ជាតិ
រដ្ឋបាលខេត្តកំពង់ចាម ផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ និងអាជីវកម្មពេលរាត្រី ២សប្តាហ៍
06, Apr 2021 , 4:45 pm        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកំពង់ចាម
រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកំពង់ចាម
ដោយ:
រដ្ឋបាលខេត្តកំពង់ចាមសម្រេចផ្អាកការកម្សាន្តនៅរមណីយទេសចរណ៍ទាំងអស់ នៅទូទាំងខេត្ត រយៈពេល២សប្តាហ៍ចាប់ពីថ្ងៃទី ៨ ដល់២១មេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។


 
នេះបើតាមសេចក្តីណែនាំពីការអនុវត្តវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តកំពង់ចាម ចុះថ្ងៃទី៦មេសា។អាជីវកម្មពេលរាត្រី ទីតាំងសាធារណៈ ដែលមានជួបជុំមនុស្សច្រើន ក៏ត្រូវបិទចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ ភ្លឺ រយៈពេល ២សប្តាហ៍ដូចគ្នាដែរ។ 

ខេត្តកំពង់ចាម មានតំបន់ទេសចរណ៍ធម្មជាតិ កែច្នៃ និងប្រវត្តិសាស្ត្រ សរុប១១កន្លែង។ សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន សរុបក្នុងខេត្តមានជាង ១០០កន្លែង។ បន្ទាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈទីតាំងទាំងអស់នោះប្រែស្ងាត់ បាត់អស់ភ្ញៀវទេសចរ ស្នាក់នៅ និងដើរកម្សាន្ត។

ទន្ទឹមនឹងមិនសូវមានភ្ញៀវទេសចររដ្ឋបាលខេត្ត ក៏សម្រេចឱ្យផ្អាករមណីយដ្ឋាន ទាំង១១កន្លែង រយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។ លោក ស៊ាន សុគុនប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖« យើងផ្អាករមណីយដ្ឋានទាំងអស់ហ្នឹងបណ្ណោះអាសន្នដោយសារកូវីដ-១៩ នៅពេលសភាពការណ៍ល្អយើង នឹងបើកដំណើរការឡើងវិញ។ ឥឡូវកូវីដកំពុងវាយលុក សូម្បីការជួបជុំតិចតួចក៏យើងផ្អាកដែរ»។ 
 

ប្រាសាទនគរបាជ័យ រូបភាពពីទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកំពង់ចាម
សម្រាប់អាជីវកម្មពេលរាត្រីវិញ លោកស៊ាន សុគុន លើកឡើងថា ម្ចាស់អាជីវកម្មភាគច្រើនគឺ បានផ្អាកដោយខ្លួនឯងរួចមកហើយបន្ទាប់ពីមានព្រឹត្តិការណ៍២០កុម្ភៈ ដោយសារ ក្នុងខេត្តកំពង់ចាម ស្ទើរតែគ្មានទេសចរដើរកម្សាន្តតែម្ដង។ 
 
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម សកម្មភាពអាជីវកម្មពេលរាត្រី រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ម៉ាត ទីសាធារណៈដែលមានសភាពអ៊ូអរ និងមានការជួបជុំមនុស្សច្រើនជាដើម។
 
ស្ថានភាពទេសចរណ៍ក្នុងខេត្តកំពង់ចាម មានសភាពស្ងាត់ជ្រងំ ដែលបណ្ដាលឱ្យភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បានផ្អាកដំណើរការជាច្រើនកន្លែង ព្រោះមិនអាចទប់ទល់ការចំណាយលើបុគ្គលិក និងតម្រូវការផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម។
 
ក្រៅពីផ្អាកការកម្សាន្តនានាក្នុងខេត្ត រដ្ឋបាលខេត្តកំពង់ចាម ក៏តម្រូវឱ្យអ្នកចំណូលខេត្ត មកពីតំបន់ផ្ទុះជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កចំនួន១៤ ថ្ងៃជាកំហិត។ ក្នុងសេចក្ដីណែនាំដដែល ក៏បានណែនាំឱ្យគ្រប់ទីវត្តអារាមទាំងអស់ត្រូវអនុវត្តវិធានសុវត្ថិភាពជាចាំបាច់ ជាពិសេសមិនអនុញ្ញាតឱ្យ ពុទ្ធបរិស័ទដែលមិនពាក់ម៉ាស់ ចូលទៅទីវត្តអារាម ជាដាច់ខាត។ គ្រប់វត្តអារាមទាំងអស់ ក៏ត្រូវផ្អាកពិធីស្រង់ព្រះ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគមុនពេល និង​ក្រោយពេលជួបជុំពុទ្ធបរិស័ទ។

សូមជម្រាបផងដែរថាគិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨២៤នាក់ ក្នុងនោះ២,២៩៣នាក់ស្ថិតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១,៧៩៤បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់២២នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩៕ 
 
 
 

Tag:
 កំពង់ចាម
  កូវីដ-១៩
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com