អន្តរជាតិ
ឥណ្ឌូណេស៊ីថា ការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន១០០លានដូស ត្រូវពន្យាពេល
08, Apr 2021 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី៨ ខែមេសា បានលើកឡើងថា ការដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ប្រមាណ១០០លានដូស ប្រឈមនឹងការពន្យារពេល។ បញ្ហានេះ នឹងកម្មវិធីចាក់វ៉ាក់សាំង ត្រូវបានរាំងស្ទះទៅតាមនោះដែរ។


ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៨ ខែមេសា រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី Budi Gunadi Sadiki បញ្ជាក់ ថា ឥណ្ឌូណេស៊ីនឹងទទួលវ៉ាក់សាំងរបស់ AstraZeneca ត្រឹមតែ២០លានដូសប៉ុណ្ណោះក្រោមកិច្ច ព្រមព្រៀងទ្វេភាគីជាមួយក្រុមហ៊ុន AstraZeneca ផ្ទាល់ក្នុងឆ្នាំ ២០២១នេះ។ ប៉ុន្តែក្រោមការឯកភាព គ្នាដំបូង ឥណ្ឌូណេស៊ីត្រូវទទួលបានវ៉ាក់សាំងដល់ទៅ៥០លានដូស។ វ៉ាក់សាំង៣០លានដូសដែល នៅសល់ នឹងត្រូវដឹកជញ្ជូនទៅដល់ឥណ្ឌូណេស៊ីនៅត្រីមាសទី២ ក្នុងឆ្នាំ២០២២ខាងមុខ។ 
 
ឥណ្ឌូណេស៊ី ក៏នឹងទទួលបានវ៉ាក់សាំងរបស់ AstraZeneca ចំនួន៥៤លានដូសផ្សេងទៀតតាម យន្តការ COVAX ផងដែរ។ ប៉ុន្តែការដឹកជញ្ជូនវ៉ាក់សាំងសម្រាប់ខែមេសានៅតែយឺតយ៉ាវ ព្រោះឥណ្ឌា បានរឹតត្បិត ការនាំចេញវ៉ាក់សាំងដើម្បីទុកសម្រាប់ប្រជាជនខ្លួនឱ្យបានគ្រប់គ្រាន់ក្នុងពេលប្រទេស កំពុងមានការឆ្លងរាលដាលកូវីដ-១៩ យ៉ាងខ្លាំង។ 
 
«វាជាអ្វីដែលយើងមិនអាចទទួលបានយកបានឡើយ។ យើងកំពុងចរចាជាមួយ AstraZeneca ។» លោក Budi បញ្ជាក់បែបនេះដែលត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ 
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានអះអាងដែរថា ការពន្យារពេលនេះ អាចប៉ះពាល់ កម្មវិធីចាក់វ៉ាក់សាំងរបស់ឥណ្ឌូណេស៊ី ប្រសិនបើឥណ្ឌូណេស៊ី មិនទទួលបានវ៉ាក់សាំងផ្សេងបន្ថែម ទៀតជាការជំនួសទេនោះ។
 
ឥណ្ឌូណេស៊ីបានទទួលវ៉ាក់សាំងរបស់ AstraZeneca ចំនួន១,១លានដូស តាមយន្តការ COVAX តាំងពីខែមីនា។ បន្ថែមពីលើវ៉ាក់សាំងរបស់ AstraZeneca ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើ វ៉ាក់សាំងក្រុមហ៊ុនចិន Sinovac Biotech សម្រាប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ 
 
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចាប់ផ្តើមការចាក់វ៉ាក់សាំងក្នុងប្រទេសតាំងពីខែមករា ដោយរំពឹងអាចចាក់ ឱ្យប្រជាជនចំនួន១៨១,៥លាននាក់ក្នុងរយៈពេលមួយឆ្នាំ។ ឥណ្ឌូនេស៊ីបានចាក់វ៉ាក់សាំងដូស ទីមួយ ឱ្យប្រជាជនយ៉ាងហោចណាស់ជាង៩លាននាក់រួចមកហើយ។ 
 
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ មានស្ថានភាពឆ្លងរាលដាលធ្ងន់ធ្ងរជាងគេនៅក្នុងទ្វីបអាស៊ី។ គិតមកត្រឹមថ្ងៃទី៧ ខែមេសា ឥណ្ឌូណេស៊ីមានករណីវិជ្ជមានសរុបជាង ១,៥៤ លានករណី និងមាន អ្នកស្លាប់ជាង៤ម៉ឺននាក់៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com