អន្តរជាតិ
រដ្ឋអាជ្ញា​អ៊ីរ៉ង់​ថ្លែង​ថា​មន្ត្រី​យោធា​១០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ការ​បាញ់​ទម្លាក់​​យន្តហោះ​​អ៊ុយក្រែន
07, Apr 2021 , 11:29 pm        
រូបភាព
រូបឯកសារ៖ បំណែក​យន្ដហោះ​ប៊ូអ៊ីង 737-800 របស់​​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន ដែល​បាន​ធ្លាក់​ ក្រោយ​ពី​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន Imam Khomeini ក្នុង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ បំណែក​យន្ដហោះ​ប៊ូអ៊ីង 737-800 របស់​​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ុយក្រែន ដែល​បាន​ធ្លាក់​ ក្រោយ​ពី​ហោះ​ឡើង​ពី​អាកាសយានដ្ឋាន Imam Khomeini ក្នុង​ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
ដោយ: VOA
ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋអាជ្ញា​តុលាការ​យោធា ​ដែល​ត្រូវ​ចាកចេញ​ពី​តួនាទី​របស់​ខ្លួននៅ​ក្នុងទីក្រុង​តេហេរ៉ង់​ថា មានមន្ត្រី​យោធា​ចំនួន​១០​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ជុំវិញ​ការ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ប្រទេស​អ៊ុយក្រែន​ក្នុង​ឆ្នាំ​២០២០។

 
លោក​រដ្ឋអាជ្ញា Gholamabbas Torki បាន​បញ្ជាក់​យ៉ាង​ដូច​នេះ នៅ​ថ្ងៃ​អង្គារ​ ក្នុង​ពេល​ដែល​លោកប្រគល់​កិច្ចការទៅ​ឲ្យ​អ្នកថ្មី​ដែល​មក​ជំនួស​រូប​លោក​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​មន្ត្រី​ទាំងនោះ​ទេ។​ កាលពី​ខែ​មករា ​ឆ្នាំ​២០២០​កន្លងទៅ​ ប្រទេស​អ៊ីរ៉ង់​ បាន​បដិសេធ​បី​ថ្ងៃ​ជាប់ៗគ្នា​ ប៉ុន្តែចុងក្រោយ​ បាន​ទទួល​ស្គាល់​ថាកងកម្លាំង​របស់​ខ្លួន​ ជាអ្នកបាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរប្រទេស​អ៊ុយក្រែន​នោះដោយ​ភាន់​ច្រឡំ ​ដោយបាន​បាញ់​គ្រាប់​មីស៊ីល​ប្រភេទ​ពី​ដី​ទៅ​អាកាស​ចំនួន​ពីរ​គ្រាប់។
 
ប្រទេស​អ៊ីរ៉ង់​ បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​របស់​ខ្លួន​នៅក្នុង​ខែ​មីនា​ ជុំវិញឧបទ្ទវហេតុធ្លាក់​យន្តហោះ​នោះ​ ដោយ​ពុំ​បង្ហាញ​ព័ត៌មាន​លម្អិត​ជុំវិញ​បញ្ហា​នេះ​ឡើយ។​ ការប្រកាស​ក្នុង​របាយការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បា ​និង​ធ្វើ​ឲ្យ​អ្នកស៊ើប​អង្កេតអង្គការ​សហ​ប្រជាជាតិ​ សម្តែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​រឿង​នេះ​ផង​ដែរ។
 
ការ​បាញ់​នោះ​កើត​មាន​ឡើង​ក្នុង​ថ្ងៃ​តែមួយ​ដែល​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​លើ​មូលដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​របស់​អាមេរិកាំង​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​កំពូល​របស់​អ៊ីរ៉ង់​មួយ​រូប៕
 

© រក្សាសិទ្ធិដោយ thmeythmey.com