អន្តរជាតិ
ប្រមុខការទូតតៃវ៉ាន់៖ បើចិនឈ្លានពាន តៃវ៉ាន់នឹងប្រយុទ្ធដល់ទីបញ្ចប់
07, Apr 2021 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបថត AFP
ប្រមុខការទូតតៃវ៉ាន់ Joseph Wu នៅថ្ងៃទី៧ ខែមេសា បានប្រកាសការតាំងចិត្តជាថ្មីរបស់តៃវ៉ាន់ដែលមិនរារែកក្នុងការប្រយុទ្ធដល់ទីបញ្ចប់ បើចិនឈ្លានពានដែនកោះមួយនេះនៅថ្ងៃណាមួយ។ លោក Wu ក៏អះអាងថា អាមេរិកដែលជាអ្នកផ្គត់ផ្គង់សព្វាវុធឱ្យតៃវ៉ាន់ ក៏មើលឃើញពីលទ្ធភាពដែលចិនបើកការវាយប្រហារលើតៃវ៉ាន់ដែរ។

 
ចិន តែងតែនិយាយមិនដាច់ពីមាត់ពីលទ្ធភាពប្រើកម្លាំងទ័ពដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ឡើងវិញនៅថ្ងៃខាងមុខ បើសិនស្ថានការណ៍តម្រូវឱ្យធ្វើបែបនោះ។ តៃវ៉ាន់វិញ ក៏មិនរអានឹងការឈ្លានពានណាមួយរបស់ចិន។ នៅថ្ងៃទី៧ ខែមេសា រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ប្រកាសជំហររឹងមាំជាថ្មីទៀតរបស់តៃវ៉ាន់ក្នុងការប្រយុទ្ធដល់នាទីចុងក្រោយ ក្នុងករណីចិនលើកទ័ពឈ្លានពាននោះ។
 
«យើងមានឆន្ទៈការពារខ្លួនឯងដោយគ្មានការសង្ស័យអ្វីឡើយ។ យើងនឹងធ្វើសង្រ្គាម បើចាំបាច់។ ប្រសិនបើយើងត្រូវការពារខ្លួនដល់ថ្ងៃចុងក្រោយ យើងនឹងតស៊ូដល់ថ្ងៃចុងក្រោយដែរ។» លោក Wu ប្រាប់អ្នកសារព័ត៌មានបែបនេះនៅក្រសួងរបស់លោក។ បើនេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
 
មន្ត្រីតៃវ៉ាន់ដដែលនេះ បន្តថា អាមេរិកក៏ឃើញពីគ្រោះថ្នាក់ដែលអាចកើតចេញពីសម្ពាធរបស់យោធាចិនដែរ។ លោកអះអាងថា ទីក្រុងវ៉ាស៊ីនតោនតាមដានស្ថានភាពនៅក្នុងតំបន់ដោយយកចិត្តទុកដាក់ និងមើលឃើញច្បាស់ពីលទ្ធភាពដែលចិនវាយប្រហារតៃវ៉ាន់។ កន្លងទៅ មេទ័ពអាមេរិកធ្លាប់លើកឡើងថា ចិនអាចឈ្លានពានតៃវ៉ាន់ក្នុងពេលដ៏ខ្លី ដែលមានរង្វង់ប្រមាណ៦ឆ្នាំខាងមុខទៀត។
 
ដើម្បីការពារខ្លួន តៃវ៉ាន់បានទិញអាវុធជាច្រើនពីអាមេរិក ទោះគ្មានទំនាក់ទំនងការទូតផ្លូវការក្ដី។ តៃវ៉ាន់ដែលដឹងថា គ្មានសមត្ថភាពស្មើចិននោះ បន្តពង្រឹងឥទ្ធិពលយោធារបស់ខ្លួនយ៉ាងហោចណាស់ឱ្យដល់ដែលចិនពិបាកយកឈ្នះបាន។ 
 
ជាមួយគ្នានេះ យោធាតៃវ៉ាន់ នឹងរៀបចំសមយុទ្ធដ៏ធំមួយដែលធ្វើត្រាប់ពីការវាយប្រហាររបស់ចិន។ នៅដំណាក់ទីមួយដែលមាន៨ថ្ងៃ សមយុទ្ធផ្ដោតលើការពង្រឹងសមត្ថភាពដែលមានជំនួយពីកុំព្យូទ័រ។ ដំណាក់កាលទីពីរដែលធ្វើនៅខែកក្កដា នឹងបញ្ចូលកម្លាំងបម្រុងប្រមាណ៨ពាន់នាក់ក្នុងសមយុទ្ធបាញ់គ្រាប់ពិត លំហាត់ប្រឆាំងការឡើងគោក និងការធ្វើតេស្តសមត្ថភាពសុខាភិបាលក្នុងករណីមានអ្នករងគ្រោះច្រើន៕
 
 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com