ជាតិ
សង្គមជាតិ
បុរសដែលរកឃើញវិជ្ជមានកូវីដ-១៩នៅខេត្តរតនគិរី ត្រូវបានរដ្ឋបាលខេត្ត អះអាងថា អវិជ្ជមានវិញ
07, Apr 2021 , 5:59 pm        
រូបភាព
រូបភាពពី លោក ថង សាវុន_ អភិបាលខេត្តរតនគិរី
រូបភាពពី លោក ថង សាវុន_ អភិបាលខេត្តរតនគិរី
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី កាលពីយប់ថ្ងៃទី៤ ខែមេសា បានប្រកាសករណីកូវីដ-១៩ដំបូង លើបុរសម្នាក់ដែលស្ថិតនៅក្នុងស្រុកតាវែង។ ប៉ុន្តែនាថ្ងៃទី៧ ខែមេសានេះ រដ្ឋបាលខេត្តរតនគិរី ក៏បានអះអាងឡើងវិញថា បុរសរូបនោះគឺអវិជ្ជមានកូវីដ-១៩។

 
 
រដ្ឋបាលខេត្តរតនគិរី បានទទួលព័ត៌មានពីមន្ទីរពិសោធន៍ថា បុរសម្នាក់ដែលរស់នៅក្នុងភូមិតាវែង ធ្វើដំណើរមកពីស្រុកចិត្តបុរី ខេត្តក្រចេះបានឆ្លងជំងឺកូវីដ-១៩។ បន្ទាប់ពីរដ្ឋបាលខេត្តរតនគិរី បានចេញផ្សាយដំណឹងមួយនេះ ខាងមន្ទីរពិសោធន៍ក៏បានផ្តល់ដំណឹងសាជាថ្មីវិញថា បុរសរូបនោះ គឺមិនមានវិជ្ជមានកូវីដ-១៩ឡើយ។ 
 
រដ្ឋបាលខេត្តរតនគិរីបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ថ្ងៃទី៧ ខែមេសាថា ដើម្បីបញ្ជាក់ឲ្យដឹងពិតប្រាកដ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្តលើបុរសនោះ ជាលើកទី២ ដោយលទ្ធផលគឺអវិជ្ជមានកូវីដ-១៩។  
 
បច្ចុប្បន្នខេត្តរតនគិរីមិនទាន់ករណីឆ្លងជំងឺកូវីដ-១៩នៅឡើយទេ។ «ដូច្នេះគិតរហូតមកដល់ពេលនេះ នៅខេត្តរតនគិរីពុំមានការរកឃើញករណីវិជ្ជមានកូវីដ-១៩ឡើយ»។ នេះជាការលើកឡើងរបស់រដ្ឋបាលខេត្តរតនគិរី។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ 
 
ការរាតត្បាតជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈបានរាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កោះកុង កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន៕ 
 
 
 
 

Tag:
 ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com