អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
នរណាជាថ្នាក់ដឹកនាំកំពូលថ្មីទាំង៤រូបរបស់វៀតណាម?
17, Apr 2021 , 10:29 pm        
រូបភាព
ថ្នាក់ដឹកនាំសំខាន់ទាំងបួនរបស់វៀតណាម៖ លោក ង្វៀន ភូជុង (ឆ្វេងខាងលើ)
ថ្នាក់ដឹកនាំសំខាន់ទាំងបួនរបស់វៀតណាម៖ លោក ង្វៀន ភូជុង (ឆ្វេងខាងលើ)
ដោយ៖ គី ចំណា 
 
ដ្បិតជារដ្ឋកុម្មុយនីស្ត វៀតណាមដែលមានឈ្មោះផ្លូវការថា សាធារណរដ្ឋសង្គមនិយមវៀតណាម មិនមានមេដឹកនាំកំពូលក្ដាប់អំណាចពេញដៃដូចនៅចិន ឬកូរ៉េខាងជើងឡើយ។ ប្រទេសមួយនេះ មានមេដឹកនាំជាសសរទ្រូងសំខាន់ៗចំនួនបួនរូបមានអគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្ត ប្រធានាធិបតី នាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា។

 
នាថ្ងៃទី៥ ខែមេសា សភាវៀតណាមបានជ្រើសតាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តីថ្មី ក្រោយតំណែងលេខាបក្ស និងប្រធានរដ្ឋសភាត្រូវបានជ្រើសរើសរួចរាល់។ ខាងក្រោមនេះ ជាមេដឹកនាំដែលត្រូវបានចាត់ទុកជាសសរស្ដម្ភក្នុងក្បាលម៉ាស៊ីនដឹកនាំវៀតណាម៖ 
 
១. អគ្គលេខាធិការគណៈមជ្ឈិមបក្ស ង្វៀន ភូជុង 
 

លោក ង្វៀន ភូជុង អគ្គលេខាធិការគណៈមជ្ឈិមបក្ស។
 
លោក ង្វៀន ភូជុង ត្រូវបានសមាជបក្សកុម្មុយនីស្តវៀតណាមជ្រើសតាំងជាអគ្គលេខាធិការសម្រាប់អាណត្តិទី៣ នាសមាជបក្សដើមឆ្នាំ។ តាំងពីឆ្នាំ២០១៦ លោកដឹកនាំយុទ្ធនាការដ៏សំខាន់មួយក្នុងការបោសសម្អាតអំពើពុករលួយ។  លោក ជុង ជាមេដឹកនាំវៀតណាមដ៏មានឥទ្ធិពលក្នុងប៉ុន្មានទសវត្សរ៍មកនេះ ព្រោះអាចកាន់តំណែងលេខាបក្សបានលើសពីរអាណត្តិ ដោយអាណត្តិដំបូងចាប់ផ្ដើមនៅឆ្នាំ២០១១ ។ លេខាបក្ស ជាតំណែងមានឥទ្ធិពលខ្ពស់បំផុតក្នុងតំណែងទាំងបួន។
 
២. ប្រធានាធិបតី ង្វៀន សួនហ្វ៊ុក 


 លោក ង្វៀន សួនហ្វ៊ុក ប្រធានាធិបតី


លោក ង្វៀន សួនហ្វ៊ុក ត្រូវបានសភាវៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីថ្មី ជំនួសលោក ង្វៀន ភូជុង ។ ជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ លោក ហ្វ៊ុក ជាតំណាងប្រទេសវៀតណាមទៅកាន់ឆាកពិភពលោក និងក្នុងតំបន់ ជាពិសេសតំបន់អាស៊ាន។ លោកទទួលបានការកោតសរសើរចំពោះការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយជំងឺកូវីដ-១៩ ។ 
 
ប៉ុន្តែតំណែងប្រធានាធិបតីនេះ ត្រូវបានមើលឃើញថា មិនសូវមានអំណាចឡើយ ហើយភាគច្រើនបំពេញភារកិច្ចផ្នែកពិធីការប៉ុណ្ណោះ។  យ៉ាងណាមិញ ដោយសារឈរលេខរៀងទីពីរក្នុងជួរគណៈមជ្ឈិមបក្ស លោក ហ្វ៊ុក មានឱកាសឡើងជាអគ្គលេខាធិការ ក្នុងករណីលោក ជុង មានបញ្ហា។ 
 
៣. នាយករដ្ឋមន្រ្តី ផាម មិញឈិញ
 

 លោក ផាម មិញឈិញ នាយករដ្ឋមន្រ្តី
 
លោក ផាម មិញឈិញ ជាប្រធានគណៈចាត់តាំងនៃគណៈមជ្ឈិមបក្ស មុនក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាមជំនួសលោក ង្វៀន សួនហ្វ៊ុក។ លោក ឈិញ មិនធ្លាប់កាន់តំណែងធំៗក្នុងជួររដ្ឋាភិបាលឡើយ តែធ្លាប់ជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។ ក្នុងក្រសួងនេះ លោក ឈិញ មានបទពិសោធជោគជាំផ្នែកចារកម្ម និងការតាមដានសន្តិសុខ ឬសកម្មភាពនានានៅក្នុងសង្គម ក៏ដូចជាសកម្មភាពចារកម្មនៅឯក្រៅប្រទេស។ នៅក្នុងតំណែងជានាយករដ្ឋមន្រ្តី លោក ឈិញ នឹងដឹកនាំរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយរបស់ជាតិ។ 
 
៤. ប្រធានរដ្ឋសភា វឿង ឌិញហ្វេ 
 

 លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា
 
លោក វឿង ឌិញហ្វេ ជាសេដ្ឋកិច្ចវិទូ និងជាអតីតឧបនាយករដ្ឋមន្រ្តីផង។ មុនក្លាយជាប្រធានសភា លោក ហ្វេ ក៏ជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តក្រុងហាណូយ៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com