COVID-19
ជាតិ
ក្រសួងសុខាភិបាល ត្រៀមបណ្តុះបណ្តាលគ្រូពេទ្យបម្រុង ទុកព្យាបាលអ្នកជំងឺកូវីដតាមផ្ទះ
06, Apr 2021 , 8:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្នីសិទកាសែត កាលពីខែមេសា ឆ្នាំ២០២០។ រូបដោយ៖ សហការី
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងក្នុងសន្នីសិទកាសែត កាលពីខែមេសា ឆ្នាំ២០២០។ រូបដោយ៖ សហការី
ស្តាប់តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសរសេរលិខិតជូនទៅគ្រប់អភិបាលរាជធានី-ខេត្ត ដើម្បីណែនាំឲ្យរៀបចំក្រុមគ្រូពេទ្យបម្រុងដោយឡែក នៅតាមរាជធានី-ខេត្តរៀងៗខ្លួន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះ បើនាពេលខាងមុខ រដ្ឋាភិបាលកម្ពុជា តម្រូវឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពមិនធ្ងន់ធ្ងរ សម្រាកព្យាបាលតាមផ្ទះ។ 


លិខិតរបស់លោក ម៉ម ប៊ុនហេង ចេញនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងករណីកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើន ដែលហួសពីចំណុះនៃមន្ទីរពេទ្យរដ្ឋ និងកន្លែងព្យាបាល ការរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានស្ថានភាពស្រាល សម្រាកព្យាបាលនៅតាមផ្ទះ អាចនឹងកើតមានឡើង។ 
 
រដ្ឋមន្រ្តីសុខាភិបាល ណែនាំទៅអភិបាលរាជធានី-ខេត្ត ថា៖«ការត្រៀមបម្រុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ ក្រសួង [សុខភិបាល] នឹងបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងនោះ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOS) ដែលក្រសួង នឹងរៀបចំជូន»។ 
 
តាមរយៈសារជាសំឡេង ដែលផ្ញើទៅកាន់មន្រ្តីពាក់ព័ន្ធ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្កត់ធ្ងន់ថា ចំណុចសំខាន់ពីរយ៉ាង ដែលត្រូវពិចារណាទុកឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមផ្ទះ គឺទីមួយ ស្ថានភាពជំងឺ មានលក្ខណៈស្រាល ហើយទីពីរ ផ្ទះរបស់អ្នកជំងឺ មានលក្ខណៈសមរម្យ ដែលអាចសម្រាកព្យាបាលបាន។ សម្តេច បន្តថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលមានសភាពធ្ងន់ធ្ងរ ឬផ្ទះមិនសូវសមរម្យ ដូចជា មានទំហំតូច ជាដើម គឺត្រូវទុកអ្នកជំងឺនោះ ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ 
 
ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«ខ្ញុំ គិតថា យ៉ាងហោចណាស់ យើង មាន៥០ភាគរយ នៃអ្នកជំងឺ [កូវីដ-១៩] ដែលមានលទ្ធភាពព្យាបាលនៅតាមផ្ទះ ហើយក៏ចង់ព្យាបាលនៅតាមផ្ទះដែរ»។  
 
យ៉ាងណាក៏ដោយ រដ្ឋាភិបាល គ្រាន់តែត្រៀមលក្ខណៈទុកមុនប៉ុណ្ណោះ ដោយកម្ពុជា មិនទាន់ឈានទៅដល់ការរៀបចំឲ្យអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅតាមផ្ទះ ដូចបណ្តាប្រទសមួយចំនួននោះទេ៕ 
 

Tag:
 COVID-19
  ព្យាបាលតាមផ្ទះ
  ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com