របស់បុរសជាជនល្មើស។ 

រហូតដល់ថ្ងៃទី២ ខែមេសា ប្រជាពលរដ្ឋ បានប្រទះឃើញសពកុមារារងគ្រោះ ហើយនៅថ្ងៃទី៦ ខែមេសានេះ សមត្ថកិច្ច ក៏ស្រាវជ្រាវរកឃើញនិងចាប់បានបុរសជាជនល្មើស៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com