ជាតិ
បណ្តុំអាជីវកម្មបង្គាក្រៀម និងសាច់ក្តាមនៅព្រៃនប់ផ្គត់ផ្គង់ទីផ្សារ៦តោនក្នុងមួយខែ
07, Apr 2021 , 8:59 am        
រូបភាព
រូបភាពទាំងអស់ពីទំព័រហ្វេសប៊ុកមន្ទីរកសិកម្មខេត្តព្រះសីហនុ
រូបភាពទាំងអស់ពីទំព័រហ្វេសប៊ុកមន្ទីរកសិកម្មខេត្តព្រះសីហនុ
ដោយ:
បណ្ដុំអាជីវកម្មបង្គាក្រៀម និងសាច់ក្ដាម ដែលមានទីតាំងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ  អាចផ្គត់ផ្គង់បង្គាក្រៀម និងសាច់ក្ដាម លើទីផ្សារចំនួន ៦តោន ក្នុងមួយខែ។ ក្នុងនោះ បរិមាណបង្គាក្រៀម មានចំនួន៣តោន និងសាច់ក្ដាមអាចផ្គត់ផ្គង់ប្រមាណ ៣តោន។ បណ្ដុំអាជីវកម្ម មានកសិករជាសមាជិកចំនួន ៩២គ្រួសារ។

 
លោក ហ៊ុល សុខុន ទីប្រឹក្សារបស់បណ្ដុំអាជីវកម្ម បង្គាក្រៀម និងសាច់ក្ដាម បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា បណ្ដុំអាជីវកម្មបង្គាក្រៀម និងសាច់ក្ដាម មានសមាជិកសរុប ចំនួន៩២គ្រួសារ។ បណ្តុះអាជីវកម្មនេះ អាចផ្គត់ផ្គង់បង្គាក្រៀម និងសាច់ក្ដាម ចំនួន ៦តោន ក្នុងមួយខែ ទៅកាន់ទីផ្សារក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តដទៃទៀត។
 
លោក ហ៊ុល សុខុស ឱ្យដឹងថា ក្នុងមួយថ្ងៃ បណ្ដុំអាជីវកម្មនេះ អាចផលិតបង្គា និងសាច់ក្ដាម ក្នុងបរិមាណ ១២០គីឡូក្រាម។ រាជធានីភ្នំពេញ ជាទីផ្សារធំរបស់បណ្ដុំ ដែលបានចែកចាយទៅតាមផ្សារនានា។


 
«សម្រាប់បង្គាយើងផ្គត់ផ្គង់ក្នុងខេត្ត រាជធានីភ្នំពេញ និងខេត្តនានា។ ចំណែកក្ដាមវិញ យើងផ្គត់ផ្គង់នៅផ្សារវាលរេញ ខេត្តកោះកុង និងភ្នំពេញ។ ក្នុងមួយថ្ងៃបណ្ដុំមានលទ្ធភាពផ្គត់ផ្គង់បង្គាក្រៀម ប្រមាណ ៦០គីឡូក្រាម និងសាច់ក្ដាម ប្រមាណ ៦០គីឡូក្រាម»។ នេះជាការលើកឡើងរបស់លោក ហ៊ុល សុខុន។
 
តាមទីប្រឹក្សាបណ្ដុំរូបនេះ បង្គាក្រៀមលេខ១ មានតម្លៃ ៨ម៉ឺនរៀល ក្នុងមួយគីឡូក្រាម, លេខ២ តម្លៃ ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងលេខ៣ តម្លៃ ៣៥ ០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកសាច់ក្ដាមលេខ១ មានតម្លៃ ៦ម៉ឺនរៀល ក្នុងមួយគីឡូក្រាម,លេខ២ តម្លៃ ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម និងលេខ៣ តម្លៃ ២៥ ០០០រៀល ក្នុងមួយគីឡូក្រាម។
 
ដោយមានចង្អុលបង្ហាញ ពីមន្ទីរកសិកម្មខេត្តព្រះសីហនុ រួមជាមួយកម្មវិធីអាស្ប៉ាយ ពលរដ្ឋដែលប្រកបរបរនេះ បានផលិតបង្គាក្រៀម ដោយមានអនាម័យខ្ពស់ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីរក្សាសុខភាព និងសុវត្ថិភាពដល់អ្នកបរិភោគ។
 
បើតាមលោក ហ៊ុល សុខុន បង្គាក្រៀម និងសាច់ក្ដាម មានស្ថិរភាពថ្លៃទាំងនៅរដូវប្រាំង និងរដូវវស្សា។ ទោះយ៉ាងណា នៅខែប្រាំង ពលរដ្ឋងាយប្រកបរបរនេះជាងខែវស្សា ដោយសារមានពន្លឺថ្ងៃគ្រប់គ្រាន់ សម្រាប់សម្ងួតបង្គា៕
 
 

Tag:
 បង្គាក្រៀម
  ក្តាម
  បណ្តុំអាជីវកម្ម
  ហ៊ុល សុខុន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com