ជាតិ
សេដ្ឋកិច្ច
ធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុញ្ញាតឲ្យអ្នកជំងឺកូវីដ-១៩ ពន្យារពេលបង់ប្រាក់ដើមចំនួន៣ខែ
07, Apr 2021 , 4:59 pm        
រូបភាព
ភ្នំពេញ៖  អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបានអនុញ្ញាតឲ្យពន្យារពេលបង់ប្រាក់ដើមរយៈពេល៣ខែ ទៅធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ និងសហគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៧មេសា ឆ្នាំ២០២១។

 
សេចក្តីថ្លែងការណ៍ ណែនាំថា រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរ ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានការលើកលែងបង់ប្រាក់ដើមរយៈពេល៣ខែ។ ផ្អែកលើសេចក្តីថ្លែងការណ៍ដដែល អ្នកឆ្លងជំងឺកូវីដ-១៩ ថែមទាំងទទួលបានការអនុញ្ញាតមិនឲ្យបង់ការប្រាក់រយៈពេល១ខែផងដែរ ហើយរួចផុតពីការផាកពិន័យគ្រប់យ៉ាង។  
 
មិនមែនតែអ្នកឆ្លងជំងឺកូវីដ-១៩ ទេ អ្នកធ្វើចត្តាឡីស័ក ក៏ទទួលបានការអនុគ្រោះជាពិសេសនេះដែរ។ សេចក្តីថ្លែងការណ៍ អះអាងថា អ្នកធ្វើចត្តាឡីស័ក ដែលជំពាក់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចពន្យារពេលបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល១ខែ និងទទួលបានលើកលែងរាល់ការផាកពិន័យទាំងអស់។  
 
អត្ថបទទាក់ទង

ក្រៅពីនេះសមាគមធនាគារនិងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ បានដាក់ចេញគោលការណ៍បន្ថែមមួយចំនួនទៀត ដើម្បីគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនៃការរាលដាលជំងឺកូវីដ-១៩។ គោលការណ៍ទាំងនោះ មានដូចជា បន្តរៀបចំឥណទានឡើងវិញឱ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩, បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្ម, លើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner), ផ្តល់ការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់ធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗ។ 
 
ការរៀបចំឥណទានឡើងវិញអាចធ្វើតាមយន្តការចំនួន៩ចំណុច គឺ ទី១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ទី២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ទី៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ទី៤. ការពន្យារឥណទានប្រតិទាន ទី៥. ការបន្ថែម ការផ្លាស់ប្តូរអ្នករួមខ្ចី ឬ អ្នកធានា ប្រសិនបើមាន ទី៦. ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន ៧. ការលើកលែង ឬបន្ថយទ្រព្យធានា ទី៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ទី៩. ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សងដែលអាចមានរយៈពេលរហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
 
ក្រោយមានយន្តការរៀបចំឥណទានឡើងវិញអស់រយៈពេល១ឆ្នាំកន្លងមក ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ-១៩ មានអតិថិជនជាច្រើនបានជ្រើសរើសយកការបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ, ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល៣ទៅ៦ខែ។  បើតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុនាថ្ងៃទី៧មេសានេះ ជម្រើសដែលអតិថិជនជ្រើសរើសនេះ គឺសុទ្ធសឹងស្ថិតនៅក្នុងករណីអ្នកដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។
 
គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០២១ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ពាន់លានដុល្លារ ដោយក្នុងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់៣០ម៉ឺននាក់ ក្នុងទំហំឥណទាន ១,៤ពាន់លានដុល្លារ៕
 
 

Tag:
 សមាគមធនគារ
  មីក្រូហិរញ្ញវត្ថុកម្ពុជា
  ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com