COVID-19
អន្តរជាតិ
អ្នកស្លាប់ដោយសារកូវីដ-១៩ មានជាង២,៩លាននាក់
08, Apr 2021 , 5:08 pm        
រូបភាព
ដោយ: រួបរួម
អ្នកស្លាប់ដោយសារកូវីដ-១៩នៅលើពិភពលោក មានជាង២,៩លាននាក់ហើយ ដោយគិតត្រឹមថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ ករណីសរុបឡើងដល់ជិត១៣៤លាននាក់ ខណៈអ្នកជាសះស្បើយមានជិត១០៨នាក់ផងដែរ។

 
សហរដ្ឋអាមេរិក មានអ្នកស្លាប់ជាង៥៧ម៉ឺននាក់ក្នុងចំណោមករណីសរុបជាង៣១លាន រីឯប្រេស៊ីលមានអ្នកស្លាប់ជាង៣៤ម៉ឺននាក់ក្នុងចំណោមជាង១៣លានករណី។ ម៉ិកស៊ិកដែលស្ថិតនៅចំណាត់ថ្នាក់លេខ១៤លើករណីឆ្លង ប៉ុន្តែក្លាយជាប្រទេសទី៣ដែលមានករណីស្លាប់ច្រើនជាងគេ ដោយមានដល់ទៅជាង២០ម៉ឺននាក់ក្នុងចំណោមជាង២លានករណី។
 
ឥណ្ឌា ចក្រភពអង់គ្លេស អ៊ីតាលី និងរុស្ស៊ី សុទ្ធតែមានអ្នកស្លាប់ជាង១០ម៉ឺននាក់រៀងៗខ្លួន។ បារាំងមានអ្នកស្លាប់ជាង៩៧០០០នាក់ អាល្លឺម៉ង់ និងអេស្ប៉ាញ មានក្នុងរង្វង់៧ម៉ឺននាក់ កូឡុំប៊ី និងអ៊ីរ៉ង់ មានជាង៦ម៉ឺននាក់ ខណៈអាហ្សង់ទីន ប៉ូឡូញ ប៉េរូ និងអាហ្វ្រិកខាងត្បូង មានជាង៥ម៉ឺននាក់។
 
ហូឡង់ស្ថិតក្នុងចំណោមប្រទេសចំនួន២៣ដែលមានករណីឆ្លងលើស១លាន ប៉ុន្តែប្រទេសនេះ មានអ្នកស្លាប់ជាង១៦០០០នាក់ ដែលតិចជាងព័រទុយហ្គាល់ អេក្វាឌ៍រ បែលហ្ស៊ិក និងរូម៉ានី ខណៈប្រទេសទាំងនេះ មានករណីឆ្លងក្រោម១លាននាក់។
 
ឥណ្ឌូណេស៊ី ជាប្រទេសទីបីនៅអាស៊ី បន្ទាប់ពីឥណ្ឌា និងអ៊ីរ៉ង់ លើចំនួនអ្នកស្លាប់ច្រើនជាងគេដោយសារកូវីដ-១៩ ដោយមានជាង៤២០០០នាក់ក្នុងចំណោមជាង១,៥លានករណី ខណៈហ្វីលីពីន ស្ថិតនៅលំដាប់ទី៦ក្នុងតំបន់ ដោយមានអ្នកស្លាប់ជាង១៤០០០នាក់ក្នុងចំណោមជាង៨២ម៉ឺនករណី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com