ជាតិ
សុខភាព
អ្នកផ្សារអូរឫស្សី៦០នាក់ហើយវិជ្ជមានកូវីដ-១៩ ដោយពួកគាត់មានអាសយដ្ឋានរស់នៅផ្សេងៗគ្នា
07, Apr 2021 , 3:05 pm        
រូបភាព
ការបាញ់លាងសម្អាតផ្សារអូរឫស្សីនាពេលកន្លងមក។ រូបថត គណៈកម្មការផ្សារ
ការបាញ់លាងសម្អាតផ្សារអូរឫស្សីនាពេលកន្លងមក។ រូបថត គណៈកម្មការផ្សារ
ភ្នំពេញ៖ អាជីវករ និងសន្តិសុខ នៅផ្សារអូរឫស្សី ឡើងដល់ទៅ៦០នាក់ដែលមានលទ្ធផលវិជ្ជមានកូវីដ-១៩ បន្ទាប់ពីក្រសួងសុខាភិបាល បង្ហាញពីការរកឃើញ២៤នាក់បន្ថែមទៀត ក្នុងចំណោម៩១ករណីថ្មីនៅកម្ពុជាដែលត្រូវបានប្រកាសនៅថ្ងៃពុធ ទី៧ ខែមេសា នេះ។

 
ក្រោយការប្រកាសរបស់ក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ បានបង្ហោះពីបញ្ជីឈ្មោះអ្នកឆ្លងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីដើម្បីទប់ស្កាត់ការរាលដាល។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវករ និងសន្តិសុខទាំងនោះដែលឆ្លងកូវីដ-១៩នៅផ្សារអូរឫស្សី សុទ្ធតែមានលំនៅដ្ឋានរស់នៅផ្សេងៗគ្នា។
 
អ្នកជំងឺទាំងនោះ  មានអ្នកខ្លះរស់នៅផ្ទះដាច់ឡែក អ្នកខ្លះរស់ក្នុងបុរី នៅតាមបណ្តាសង្កាត់-ខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជាបឹងសាឡាង, កោះក្របី, ស្ទឹងមានជ័យ, ទួលស្វាយព្រៃ, ព្រែកលៀប, ដង្កោ និងឫស្សីកែវជាដើម ហើយអ្នកខ្លះមានអាសយដ្ឋាននៅតាមខេត្តថែមទៀតផង។
 
ដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំង អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានរំលឹកម្តងហើយម្តងទៀតដល់សាម៉ីខ្លួន អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ឲ្យនាំគ្នាយកសំណាកទៅធ្វើតេស្ត។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏អះអាងថា អាជីវករណា ដែលមិនទៅធ្វើតេស្តរកវីរុសកូវីដ-១៩ អាជីវករនោះ នឹងមិនត្រូវអនុញ្ញាតឲ្យចូលលក់ដូរនោះទេ នៅពេលផ្សារអូរឫស្សីបើកដំណើរការឡើងវិញ។
 
សូមរម្លឹកថា ផ្សារអូរឬស្សី ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយការរកឃើញវិជ្ជមានកូវីដ-១៩លើសន្តិសុខម្នាក់ កាលពីថ្ងៃទី៤មេសា ឆ្នាំ២០២១។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅផ្សារអូរឬស្សីទាំងឡាយ ប្រសិនបើមានរោគសញ្ញាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២,៩១៥នាក់ ក្នុងនោះ មាន២,៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១,៨២៤បានជាសះស្បើយ ខណៈអ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១,០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 
 

Tag:
 ផ្សារអូរឫស្សី
  COVID-19
 
© រក្សាសិទ្ធិដោយ thmeythmey.com