COVID-19
ជាតិ
​កម្មករ​នៅ​រោងចក្រ ឌី​ន ហាន ៥០នាក់ ឆ្លង​កូ​វីដ​-១៩
07, Apr 2021 , 10:07 pm        
រូបភាព
មន្ត្រីជំនាញក្រសួងសុខាភិបាល កំពុងធ្វើតេស្តសំណាក កម្មករនៅរោងចក្រ ឌីនហាន នៅយប់ថ្ងៃទី៧ មេសា ។ រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉េង វិមានដារា អធិការនគរបាលខណ្ឌមានជ័យ។
មន្ត្រីជំនាញក្រសួងសុខាភិបាល កំពុងធ្វើតេស្តសំណាក កម្មករនៅរោងចក្រ ឌីនហាន នៅយប់ថ្ងៃទី៧ មេសា ។ រូបពីទំព័រហ្វេសប៊ុករបស់លោក ម៉េង វិមានដារា អធិការនគរបាលខណ្ឌមានជ័យ។
​ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៧​មេសា​នេះ អាជ្ញាធរ​រកឃើញ​កម្ម​ករ​នៅ​រោងចក្រ ឌី​ន ហាន ឆ្លង​កូ​វីដ​-១៩ កើន​ដល់​៥០​នាក់​ហើយ ខណៈដែល​កម្មករ​សរុប​ក្នុង​រោងចក្រ​មាន​ជាង​២,៥០០​នាក់​។

 
​លោក ម៉េង វិមាន​ដា​រា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ម៉ោង​ប្រមាណ​៩​យប់​នេះ ថា​៖ «​អ្វីដែល​ខ្ញុំ​តក់ស្លុត និង​ព្រួយបារម្ភ​បំផុត​នោះ គឺ​កម្មករ​រោងចក្រ​ឌី​ន ហាន ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​! គិត​មកដល់​ម៉ោង​នេះ​គឺ​រកឃើញ​អ្នក​វិជ្ជមាន​៥០​នាក់​ហើយ ខណៈដែល​រោងចក្រ​នេះ​មាន​កម្មករ​សរុប ២៥៦២​នាក់​»​។ 
 
​កាលពី​រសៀល​ថ្ងៃនេះ លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ក៏បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា អាជ្ញាធរ​សម្រេច​បិទ​រោងចក្រ ឌី​ន ហាន បណ្ដោះអាសន្ន ដោយសារ​រកឃើញ​កម្ម​ករ​ឆ្លង​កូ​វីដ​-១៩ ហើយ​អាចមាន​អ្នកពាក់ព័ន្ធ​ច្រើន​។ 
 
​គិត​មកដល់ពេលនេះ កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ សរុប ២៩១៥​នាក់ ក្នុងនោះ​២៣៨៣​នាក់ ស្ថិត​ក្នុងករណី​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប ១៨២៤​បានជា​សះស្បើយ ខណៈ អ្នកស្លាប់​ឡើងដល់​២២​នាក់​។ មនុស្ស​ចំនួន ១០៦៤​នាក់ កំពុង​បន្ត​សម្រាក​ព្យាបាល​។ ព្រឹត្តិការណ៍​២០​កុម្ភៈ រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង  កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និង​ខេត្ត​ប៉ៃលិន​។ ក្នុងចំណោម​នោះ ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង និង​កំពង់ធំ ក៏បាន​ព្យាបាល​សះស្បើយ​អស់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com