ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចេញបន្លែ និងផ្លែឈើ ជាង១៣០លានដុល្លារ ក្នុងឆ្នាំ២០២០
07, Apr 2021 , 8:59 pm        
រូបភាព
កសិករកំពុងដាំបន្លែ​ម្ទេសហាវ៉ៃ​(ម្ទេសប្លោក) នៅខេត្តមណ្ឌលគិរី។ រូបថត៖ មុយ រ៉ាដូ
កសិករកំពុងដាំបន្លែ​ម្ទេសហាវ៉ៃ​(ម្ទេសប្លោក) នៅខេត្តមណ្ឌលគិរី។ រូបថត៖ មុយ រ៉ាដូ
ភ្នំពេញ៖ ការនាំចេញបន្លែនិងផ្លែឈើរបស់កម្ពុជា នៅក្នុងឆ្នាំ២០២០  មានទឹកប្រាក់១៣៤,៦លានដុល្លារ។ ទំហំនេះ បានកើនឡើងរហូតដល់ ១០៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន៦៦,២លានដុល្លារ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម។

 
ទំហំទឹកប្រាក់នៃការនាំចេញបន្លែ-ផ្លែឈើបានជាង១៣០លានដុល្លារខាងលើនេះ គឺស្មើនឹង១ភាគរយ នៃទំហំនាំចេញផលិតផលសរុបរបស់កម្ពុជា។ ក្នុងឆ្នាំ២០២០កម្ពុជាមានទំហំពាណិជ្ជកម្មជាង ៣៥,៨០៥លានដុល្លារ  ដោយក្នុងនោះ កម្ពុជានាំចេញទំនិញបានក្នុងទំហំទឹកប្រាក់ ១៧,២ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ ខណៈការនាំចូល មានទំហំជិត ១៨,៦ ពាន់លានដុល្លារថយចុះ ៧,៨ភាគរយ។
 
បើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទិ៧មេសា ឆ្នាំ២០២១ បន្លែដែលកម្ពុជាសម្រេច នាំចេញនៅក្នុងឆ្នាំ២០២០កន្លងមក  មានមើមដំឡូង បន្លែពពួកសណ្តែក ម្ទេស ផ្លែត្រប់វែង ផ្សិតឈើ ផ្កាខាត់ណា ស្ពៃក្តោបមូល ផ្លែល្ពៅ ប៉េងប៉ោះ ត្រសក់...ជាដើម។ រីឯផ្លែឈើវិញ ចេក ស្វាយចន្ទី ស្វាយ ផ្លែឈើក្រៀម ផ្លែខ្នុរ ផ្លែមៀន ផ្លែស្រកានាគ ដូង ផ្លែធូរេន មង្ឃុត...។ល។ ប្រទេសដែលនាំចូលបន្លែនិងផ្លែឈើពីកម្ពុជា មាន ប្រទេសចិន វៀតណាម ថៃ ហ្វីលីពីន កូរ៉េ ជប៉ុន តៃវ៉ាន់ សិង្ហបុរី បារាំង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក។ 
 
ក្នុងចំណោមប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជា គឺចិនមានទំហំ ជាង៨ពាន់លានដុល្លារ ឈរនៅលេខរៀងទី១ ដោយកម្ពុជាចេញទៅចិនជាង១ពាន់លានដុល្លារ ហើយនាំចូលមកវិញជាង៧ពាន់លានដុល្លារ។ អាមេរិកឈរលេខរៀងទី២ ដែលមានទំហំទឹកប្រាក់៥,៥ពាន់លានដុល្លារ ដោយកម្ពុជានាំចេញមាន៥,២ពាន់លានដុល្លារ និងនាំចូលមានត្រឹមតែជាង២៥០លានដុល្លារប៉ុណ្ណោះ។ លេខរៀងទី៣ គឺសហភាពអឺរ៉ុប ដែលមានពាណិជ្ជកម្មជាមួយកម្ពុជា ជាង៣,៨ពាន់លានដុល្លារ, ថៃ ជិត៣,៥ពាន់លានដុល្លារ, វៀតណាម ជាង៣ពាន់លានដុល្លារ និងជប៉ុនមានជិត១,៧ពាន់លានដុល្លារ ។
 
ឆ្នាំ២០២០នេះ កម្ពុជាត្រូវនាំចូលបន្លែពីបរទេស ជិត៣៣ម៉ឺនតោនដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលមានជាង១០៤ម៉ឺនតោន។ នេះបើតាមការប៉ាន់ស្មានតម្រូវការ និងការផ្គត់ផ្គង់បន្លែនៅកម្ពុជាប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម រួមទាំងរបាយការណ៍ស្តីពីស្ថានភាពនៃការគ្រប់គ្រង និងការផ្គត់ផ្គង់ផលិតផលកម្មកម្ម ដែលរាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
 
 

Tag:
 កសិកម្ម
  បន្លែ-ផ្លែឈើ
© រក្សាសិទ្ធិដោយ thmeythmey.com