ជាតិ
អ្នកប្រកបអាជីកម្មខ្នាតតូច មានចំណូលកាន់តែតិច ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ
07, Apr 2021 , 6:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ ពលរដ្ឋប្រកបរបរខ្នាតតូច កំពុងប្រឈមនឹងការបាត់បងចំណូល ដោយសារការផ្ទុះការរាលដាលជំងឺកូវីដ-១៩ រយៈពេលជាង១ខែមកនេះ។ ព្រឹត្តិការណ៍សហគមន៍១០កុម្ភៈ ធ្វើឱ្យពលរដ្ឋភាគច្រើនកាត់បន្ថយការចំណាយប្រចាំថ្ងៃ និងមិនធ្វើដំណើរចេញក្រៅផ្ទះ។



ការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលនៅមិនទាន់គ្រប់គ្រងបាននៅឡើយនេះ  បានធ្វើឱ្យប៉ះពាល់ចំណូលរបស់ពលរដ្ឋអ្នកប្រកបរបរខ្នាតតូច។ អ្នកខ្លះនៅបន្តលក់ ទោះមិនសូវដាច់ ព្រោះសង្ឃឹមបានចំណូលខ្លះទប់ទល់ជីវភាព ខ្លះក៏សម្រេចផ្អាកលក់ដូរបណ្តោះអាសន្នសិន។ 
 
អ្នកស្រី សួន សុផាត ជាអ្នកលក់បន្លែនៅក្នុងផ្សារព្រែកដាច់ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់  ស្រុកលើកដែក ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានអេឡិចត្រូនិកថ្មីៗ២៥ តាមទូរសព្ទថារយៈពេលជាងមួយខែហើយ ដែលអ្នកស្រីឈប់ទៅលក់បន្លែនៅផ្សារ ព្រោះតែគ្មានអ្នកទិញ។ តាមអ្នកស្រី សុផាត មុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ អ្នកស្រីក៏នៅលក់ដាច់ បានចំណូល ៥ ទៅ៦ម៉ឺនរៀលដែរ។ ប៉ុន្តែករណីឆ្លងក្នុងសហគមន៍លើកចុងក្រោយនេះ បានទាញទម្លាក់ចំណូលពីការលក់ដូររបស់ខ្លួនយ៉ាងគំហុកតែម្តង ដោយសារតែមនុស្សម្នានិងភាគច្រើនសម្ងំនៅផ្ទះ ដោយសារខ្លាចរអាឆ្លងជំងឺ។ ការណ៍នេះ ធ្វើឱ្យស្ត្រីរូបនេះ សម្រេចផ្អាកលក់ដូរតែម្តង តាំងពីថ្ងៃ២៣កុម្ភៈមកម្ល៉េះ។ 


 
«ខ្ញុំផ្អាកទៅលក់នៅផ្សារ ជាងមួយខែហើយ  មិនចង់សម្រាកទេ ប៉ុន្តែធ្វើម៉េច បើនៅផ្សារស្ងាត់ឈឹង គ្មានអ្នកទិញ មានតែអ្នកលក់អង្គុយមើល តែមុខគ្នា។ មុនព្រឹត្តការណ៍ ២០កុម្ភៈ មួយព្រឹក ខ្ញុំអាចលក់បាន ៥ម៉ឺនរៀលទៅ ៦ម៉ឺនរៀល ប៉ុន្ដែមួយរយៈក្រោយនេះ មួយព្រឹកលក់បានត្រឹម ១ម៉ឺនរៀលប៉ុណ្ណោះ។ ខ្ញុំក៏សម្រេចចិត្ត ផ្អាកលក់មួយរយៈសិន»។ នេះជាការលើកឡើងរបស់ អ្នកស្រី សួន សុផាត។ 
 
លោក យ៉េង ដានុយ ជាអ្នកលក់នំបុ័ងនៅផ្ទះ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក យ៉េង ដានុយ បានថ្លែងប្រាប់ Thmeythmey 25តាមទូរសព្ទថា ខ្លួនពិបាកលក់ដូរណាស់ នៅក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ ចំណូលរបស់អ្នកលក់នំបុ័ងរូបនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងដែរ ពី៨-១០ម៉ឺនរៀល មកនៅត្រឹម ២ ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ 
 
អតិថិជនប្រចាំរបស់លោកភាគច្រើនជាអ្នកធ្វើការ និងសិស្សសាលា ដែលរស់នៅក្នុងសង្កាត់ឫស្សីកែវផ្ទាល់។ តែស្ថានភាពរាលដាលជំងឺ កូវីដ-១៩ បានធ្វើឱ្យសាលាត្រូវបិទ ហើយអ្នកធ្វើការធ្លាប់ទិញ ក៏បាត់អស់ជាងពាក់កណ្តាល។ ទន្ទឹមនឹងនេះ ពលរដ្ឋក្នុងតំបន់ដែលលោកដានុយ កំពុងរស់នៅ និងលក់ដូរ ក៏ច្រើនតែស្នាក់នៅក្នុងផ្ទះ និងកាត់បន្ថយការប្រាស្រ័យទាក់ទង ជាមួយគ្នា ដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺ។លោក យ៉េង ដានុយ រៀបរាប់ដូច្នេះ៖ «ម្នាក់ៗអត់ការងារធ្វើ ពួកគេចាប់ផ្តើមកាត់បន្ថយការចំណាយប្រចាំថ្ងៃ ដូច្នេះហើយបានជាអ្នកលក់ភាគច្រើនលក់មិនដាច់។ ដល់ពេលនេះហើយ មានតែត្រូវទ្រាំ ទោះជាបានតិចតួចក្តី ក៏ខ្ញុំនៅតែបន្តការលក់ដែរ ដាច់ខាត់មិនឈប់ទេ។ បន្តិចទៀតទៅ លែងអីហើយ»។


 
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះ២៣៨៣នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ១៨២៤បានជាសះស្បើយ ខណៈ អ្នកស្លាប់ឡើងដល់២២នាក់។ មនុស្សចំនួន ១០៦៤នាក់ កំពុងបន្តសម្រាកព្យាបាល។ ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

Tag:
 អាជីវកម្ម
  SMEs
  ចំណូល
  សួន សុផាត
  យេង ដានុយ
© រក្សាសិទ្ធិដោយ thmeythmey.com