អន្តរជាតិ
ក្រុមហ៊ុនអ៊ីស្រាអែលបង្កើតរ៉ូបូតដ្រូនជាមួយនឹងបច្ចេកវិទ្យា AI ដែលអាចបេះផ្លែឈើជំនួសមនុស្ស
07, Apr 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល Tevel Aerobotics Technologies បានបង្កើតរ៉ូបូតហោះស្វ័យប្រវត្តិ (FAR) ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបេះផ្លែឈើជំនួសមនុស្ស។ វាអាចធ្វើការ២៤ម៉ោងក្នុង១ថ្ងៃ ហើយកំណត់នូវផ្លែឈើដែលត្រូវបេះថែមទៀតផង។

 
ការបង្កើតបច្ចេកវិទ្យាថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងកង្វះខាតកម្លាំងពលកម្ម។ «យើងពិតជាមិនមានដៃគ្រប់គ្រាន់ រួមជាមួយនឹងពេលវេលាច្បាស់លាស់ដើម្បីបេះផ្លែឈើនោះឡើយ។ ផ្លែឈើជាច្រើនទុំ និងខូចនៅលើដើម ដែលធ្វើឲ្យកសិករខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ»។ ក្រុមហ៊ុន Tevel Aerobotics Technologies បានអះអាងយ៉ាងដូច្នេះ។


 
រ៉ូបូតប្រភេទដ្រូន FAR ប្រើប្រាស់បច្ចេកវិទ្យា AI ដែលអាចស្វែងរកទីតាំងផ្លែឈើ របៀបបេះដែលមិនប៉ះពាល់ ភាពចាស់ និងទំហំផ្លែឈើដែលត្រូវបេះ។ Tevel ប្រតិបត្តិការគម្រោងនេះជាមួយក្រុមហ៊ុនជប៉ុន Kubota ដែលបានចូលរួមវិនិយោគទឹកប្រាក់២០លានដុល្លារនៅក្នុងគម្រោង។ 
 
លោក Jonh White អគ្គនាយកក្រុមហ៊ុន Marom Orchards ដែលប្រើប្រាស់រ៉ូបូត FAR បានអះអាងថា បច្ចេកវិទ្យានេះ ជួយសម្រួលយ៉ាងច្រើនដល់ការងារបេះផ្លែឈើ ជាពិសេសកាលៈទេសៈបច្ចុប្បន្ន ដែលពិបាករកកម្លាំងពលកម្មជំនាញ។ 
 
Tevel បានអះអាងថា FAR នឹងជួយជំនួសកម្លាំងមនុស្សប្រមាណ៥លាននាក់ដោយគិតត្រឹមឆ្នាំ២០៥០ ហើយវានឹងអាចរួមចំណែកកាត់បន្ថយផ្លែឈើដែលទុំចោលនៅលើដើមយ៉ាងហោចណាស់១០ភាគរយនាពេលអនាគត៕




 

Tag:
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com