ដំណើរឆ្លងកាត់ព្រំប្រទល់មុខកំពូល-បាធាយ អំឡុងពេលហាមឃាត់ដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ត
COVID-19
ជាតិ
ដំណើរឆ្លងកាត់ព្រំប្រទល់មុខកំពូល-បាធាយ អំឡុងពេលហាមឃាត់ដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្ត
07, Apr 2021 , 6:17 pm        
រូបភាព
ចាប់តាំងពីរាត្រីឈានចូលថ្ងៃទី៧ ខែមេសា នេះ ដំណើររបស់ពលរដ្ឋនៅឆ្លងកាត់ភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយត្រូវបានហាមឃាត់ ដែលនេះជាផ្នែកមួយនៃយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាលដាលកូវីដ-១៩។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចដែលអនុវត្តភ្លាមៗនេះ មិនអាចរារាំងដំណើរប្រជាពលរដ្ឋទាំងស្រុងនោះឡើយ ដោយពួកគាត់ត្រូវបន្តធ្វើដំណើរក្រោមហេតុផលផ្សេងៗគ្នា។



នៅព្រំប្រទល់រវាងស្រុកមុខកំពូល ខេត្តកណ្តាល និងស្រុកបាធាយ ខេត្តកំពង់ចាម ក៏មានរនាំងសមត្ថកិច្ចដើម្បីទប់ស្កាត់ការធ្វើដំណើរទៅមកផងដែរ។ មុននឹងឆ្លងកាត់ពីភូមិសាស្ត្រមួយទៅភូមិសាស្ត្រមួយទៀត អ្នកធ្វើដំណើរត្រូវបង្ហាញលិខិតស្នាមជូនដល់សមត្ថកិច្ច ដូចជាលិខិតបេសកកម្ម លិខិតពេទ្យ និងឯកសារបញ្ជាក់ផ្សេងៗ។



សេចក្តីសម្រេចរបស់សម្តេច ហ៊ុន សែន កាលពីយប់ថ្ងៃទី៦ ខែមេសា ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន នេះ ធ្វើឡើងដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ការហាមឃាត់នេះ បានចាប់ពីម៉ោងសូន្យ នាថ្ងៃទី៧ ខែមេសា ពីភូមិសាស្ត្រនៃខេត្តមួយទៅខេត្តមួយទៀត។ ប៉ុន្តែភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដោយមិនស្ថិតក្នុងការហាមប្រាមចេញ-ចូលគ្នានោះឡើយ។

ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ដំណើរបំពេញភារកិច្ចរបស់មន្ត្រីរាជការសាធារណៈ កងកម្លាំងប្រដាប់អាវុធ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ រថយន្ដដឹកសំរាម-កាកសំណល់ ការដឹកកម្មករទៅកន្លែងការងារ ការធ្វើដំណើររបស់ពលរដ្ឋទៅពេទ្យ និងការធ្វើដំណើរក្រោមមូលហេតុចាំបាច់ផ្សេង ដោយមានលិខិតស្នាម ឬឯកសារបញ្ជាក់។ រមណីយដ្ឋានទេសចរណ៍ទាំងអស់ទូទាំងប្រទេស ត្រូវបានតម្រូវឲ្យបិទរយៈពេល១៤ថ្ងៃ ផងដែរ។

សូមទស្សនាទិដ្ឋភាពនៅត្រង់ព្រំប្រទល់ស្រុកមុខកំពូល និងស្រុកបាធាយ នាល្ងាចថ្ងៃទី៧ ខែមេសា នេះ៖












© រក្សាសិទ្ធិដោយ thmeythmey.com