NGOជាង១០០ស្ថាប័ន ទាមទារឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ផ្អាកការសងត្រឡប់ និងការប្រាក់ពីពលរដ្ឋយ៉ាងតិច៣ខែ
ជាតិ
សេដ្ឋកិច្ច
NGOជាង១០០ស្ថាប័ន ទាមទារឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ផ្អាកការសងត្រឡប់ និងការប្រាក់ពីពលរដ្ឋយ៉ាងតិច៣ខែ
06, Apr 2021 , 5:32 pm        
រូបភាព
រូបថត៖ លីកាដូ
រូបថត៖ លីកាដូ
សហគមន៍ អង្គការ សហជីព រួមទាំងក្រុមសង្គមស៊ីវិលផ្សេងៗទៀត ចំនួន១០៣ស្ថាប័ន   បានស្នើឱ្យរដ្ឋាភិបាលដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់នៅកម្ពុជា ឱ្យផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ពីកូនបំណុល យ៉ាងតិចណាស់៣ខែ។ សមាគមមីក្រូហិរញ្ញវត្ថុថា ការធ្វើបែបនេះ មិនមែនជាវិធីដោះស្រាយបញ្ហាទេ  តែផ្ទុយទៅវិញ គឺជាការបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យហរិញ្ញវត្ថុ។


យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលខាងលើ នាថ្ងៃទី៦មេសា ឆ្នាំ២០២០  ការស្នើឱ្យរដ្ឋាភិបាលជួយអន្តាគមន៍ពន្យារពេលទូទាត់ប្រាក់សង់ទៅឱ្យគ្រឹះស្ថានហិរញ្ញវត្ថុវិញនេះ គឺដើម្បីផ្តល់ឱ្យអ្នកខ្ចីប្រាក់ ឬអ្នកជាប់បំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុនានា មានឱកាសស្នាក់នៅ និងរក្សាសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩(COVID-19)។ បើតាមសេចក្តីថ្លែងការណ៍ដដែល ពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងការគំរាមកំហែងផ្នែកសុខភាពសាធារណៈ ពីការរាតត្បាតនៃជំងឺកូវីដ-១៩ហើយនោះ មិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬ ផ្ទះសម្បែងទៀតទេ ដោយសារគ្មានលទ្ធភាពសង់ប្រាក់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនានាវិញ។  
 
«យើងខ្ញុំ សូមស្នើសុំជាថ្មីម្តងទៀត នូវសំណើរដែលបានស្នើសុំដំបូងកាលពីជិតមួយឆ្នាំមុន សូមឱ្យផ្អាកការបង់សងកម្ចីទាំងអស់ រួមទាំងប្រាក់ដើម និងការប្រាក់ ក៏ដូចជា ការប្រាក់បង្គរ [ការប្រាក់ដែលកត់ត្រាទុក និងត្រូវទូទាត់នៅពេលក្រោយ]  សម្រាប់រយៈពេលយ៉ាងតិច៣ខែ»។ នេះជាការលើកឡើងនៅក្នុងសេចក្តីថ្លែងការរួមរបស់អង្គការសង្គមស៊ីវិល។
ពាក់ព័ន្ធនឹងការស្នើសុំឱ្យផ្អាកបង់ប្រាក់កម្ចី និងការប្រាក់ឱ្យគ្រឹះស្ថានហិរញ្ញវត្ថុវិញនេះ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការធ្វើបែបនេះ មិនមែនជាវិធីអាចដោះស្រោយបញ្ហាបានទេ  តែផ្ទុយទៅវិញ គឺជាការបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យហរិញ្ញវត្ថុដែលមានតួនាទីសំខាន់ណាស់នៅក្នុងវិស័យសេដ្ឋកិច្ចជាតិ។ 
 
«ប្រសិនបើយើងធ្វើអ្វីមួយដោយគ្មានការប្រុងប្រយ័ត្ន ឱ្យវិស័យហរិញ្ញវត្ថុជួបបញ្ហា នោះវានឹងមានហានិភ័យខ្ពស់ណាស់ក្នុងការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសទាំងមូល»។ លោក កាំង តុងងី និយាយដូច្នេះ ដោយ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនរហូតដល់២លាននាក់ ហើយការដាក់ចេញនូវដំណោះស្រាយតែមួយដូចគ្នា សម្រាប់មនុស្ស២លាននាក់គឺមិនបានទេ ព្រោះគ្មានប្រសិទ្ធភាព។
 
កន្លងមកធនាគារជាតិនៃកម្ពុជា បានដាក់នូវវិធានការរហូតដល់៩ចំណុច ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗមានលទ្ធភាពជ្រើសរើសយកដំណោះស្រោយណាមួយឬលើសពីមួយ ដើម្បីរៀបចំជាដំណោះស្រោយមួយដែលត្រូវតាមលក្ខខណ្ឌនីមួយៗរបស់អតិថិជន ពីព្រោះទំហំនៃផលប៉ះពាល់របស់អតិថិជន គឺមានស្ថានភាពខុសៗគ្នាទាំងអស់។ បើតាមលោក តុងងី ការរៀបចំឥណទានឡើងវិញនេះ គឺជាផ្នែកមួយនៃការសម្រួលទុកលំបាកពលរដ្ឋហើយ។
 
«យើងឃើញថាផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើអតិថិជនយើង គឺមានវិសាលភាពធំធេងណាស់។ អ៊ីចឹងហើយ! បានកន្លងមកតាមរយៈយុទ្ធនាការរៀបចំឥណទានឡើងវិញ សមាជិកយើងទាំង១១៤របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់៣០ម៉ឺននាក់ ក្នុងទំហំឥណទាន ១,៤០០លានដុល្លារ»។ នេះជាការបញ្ជាក់របស់លោក តុងងី ដោយអះអាងថា ក្រៅពីការរៀបចំឥណទានឡើងវិញនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានចូលរួមក្នុងយុទ្ធនា និងការគាំទ្រដល់អតិថិជនរងប៉ះពាល់ដោយសារឥទ្ធិពលជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថាន និងស្ថាប័ននីមួយៗផងដែរ។
 
តែយ៉ាងណាការរៀបចំឥណទានឡើងវិញនេះ មិនទាន់ពេញលេញសម្រាប់កម្ចីឥណទានខ្នាតតូច ប្រមាណ១០ភាគរយ ដែលត្រូវបានរាយការណ៍ដោយវិស័យមីក្រូហិរញ្ញវត្ថុ គឺមិនគ្រប់គ្រាន់ ដើម្បីដោះស្រាយជាមួយទំហំនៃវិបត្តិនេះទេ។ នេះជាការលើកឡើងរបស់អង្គការសង្គមស៊ីវិល១០៣ស្ថាប័ន ដែលបានបន្ថែមថា ការអនុវត្តវិធានការនានា ក្នុងការជួយសម្រាលបន្ទុលបំណុលបែបទូលំទូលាយ គឺត្រូវការជាចាំបាច់ ខណៈកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩ ជាសហគមន៍ក្នុងទ្រងទ្រាយធំ ដែលមានអ្នកស្លាប់ជាបន្តបន្ទាប់នោះ។
 
ការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ កំពុងរងគ្រោះជាខ្លាំង។ វិស័យទាំងអស់នេះ បានការងារឱ្យស្រ្តីរាប់សែននាក់ ខណៈអត្រានៃអ្នកខ្ចីកម្ចីខ្នាតតូច គឺមានស្ត្រីចំនួន៧៥ភាគរយ។ លើសពីនេះ កម្មករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ អ្នកលក់ដូរតាមដងផ្លូវ គឺសុទ្ធសឹងប្រឈមនឹងការធ្លាក់ចុះខ្លាំងនៃប្រាក់ចំណូល។
 
ឥទ្ធិពលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ វិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជនដទៃទៀតដែរ កំពុងប្រឈមនឹងការធ្លាក់ចុះចំណូល ហើយតម្រូវការថ្លៃនៃការប្រតិបត្តិការនានា មានការកើនឡើងខ្ពស់ ខុសពីធម្មតា។ នេះជាការលើកឡើងរបស់ប្រធាននាយកដ្ឋានទំនាក់ទំនងនិងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយបញ្ជាក់ថា ក្នុងពេលដ៏លំបាកនៃវិបត្តិការកូវីដ-១៩នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាធនាគារនានា ក៏មានកាតព្វកិច្ច និងទំនួលខុសត្រូវ ក្នុងការទូទាត់ការប្រាក់ឬប្រាក់ដើមវិញឱ្យអតិថិជនដែលបានដាក់បញ្ញើក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានា ផងដែរ៕
 
 

Tag:
 COVID-19
  គ្រឹះស្ថានហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com