នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា តាមរយៈកិច្ចសន្ទនាលើកដំបូងក្នុងទូរស័ព្ទ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នា តាមរយៈកិច្ចសន្ទនាលើកដំបូងក្នុងទូរស័ព្ទ
07, Apr 2021 , 9:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ក្រោយលោក ផាម មិញឈិញ ឡើងធ្វើជានាយករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានផ្ញើលិខិតអបអរសាទរភ្លាមៗ។ លើសពីនេះ សមភាគីទាំងពីរ បានជួបសន្ទនាគ្នាតាមទូរស័ព្ទថែមទៀត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។



ការនិយាយគ្នាតាមទូរស័ព្ទលើកដំបូងរវាងសម្តេច ហ៊ុន សែន និងលោក ផាម មិញឈិញ អាចចាត់ទុកថា ជាការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនង ក្នុងឋានៈលោកទាំងពីរជានាយករដ្ឋមន្រ្តី ដែលនឹងត្រូវបំពេញការងារជាមួយគ្នារយៈពេលវែងទៅខាងមុខ។ បន្ថែមពីលើការសាទរតាមលិខិត ក្នុងជំនួបតាមទូរស័ព្ទ សម្តេច ហ៊ុន សែន បានសាទរលោក ផាម មិញឈិញ ផ្ទាល់មាត់ម្តងទៀត ហើយលោក ផាម មិញឈិញ បានអរគុណសម្តេច ហ៊ុន សែន។ 
 
នាយករដ្ឋមន្រ្តីទាំងពីរ សុទ្ធតែបង្ហាញឆន្ទៈបន្តកិច្ចសហការជាមួយគ្នា។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរ បានអញ្ជើញគ្នាទៅវិញទៅមក ដោយសម្តេច ហ៊ុន សែន អញ្ជើញលោក ផាម មិញឈិញ មកបំពេញទស្សកិច្ចនៅកម្ពុជា ហើយលោក ផាម មិញឈិញ អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងពេលសមស្របណាមួយ។

«ក្រោមការដឹកនាំដ៏វាងវៃរបស់ឯកឧត្តម ផាម មិញឈិញ រដ្ឋាភិបាលនិងប្រជាជនវៀតណាម នឹងអនុវត្តដោយជោគជ័យនូវផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល៥ឆ្នាំ [២០២១-២០២៥] និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល១០ឆ្នាំ [២០២១-២០៣០] តាមសេចក្តីសម្រេចចិត្តរបស់គណបក្សកុម្មុយនីស្តនិងរដ្ឋសភាវៀតណាម»។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន ថ្លែងទៅកាន់លោក ផាម មិញឈិញ ហើយត្រូវបានស្រង់យកទៅផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
 
ក្រសួងការបរទេសកម្ពុជា បានស្រង់សម្តីរបស់លោក ផាម មិញឈិញ ដែលថ្លែងទៅកាន់សម្តេច ហ៊ុន សែនថា៖«ក្រោមដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ហ៊ុន សែន ប្រជាជនកម្ពុជា នឹងជម្នះលើផលប៉ះពាល់បណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩ និងស្តារសេដ្ឋកិច្ចឡើងវិញកាន់តែខ្លាំង និងរឹងមាំ បានយ៉ាងឆាប់រហ័សនាពេលខាងមុខ»។ 

លោក ផាម មិញឈិញ ដែលពីមុនជាប្រធានគណៈចាត់តាំងក្នុងបក្សកុម្មុយនីស្តវៀតណាម និងធ្លាប់ជាមន្រ្តីជាន់ខ្ពស់ផ្នែកចារកម្មនៃក្រសួងសន្តិសុខសាធារណៈ ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោក ង្វៀន សួនហ៊្វុក នៅដើមខែមេសា ឆ្នាំ២០២១នេះ។ ចំណែកលោក ង្វៀន សួនហ៊្វុក ឡើងកាន់តំណែងប្រមុខរដ្ឋ (ប្រធានាធិបតី) ជំនួសលោក ង្វៀន ភូជុង ខណៈលោក វឿង ឌិញហ្វេ ធ្វើជាប្រធានសភា។ លោក ង្វៀន ភូជុង នៅតែកាន់តំណែងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមដដែល។ 
 
ព្រះមហាក្សក្សត្រ និងមេដឹកនាំកំពូលៗរបស់កម្ពុជា បានថ្វាយនិងផ្ញើលិខិតអបអរសាទរទៅកាន់មេដឹកនាំវៀតណាម ដែលទើបនឹងឡើងតំណែង។ ព្រះប្រមុខរដ្ឋ ទ្រង់ថ្វាយលិខិតអបអរសាទរទៅកាន់លោក ង្វៀន សួនហ៊្វុក ប្រមុខរដ្ឋវៀតណាមថ្មី។ សម្តេច ហ៊ុន សែន ផ្ញើលិខិតអបអរសាទរទៅលោក ង្វៀន សួនហ៊្វុក ផង និងផ្ញើទៅលោក ផាម មិញឈិញ ផង ហើយក្រៅពីផ្ញើលិខិត សម្តេច នៅអបអរសាទរលោកទាំងពីរដោយផ្ទាល់មាត់ តាមប្រព័ន្ធទូរស័ព្ទថែមទៀត។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងលោក ស៊ឹម កា អនុប្រធានព្រឹទ្ធសភា បានផ្ញើលិខិតអបអរសាទរទៅលោក វឿង ឌិញហ្វេ៕ 
 
 
 
 
 

Tag:
 ហ៊ុន សែន
  ផាម មិញឈិញ
© រក្សាសិទ្ធិដោយ thmeythmey.com