ជាតិ
សត្វស្លាបនៅទួលព័ន្ធតាឡីបន្តងាប់រាល់ថ្ងៃ ដោយឡើងដល់ជិត១៨០០ក្បាល
06, Apr 2021 , 7:59 pm        
រូបភាព
 រូបភាពផ្ដល់ដោយលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី
រូបភាពផ្ដល់ដោយលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី
សត្វស្លាប ក្នុងតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី ខេត្តព្រៃវែង នៅតែបន្តងាប់រៀងរាល់ថ្ងៃ ដោយសារជំងឺផ្ដាសាយបក្សីបង្កពីវិរុស A/H1N5។  ចាប់ពីថ្ងៃទី១៧ មីនា ដល់ថ្ងៃទី៥ មេសា ឆ្នាំ២០២១ សត្វស្លាប ចំនួន ១ ៧៩០ក្បាលហើយបានងាប់ ក្នុងនោះភាគច្រើនជាសត្វចង្កៀលខ្យង ខណៈសត្វខ្វែកចំនួនតិចតួចប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមដែលរកគ្រោះ។  យ៉ាងណាក៏ដោយ អ្នកជំនាញមិនទាន់ដឹង ឬបញ្ជាក់ពីប្រភពចម្លងជំងឺនេះនៅឡើយទេ ខណៈអាជ្ញាធរ បានផ្អាកការចេញចូលតំបន់ផ្ទុះជំងឺនេះ ក្នុងរង្វង់ ៣គីឡូម៉ែត្រ និងត្រូវការពេលប្រមាណ១ខែ ដើម្បីស្រាវជ្រាវ។



សត្វស្លាប ក្នុងតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី ខេត្តព្រៃវែង បានងាប់ជាង១ពាន់ក្បាល ក្នុងរយៈពេលដ៏ខ្លី ដោយសារជំងឺផ្ដាសាយបក្សី (A/H1N5) ពីបរិស្ថាន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលស្គាល់ថា សត្វស្លាបទាំងនោះ បានងាប់ដោយសារជំងឺផ្ដាសាយបក្សី ប៉ុន្តែក្រុមអ្នកពិសោធនៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ មិនទាន់បញ្ជាក់នៅឡើយទេ ថាជំងឺនេះមានប្រភពមកពីណា។


រូបភាពផ្ដល់ដោយលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី 

លោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី បានប្រាប់សារព័ត៌មានថ្មីៗ២៥ ពីតួលេខសត្វស្លាបងាប់ដូច្នេះថា៖ គិតចាប់ពីថ្ងៃទី១៧ មីនាមក សត្វស្លាបងាប់អស់ ១៧៩០ក្បាល ដោយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ មេសា សត្វងាប់អស់៤៣៨ក្បាល។ លោក បញ្ជាក់ដូច្នេះថា៖«សត្វស្លាបនៅតែងាប់រាល់ថ្ងៃ តែថយចុះ។ កន្លងមកងាប់ជាង១០០ក្បាលក្នុងមួយថ្ងៃ តែចុងក្រោយនេះថយចុះ ងាប់តែជាង ៣០-៤០ក្បាលប៉ុណ្ណោះ»។ 
 
ជុំវិញការបញ្ហានេះ លោក ទេព ភារុន អភិបាលស្រុកបាភ្នំ បានលើកឡើងដូច្នេះថា៖«ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ ទើបសត្វងាប់ថយចុះ។ ដោយសារតែមេឃក្ដៅខ្លាំង បានវាងាប់ច្រើន តែឥឡូវដូចម្សិលមិញហ្នឹងងាប់តែ៣៥ក្បាល ហើយថ្ងៃនេះងាប់៤៥ក្បាលទេ»។ លោក បន្ថែមថា ឥឡូវក្រៅពីមានភ្លៀងធ្លាក់ លោក ក៏បានឲ្យសហគមន៍បង្ហូរទឹកចូលតំបន់នោះ ដើម្បីកាត់បន្ថយភាពក្តៅ និងជាផ្នែកមួយកាត់បន្ថយចំនួនសត្វងាប់ផងដែរ។ 
 
តាមការសង្កេតរបស់លោក អភិបាលស្រុក សត្វស្លាបងាប់ភាគច្រើនគឺជាសត្វចង្កៀលខ្យង ចំណែកឯសត្វខ្វែក ប្រទះឃើញងាប់តិចតួចប៉ុណ្ណោះ។ លោក បន្តថា មានតែសត្វ២ប្រភេទនេះទេ ដែលងាប់ ព្រោះបច្ចុប្បន្នដទៃផ្សេងទៀត ដូចជាកុក ក្អែក សត្វត្រយ៉ង បានហើរចេញពីទីនោះអស់ហើយ។ 
 


រូបភាពផ្ដល់ដោយលោក នួន សារ៉េត អនុប្រធានតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី 

អភិបាលស្រុករូបនេះ បញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ន ជំងឺផ្ដាសាយបក្សីនេះ កើតឡើង តែក្នុងតំបន់ការពារធម្មជាតិទួលព័ន្ធតាឡី បឹងស្នេហ៍នេះ តែប៉ុណ្ណោះ គ្មានការចម្លងទៅដល់សត្វចិញ្ចឹមដទៃទៀតរបស់ពលរដ្ឋ និងមនុស្សរស់នៅជុំវិញទីនោះឡើយ។ លោកបន្ថែមថា ចាប់តាំងពីថ្ងៃទី១៧ មីនា មកតំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ ត្រូវបានផ្អាកដំណើរការដោយហាមឃាត់ការឆ្លងកាត់ ចម្ងាយ៣គីឡូម៉ែត្រ ពីទីតាំងកើតជំងឺ។ 
 
ដើម្បីជៀសវាងការចម្លងមេរោគពីសត្វ ទៅមនុស្ស ពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ ហាមបរិភោគ និងប៉ះពាល់សត្វស្លាបដែលងាប់ ហើយបើសិនជាឃើញមានសត្វស្លាបឈឺ ឬងាប់នៅកន្លែងណាមួយ ត្រូវរាយការណ៍ទៅអ្នកជំនាញ ដើម្បីសម្លាប់ ឬកប់ចោល និងបាញ់ថ្នាំសម្លាប់មេរោគ។ នេះបើតាមការអំពាវនាវរបស់ អភិបាលស្រុកបាភ្នំ៕
 

Tag:
 ទួលព័ន្ធតាឡី
 ព្រៃវែង
 សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com