ពីនេះ ពីនោះ
កូវីដ៖«អាឡូ! បានចាក់វ៉ាក់សាំងហើយឬនៅ?»
07, Apr 2021 , 10:16 am        
រូបភាព
ដោយ: ថ្មីៗ
សំណាង និងសុធីរ សម្តែងការខកចិត្តបន្តិច ព្រោះ ក្លើទាំងពីរមិនបានទៅលេងស្រុកកំណើតនៅរដូវចូលឆ្នាំខ្មែរ ឆ្នាំ២០២១នេះ ដោយសារតែការហាមឃាត់របស់រដ្ឋាភិបាលមិនឲ្យធ្វើដំណើរឆ្លងខេត្ត។ ទោះជាយ៉ាងណា សំឡាញ់ទាំងពីរគាំទ្របម្រាមនេះ ព្រោះ វាអាចចូលរួមកាត់បន្ថយការរីករាតត្បាតនៃមេរោគកូវីដមួយកម្រិតទៀត ជាពិសេស នៅរដូវចូលឆ្នាំខ្មែរនេះតែម្តង។ នៅថ្ងៃនេះ ទោះជាមិនបានជួបមុខគ្នាផ្ទាល់ក៏ដោយ ក៏មិត្តទាំងពីរនៅបន្តជជែកគ្នាតាមបណ្តាញសង្គមដោយលើកយកប្រធានបទ«ចាក់វ៉ាក់សាំង»មកជជែកលេង។


 
សំណាង៖ អា សុធីរ! អញលឺគេជជែកគ្នា និងសួរសុខទុក្ខគ្នាច្រើនតាមទូរសព្ទក្តី តាមឆាតក្តី ជួបមុខគ្នាដោយផ្ទាល់ក្តីជុំវិញថា តើម្នាក់ៗបានចាក់វ៉ាក់សាំងហើយឬនៅ? បើមិនទាន់បានចាក់ គួរធ្វើយ៉ាងដូចម្តេច? 
 
សុធីរ៖ អើ! អញសង្កេតឃើញអ៊ីចឹងដែរ។ និន្នាការនេះ គឺល្អហើយ ប្រសិនបើម្នាក់ៗមានស្មារតីចាក់វ៉ាក់សាំងនោះ ព្រោះ ថា មានតែការចាក់វ៉ាក់សាំងទេដែលអាចជួយកាត់បន្ថយការចម្លង និងជួយធ្វើឲ្យសេដ្ឋកិច្ចងើបឡើងវិញបាន។ អញគិតថា ចំណុចនេះ គឺល្អហើយ។ 
 
សំណាង៖ តែកាលពីប៉ុន្មានសប្តាហ៍មុន ឬជាង១ខែមុន គេច្រើននិយាយថា គេមិនចាក់ទេ។ ម្តាយឪពុកគេ អ្នកជិតខាងគេ បងប្អូនគេ មិនឲ្យចាក់ទេ ចុះអាហ្នឹងម៉េចវិញ?  

សុធីរ៖ អើ! ឥឡូវ គេប្តូរចិត្តវិញហើយ ព្រោះ គេយល់ជាងមុន គេខ្លាចជាងមុន គេដឹងជាងមុន គេទទួលបានព័ត៌មានច្រើនជាងមុន។ល។ អ្ហែងកុំទៅសួរផ្ចាញ់ផ្ចាលគេអីណ៎ា! ការគិត វាតែងតែផ្លាស់ប្តូរទៅតាមពេលវេលាអ៊ីចឹងហើយ។ វាជារឿងធម្មតារបស់មនុស្សទេ។ 
 
សំណាង៖ អ៊ីចឹងមានន័យថា គេលែងខ្វល់ថា ចាក់វ៉ាក់សាំងអ្វីទៀតហើយ មិនថា ចិន អង់គ្លេស ឬវ៉ាក់សាំងផ្សេងទៀតទេឬ?  
 
សុធីរ៖ កុំបន្ទោសទៀតអី។ ដូចអញប្រាប់អ្ហែងខាងលើអ៊ីចឹង។ ពីមុនគេគិតផ្សេង ឥឡូវគេគិតផ្សឹង។ បើតាមយោបល់អញ គ្រប់វ៉ាក់សាំងទាំងអស់ គឺល្អទាំងអស់។ ខុសគ្នាត្រង់ប្រសិទ្ធភាពដែលខុសបន្តិចបន្តួចប៉ុណ្ណោះ។ មានវ៉ាក់សាំងចាក់ ប្រសើរជាងអត់វ៉ាក់សាំងចាក់។ 
 
សំណាង៖ អញសួរអ្ហែងដូចឆោត ចុះបើអត់ចាក់បានអត់?  
 
សុធីរ៖ អញមិនច្បាស់ទេណ៎ារឿងនេះ។ បើសម្រាប់អ្នកមានជំងឺប្រចាំកាយ ប្រហែលជាអាចមិនចាក់ក៏មិនអីដែរ។ តែបើសម្រាប់មនុស្សទូទៅដែលត្រូវទទួលការចាក់វ៉ាក់សាំង ហើយបដិសេធ អាហ្នឹង ប្រហែលជាពិបាក ព្រោះ អ្នកដែលគេចាក់ហើយ គេខ្លាចអ្នកមិនទាន់ចាក់ គេពិបាកធ្វើការជាមួយអ្នកមិនទាន់ចាក់។ ម្យ៉ាងទៀត អ្នកមិនចាក់វ៉ាក់សាំង អាចក្លាយជាភ្នាក់ងារចម្លងកូវីដកាន់តែខ្លាំង។ អ្នកមិនចាក់ មិនមែនធ្វើបាបតែខ្លួនឯងទេ តែធ្វើបាបអ្នកដទៃទៀតណ៎ា! 

សំណាង៖ តែគេធ្លាប់និយាយថា ការចាក់វ៉ាក់សាំងជាគោលការណ៍ស្ម័គ្រចិត្ត ឬជាជម្រើសបុគ្គល? 
 
សុធីរ៖ ជារួម វាអ៊ីចឹងមែនហើយ។ តែអ្ហែងត្រូវយល់ថា រឿងនេះ វាជារឿងសុខភាពជាតិរួមគ្នា សុខភាពសេដ្ឋកិច្ចរួម។ ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា រឿងនេះ គឺជារឿងសុខភាពសាធារណៈ។ បើតាមយោបល់អញ អ្នកមិនទាន់បានទៅចាក់ ឬធ្លាប់បាននិយាយថា មិនចាក់ គួរសម្រេចចិត្តទៅចាក់វិញទៅ ចៀសវាងការស្តាយក្រោយ។ កុំខ្មាសអី ទៅចាក់ទៅ! 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com