ជាតិ
សង្គមស៊ីវិលនិងមេសហជីព៖ រដ្ឋគួរពន្យល់ដល់កម្មករបន្ថែម ជាងការព្រមានដាក់ពិន័យលើអ្នកមិនចាក់វ៉ាក់សាំងកូវីដ-១៩
07, Apr 2021 , 12:13 pm        
រូបភាព
កម្មករនៅខេត្តកំពង់ស្ពឺ (រូបពីទំព័រហ្វេសប៊ុក CUMW)
កម្មករនៅខេត្តកំពង់ស្ពឺ (រូបពីទំព័រហ្វេសប៊ុក CUMW)
ភ្នំពេញ៖ សង្គមស៊ីវិលនិងមេសហជីពគាំទ្រលើយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ពិសេសដល់កម្មករ ហើយរដ្ឋគួរផ្សព្វផ្សាយនិងពន្យល់បន្ថែមដល់ពួកគេ ឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជាជាងប្រើយន្តការចាប់បង្ខំ។ ការលើកឡើងបែបនេះ ធ្វើឡើងក្រោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានចេញសារព្រមានដល់បណ្ដារោងចក្រនិងកម្មករណា ដែលមិនចាក់វ៉ាក់សាំងកូវីដ-១៩។


 
«ចាប់ពីខែសីហាតទៅ គឺរោចក្រដែលបរាជ័យក្នុងការចុះឈ្មោះកម្មករឲ្យមកចាក់វ៉ាក់សាំងតិចជាង៧០ភាគរយ នឹងត្រូវរងពិន័យពីអធិការក្រសួង។ កម្មករដែលគ្មានការចាក់វ៉ាក់សាំង គឺរោងចក្រអាចបញ្ឈប់គាត់បាន។ ពេទ្យការងារនឹងមិនពិនិត្យ ឬចេញវិញ្ញាប័នបត្រឲ្យចូលធ្វើការ ប្រសិនជាគ្មានកាតចាក់វ៉ាក់សាំង» នេះបើតាមសារព្រមានរបស់លោក ហេង សួរ ដែលត្រូវបានចែកចាយក្នុងប្រព័ន្ធតេឡេក្រាម។ 
 
ជុំវិញសារព្រមានលោក ហេង សួងនេះ លោក មឿន តុលា ជានាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ យល់ថា យន្តការនៃការចាក់វ៉ាក់សាំងនេះ គឺជាគោលការណ៍ស្ម័គ្រចិត្ត មិនគួរឈានដល់ការដាក់ទោសទណ្ឌឡើយ។ បើតាមលោក តុលា ការធ្វើបែបនេះ គឺអាចប៉ះពាល់ដល់សិទ្ធកម្មករ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ លោក មឿង តុលា បាននិយាយយ៉ាងដូច្នេះថា៖ «ការចាក់វ៉ាក់សាំងនេះ វាជាគោលការណ៍ស្ម័គ្រចិត្ត គឺសិទ្ធិលើសុខភាពរបស់បុគ្គលម្នាក់ៗ មិនមែនមានន័យថា បុគ្គលណាមួយមានសិទ្ធិសម្រេចលើសិទ្ធិហ្នឹងទេ សិទ្ធិរបស់មនុស្សម្នាក់ៗ។ ខ្ញុំគិតថា រដ្ឋគួរពិចារណា ពន្យល់ពលរដ្ឋឲ្យយល់ ឲ្យជឿជាក់លើប្រសិទ្ធភាពរបស់វ៉ាក់សាំង ជាជាងប្រើយន្តការចាប់បង្ខំ ព្រោះខ្ញុំជឿមនុស្សម្នាក់ៗ តែបារម្ភសុខភាពរបស់ខ្លួននិងគ្រួសារហើយ ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវពន្យល់យ៉ាងណាឲ្យពលរដ្ឋងាយយល់ថា ការទទួលវ៉ាក់សាំងមិនមានបញ្ហាអ្វីដល់ពួកគាត់...»។
 
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាក៏យល់ឃើញដូចលោក មឿន តុលា ដែរ ដោយអះអាងថា ដំណាក់កាលនេះ រដ្ឋគួរផ្សព្វផ្សាយនិងពន្យល់បន្ថែមដល់កម្មករ លើការទទួលបានវ៉ាក់សាំងកូវីដ-១៩។ 
 
«មកដល់ម៉ោងនេះ មិនមែនជាពេលដែលត្រូវ ដាក់បំរាមឬព្រមានដល់កម្មករទេ។ ឱកាសនេះ គឺត្រូវពន្យល់ឲ្យពួកគាត់យល់និងបញ្ឈប់ជឿព័ត៌មានមិនពិត ហើ់យចេះបែងចែកព័ត៌មានពិតឬមិនពិតជារឿងចាំបាច់បំផុត។ អ្វីដែលសំខាន់ កាលដែលក្រសួងធ្វើដូច្នេះ(ព្រមានកម្មករ) គឺក្នុងគោលបំណងធ្វើយ៉ាងណាឲ្យស្ថានភាពកូវីដ-១៩ទៅស្ថានភាពដើមវិញ»។ នេះបើតាមលោក ប៉ាវ ស៊ីណា ។
 
យ៉ាងណាក៏ដោយ ទាំងលោក មឿង តុលា និងលោក ប៉ាវ ស៊ីណា សុទ្ធតែបង្ហាញការគាំទ្រយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលបានគិតគូរផ្ដល់អាទិភាពដល់កម្មករឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩នេះ។ មេសហជីព និងសង្គមស៊ីវិលទាំងពីរនេះ យល់ដូចគ្នាថា ប្រសិនបើកម្មករចាក់វ៉ាក់សាំងបានគ្រប់គ្នានោះ ស្ថានភាពក្នុងវិស័យរោងចក្រកាត់ដេរ អាចល្អប្រសើរឡើងវិញ ពោលគឺមិនប្រឈមនឹងហានិភ័យខ្ពស់ ក្នុងរីករាលដាលកូវីដ-១៩ដល់កម្មករឡើយ។ 
 
ដ្បិតចេញសារព្រមានក្តី ប៉ុន្តែក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏មិនទាន់អនុវត្តវិធានការដាច់ណាត់ភ្លាមៗដែរ។ លោក ហេង សួរ ដែលទទួលស្គាល់សារព្រមាននេះ បានបកស្រាយបន្ថែមថា ឥឡូវក្រសួងអនុវត្តតាមយន្តការអប់រំ ផ្សព្វផ្សាយ និងគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែ ប្រសិនបើការវិវត្តការរាលដាលកូវីដ-១៩ ដល់ដំណាក់កាលណាមួយ ដែលអ្នកជំនាញតម្រូវឲ្យចាក់វ៉ាក់សាំងនោះ ក្រសួងនឹងចាត់វិធានការរដ្ឋបាល និងដាក់ទោសពិន័យលើអ្នកមិនព្រមចាក់។ 
 
«...ខ្ញុំគិតថាមិនចម្លែកទេ ប្រសិនជាដល់ដំណាក់កាលមួយ អ្នកជំនាញវេជ្ជសាស្ត្រតម្រូវថាត្រូវតែចាក់វ៉ាក់សាំង។ ដល់ពេលនោះ  យើងត្រូវតែមានវិធានការរដ្ឋបាល និងទោសពិន័យចំពោះអ្នកដែលមិនព្រមចាក់។ ខ្ញុំបញ្ជាក់ឡើងវិញថានៅចំពោះមុខនេះយន្តការអប់រំ ផ្សព្វផ្សាយ និងគោលការណ៍ស្ម័គ្រចិត្តគឺជាគោលការណ៍ដែលយើងអនុវត្ត»។ នេះបើតាមលោក ហេង សួរ ប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមកាលថ្ងៃទី៦មេសា។ 
 
ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត ព្រលយថា ការចាក់វ៉ាក់សាំងនេះ អាចនឹងក្លាយជាកាតព្វកិច្ច។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានឲ្យលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល រៀបចំផែនការចាក់ដល់តំបន់អាទិភាពនៅភ្នំពេញ និងខេត្តកណ្ដាលផងដែរ។ 
 
«ឥឡូវនេះយើងនូវដំណើរការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ប៉ុន្តែខ្ញុំគិតថា នៅពេលណាមួយគឺវ៉ាក់សាំងនឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច...សម្រាប់កម្ពុជាយើងនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងទីកន្លែងដទៃទៀត នៅពេលរោងចក្រសហគ្រាសបានចាក់វ៉ាក់សាំងរួចអស់ហើយ អ្នកដែលពុំបានចាក់វ៉ាក់សាំង នឹងអាចមិនទទួលបានការងារធ្វើនៅទីនោះទៀតទេ ហើយការប្រឡងចូលជ្រើសរើសបុគ្គលក៏មិនបានប្រឡងចូលឬទទួលឲ្យធ្វើការដែរ។ អ៊ីចឹងទេ បន្តិចទៀតនៅលើពិភពលោកអាចថា វ៉ាក់សាំងអាចក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង នេះជាការប្រមើល មើលរបស់ខ្ញុំ...»។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ក្នុងសារសំឡេងដែលចែកចាយក្នុងប្រព័ន្ធតេឡេក្រាមកាលពីរសៀលថ្ងៃទី៦មេសា៕ 
 

Tag:
 វ៉ាក់សាំងកូវីដ-១៩
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com