COVID-19
ជាតិ
គ្រប់អង្គភាពរដ្ឋ ចាប់ផ្តើមប្រមូលឈ្មោះមន្រ្តីមិនទាន់ចាក់វ៉ាក់សាំង បញ្ជូនទៅនាយករដ្ឋមន្រ្តី
07, Apr 2021 , 1:58 pm        
រូបភាព
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាពេលចាក់វ៉ាក់សាំងកូវីដ-១៩
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាពេលចាក់វ៉ាក់សាំងកូវីដ-១៩
លោក ព្រុំ សុខា រដ្ឋមន្រ្តីមុខងារសាធារណៈ បានស្នើទៅគ្រប់រដ្ឋមន្រ្តី ប្រធានស្ថាប័ន ប្រធានអង្គភាព អភិបាលរាជធានី-ខេត្តទាំអស់ ឲ្យស្រង់ឈ្មោះមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យា ដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយបញ្ជូនទៅក្រសួងមុខងារសាធារណការ «ជាបន្ទាន់» ដោយមិនត្រូវឲ្យហួសពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ឡើយ។



តាមរយៈលិខិតរបស់ខ្លួន ផ្ញើទៅកាន់រដ្ឋមន្រ្តី ប្រធានស្ថាប័ន ប្រធានអង្គភាព អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី៧ ខែមេសានេះ លោក ព្រុំ សុខា អះអាងថា ក្រសួងមុខងារសាធារណៈ នឹងបញ្ជូនបញ្ជីឈ្មោះមន្រ្តី ដែលមិនទាន់ចាក់វ៉ាក់សាំងទាំងនោះ ជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

រដ្ឋមន្រ្តីមុខងារសាធារណៈ ស្នើឲ្យស្រង់តែឈ្មោះមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យាប៉ុណ្ណោះ ដោយមិនស្នើឲ្យឈ្មោះកងកម្លាំងប្រដាប់អាវុធនោះទេ។ ការចាប់ផ្តើមស្រង់ឈ្មោះមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យា ដែលមិនទាន់ចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី។

លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ប្រាប់សារព័ត៌មានថ្មីៗថា ការស្នើឲ្យស្រង់ឈ្មោះមន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យានេះ គឺដើម្បីដឹងថា អ្នកណាបានចាក់វ៉ាក់សាំង និងអ្នកណាមិនទាន់បានចាក់វ៉ាក់សាំង។ លោក បញ្ជាក់ថា៖«យើង គ្រាន់តែគិតគូរដល់សុខភាពរបស់មន្រ្តីរាជការទាំអស់គ្នាប៉ុណ្ណោះ»។

លោក ថ្លែងថា សូម្បីតែក្រសួងមុខងារសាធារណៈរបស់លោក ក៏ត្រូវស្រង់ឈ្មោះមន្រ្តីរាជការ ដែលមិនទាន់បានចាក់វ៉ាក់សាំងដែរ។ លោក មានប្រសាសន៍ថា៖«យើង ស្រង់ទាំងអស់ អត់មានលើកលែងក្រសួងស្ថាប័នណាទេ»។

រដ្ឋលេខាធិការរូបនេះ ផ្តល់ព័ត៌មានថា កន្លងមក ក្រសួងស្ថាប័ននិងអង្គភាពរដ្ឋនានា បានស្រង់ឈ្មោះមន្រ្តីរាជការ ហើយបញ្ជូនទៅក្រសួងមុខងារសាធារណៈម្តងរួចមកហើយ តែកាលនោះ  គឺស្រង់តែឈ្មោះមន្រ្តីរាជការ ដែលបានចាក់វ៉ាក់សាំងប៉ុណ្ណោះ ដោយមិនបានស្រង់ឈ្មោះមន្រ្តីរាជការ ដែលមិនទាន់ចាក់វ៉ាក់សាំងនោះទេ។

នៅថ្ងៃទី៦ ខែមេសាម្សិលមិញ ប្រមុខរដ្ឋាភិបាល បានព្រមានថា មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធណា មិនព្រមចាក់វ៉ាក់សាំង អាចនឹងត្រូវដកចេញពីការងាររដ្ឋ។ ប្រមុខរដ្ឋាភិបាល ដាក់តឿនថា៖«បើមិនមកចាក់ [វ៉ាក់សាំង] ដោយស្ម័គ្រចិត្តទេ ថ្ងៃក្រោយ លោក លោកស្រី ឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំ ហើយក៏គ្មានឱកាសបានចូលទៅកាន់ក្រសួង ទៀតដែរ ព្រោះថា អ្នកនៅក្នុងក្រសួង ភាគច្រើន គេខ្លាចការឆ្លងរោគពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមិនបានចាក់វ៉ាក់សាំង»៕

អត្ថបទទាក់ទង




Tag:
 COVID-19
  មន្រ្តីមិនចាក់វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com