អន្តរជាតិ
ក្រុមសមាជិកសភាមីយ៉ាន់ម៉ា ប្រមូលព័ស្តុតាងបំពានសិទ្ធិមនុស្សរបស់យោធាបាន ១៨ម៉ឺនច្បាប់
07, Apr 2021 , 8:29 pm        
រូបភាព
បាតុករមីយ៉ាន់ម៉ា កាន់បដាមួយ ដែលសរសេរថា ជួយសង្រ្គោះមីយ៉ាន់ម៉ា។ រូបភាព៖ AFP
បាតុករមីយ៉ាន់ម៉ា កាន់បដាមួយ ដែលសរសេរថា ជួយសង្រ្គោះមីយ៉ាន់ម៉ា។ រូបភាព៖ AFP
គណៈកម្មាធិការតំណាងសភាសហភាព (CRPH) ដែលជាក្រុមសមាជិកសភាមីយ៉ាន់ម៉ា បានប្រមូលភស្តុតាងបានចំនួន ១៨ម៉ឺនច្បាប់ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ បើតាមក្រុម CRPH មេធាវីរបស់ខ្លួន គ្រោងជួបជាមួយអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ដើម្បីជជែកពីទង្វើអំពើដ៏សាហាវឃោរឃៅរបស់ក្រុមយោធា និងលទ្ធភាពនៃការប្រើព័ស្តុតាងដែលប្រមូលបាន។



 
 
គណៈកម្មាធិការតំណាងសភាសហភាព ត្រូវបង្កើតដោយសមាជិកសភាមីយ៉ាន់ម៉ា ដែលបានជាប់ឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងត្រូវបានក្រុមយោធាទម្លាក់ចោលកាលពីរដ្ឋប្រហារនៅដើមខែកុម្ភៈ។ សមាជិកក្រុមនេះ ភាគច្រើនជាសមាជិកបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល និងអះអាងជាតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ាទៀតផង។ 
 
ស្របពេលមីយ៉ាន់ម៉ា កំពុងធ្លាក់ក្នុងស្ថានភាពវឹកវរ CRPH បានប្រមូលភស្តុតាងជាច្រើនពាក់ព័ន្ធការសកម្មភាពយ៉ាងសាហាវឃោរឃៅរបស់ក្រុមយោធា មកលើក្រុមបាតុករ។ «យើងបានប្រមូលភស្តុងតាំងបានចំនួន ១៨ម៉ឺនច្បាប់។ ភស្តុងតាំងទាំងនេះ បានបង្ហាញពីការរំលោភសិទ្ធិមនុស្សពីសំណាក់ក្រុមយោធា»។ ក្រុមCRPH បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃទី៧ ខែមេសា។ 
 
ភស្តុតាងជាច្រើនម៉ឺនច្បាប់នោះ រួមបញ្ចូលការសម្លាប់ដោយខុសច្បាប់ច្រើនជាង ៥៤០ ករណី, អ្នកស្លាប់នៅក្នុងគុក ដោយសារទារុណកម្ម ការឃុំខ្លួន និងប្រើប្រាស់កម្លាំងមិនសមស្របមកលើក្រុមបាតុករ ចំនួន ១០ករណី។ 
 
ក្រុមអ្នកតំណាងសភាសហភាពមីយ៉ាន់ម៉ា ក៏គ្រោងបញ្ជូនមេធាវីរបស់ខ្លួនទៅជជែកជាមួយយន្តការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ (IIMM) ផងដែរ ដើម្បីជជែកពីទង្វើដ៏ឃោរឃៅរបស់របបសឹក។ ក្រុម CRPH មិនបានបញ្ជាក់ឱ្យបានលម្អិតលើសពីនេះឡើយ ប៉ុន្តែទំនងជាជជែកពីការប្រើប្រាសព័ស្តុតាងដែលប្រមូល ព្រោះ IIMM ក៏កំពុងប្រមូលព័៍ស្តុតាងដើម្បីឈានដល់ការស៊ើបអង្កេតបទល្មើសប្រឆាំងមនុស្សជាតិរបស់ក្រុមយោធា។
 
ស្ថានភាពនៅមីយ៉ាន់ម៉ា មិនទាន់ធូរស្រាលឡើយ។ ក្រុមបាតុករនៅតែតវ៉ាប្រចាំថ្ងៃ ដើម្បីទាមទារឱ្យក្រុមយោធាបង្កើតរដ្ឋាភិបាលស៊ីវិល ទោះរដ្ឋាភិបាលយោធា ធ្លាប់ប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតឡើងវិញ បន្ទាប់ពីស្ថានភាពអាសន្ននៅក្នុងប្រទេសត្រូវបញ្ចប់។ ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានបាញ់សម្លាប់ក្រុមបាតុករស្ទើរជារៀងរាល់ថ្ងៃ។ មកទល់ពេលនេះ អ្នកស្លាប់បានកើនដល់ ៥៨១នាក់ និង មនុស្សច្រើនជាង ២៧០០នាក់ ត្រូវបានចាប់ខ្លួន។ 
 
កន្លងទៅយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា បានអំពាវនាវឱ្យអ្នកទទួលបទបញ្ជាពីក្រុមយោធា ឱ្យផ្តល់ព័ស្តុតាងទាំងនោះមកឱ្យខ្លួន ដើម្បីអាចប្រើប្រាស់សម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា៕
 

Tag:
 មីយ៉ាន់ម៉ា
  CRPH
© រក្សាសិទ្ធិដោយ thmeythmey.com