កីឡាអន្តរជាតិ
អន្តរជាតិ
មេធាវី និងកូនស្រី Maradona កើតជម្លោះលើការប្រើប្រាស់រូប និងឈ្មោះយីហោ
08, Apr 2021 , 3:59 pm        
រូបភាព
ក្រោយអតីតរាតាបាល់ទាត់ឆ្នើម Diego Maradona ទទួលមរណភាពមិនទាន់បានប៉ុន្មានផង ទំនាស់ផលប្រយោជន៍ចាប់ផ្តើមកើតឡើងរវាងកូនៗ និងអតីតមេធាវីលោក ជុំវិញការប្រើយីហោ និងសិទ្ធិប្រើរូបភាពរបស់ Maradona។


មេធាវីលោក Matias Morla និងកូនស្រីរបស់ Maradona ពីរនាក់ Dalma និង Gianinna កំពុងមានជម្លោះដណ្តើមកេរ លើការប្រើឈ្មោះម៉ាកយីហោ និងសិទ្ធិរូបភាពរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន។ មេធាវីរូបនេះ ចោទប្រកាន់កូនស្រីទាំងពីរថាបានបោះបង់ចោលឪពុករបស់ពួកគេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
លោក Morla បានប្រាប់ទូរទស្សន៍ America TV ថា៖ « Maradona ត្រូវបានគេបោះបង់ចោលជារឿងពិតណាស់។ គាត់បានស្លាប់តែម្នាក់ឯង ក្រៅតែពីបងប្អូនស្រី សង្សារ និងកូនប្រុសរបស់គាត់ Dieguito Fernando គ្មានអ្នកផ្សេងទៅជួបគាត់នោះទេ»។
 
ការិយាល័យមេធាវីរបស់ Morla ត្រូវបានឆែកឆេរ នៅថ្ងៃទី៥ ខែមេសា បន្ទាប់ពី Dalma និង Gianinna បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោកកាលពីថ្ងៃទី១២ ខែមីនា ពីបទឆបោករដ្ឋបាល និងបន្លំឯកសារលើសិទ្ធិប្រើឈ្មោះ និងរូបរបស់ Maradona។
 
កូនស្រីទាំងពីរនាក់របស់ Maradona បានស្នើឱ្យមានការស៊ើបអង្កេតលើការប្រើប្រាស់យីហោ Maradona ដោយក្រុមហ៊ុនមួយឈ្មោះថា Sattvica ដែលជាកម្មសិទ្ធិរបស់លោក Morla។ អ្នកទាំងពីរ បានចោទលោក Morla ថា មានភាពមិនស្មោះត្រង់ និងការរំលោភបំពាននៅក្នុងការគ្រប់គ្រងការប្រើម៉ាកយីហោ និងសិទ្ធិរូបភាពរបស់ Maradona បន្ទាប់ពីមរណភាពរបស់លោក។
  


Maradona បានទទួលមរណភាពនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារគាំងបេះដូង នៅអាយុ៦០ឆ្នាំ។ មុនស្លាប់ Maradona ផ្តាំមេធាវីរូបនេះថា៖ «ម៉ាកយីហោ Maradona នឹងមើលថែបងប្អូនស្រីរបស់ខ្ញុំ ហើយសិទ្ធិលើរូបភាពនឹងមើលថែរក្សាអ្នកទទួលមរតករបស់ខ្ញុំ។ Dalma និង Gianinna មិនចូលចិត្តខ្ញុំទេ ពីព្រោះនៅឆ្នាំ ២០១៤ ខ្ញុំបានដកហូតប័ណ្ណឥណពន្ធរបស់ពួកគេ»។
 
លោក Morla បន្ថែមថា វីរបុរសដែលជួយជម្រើសជាតិអាហ្សង់ទីឈ្នះ World Cup ឆ្នាំ ១៩៨៦ បានបញ្ជូនឯកសារដែលបានចុះហត្ថលេខាជាធរមានជាមួយតុលាការនៅក្រុងឌូបៃនៅឆ្នាំ ២០១៥ ឬ ២០១៦ រួចរាល់ហើយ។
 
សព្វថ្ងៃក្រុមហ៊ុន Sattvica របស់លោក Morla ត្រូវបានហាមឃាត់មិនឱ្យប្រើយីហោ Maradona ឡើយ។ ទោះយ៉ាងនេះក្តីលោក Morla បានបញ្ឈប់ការចោទប្រកាន់ជុំវិញករណីនេះ ប៉ុន្តែលោករិះគន់កូនស្រីទាំងពីរនេះថាបង្កបញ្ហាក៏ព្រោះតែលុយប៉ុណ្ណោះ៕
 

Tag:
 Diego Maradona
© រក្សាសិទ្ធិដោយ thmeythmey.com