អន្តរជាតិ
នូវែលសេឡង់ ផ្អាកការធ្វើដំណើរពីឥណ្ឌា ក្រោយមានករណីកូវីដ-១៩ នាំចូលច្រើន
08, Apr 2021 , 10:29 pm        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ
 
នូវែលសេឡង់ នៅថ្ងៃទី៨ ខែមេសា បានប្រកាសបិទការធ្វើដំណើរទាំងអស់ពីឥណ្ឌាជាបណ្តោះអាសន្ន។ ការបិទការធ្វើដំណើរនេះ ធ្វើឡើងក្រោយនូវែលសេឡង់រកឃើញករណីវិជ្ជមានជាច្រើនលើអ្នកដំណើរដែលមកពីឥណ្ឌា។

 
អ្នកដំណើរទាំងអស់ទៅពីឥណ្ឌា រាប់ទាំងជនជាតិនូវែលសេឡង់ផ្ទាល់ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅនូវែលសេឡង់ចំនួនពីរសប្ដាហ៍ ក្រោយប្រទេសតំបន់អូសេអានីមានករណីនាំចូលជំងឺកូវីដ-១៩ ច្រើនពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ នៅថ្ងៃទី៨ ខែមេសា នូវែលសេឡង់រកឃើញករណីវិជ្ជមានចំនួន២៣នាក់នៅច្រកចូលប្រទេស ដែលក្នុងនោះ១៧ករណីជាអ្នកដំណើរទៅពីឥណ្ឌាតែម្ដង។
 
«យើងកំពុងផ្អាកការចេញចូលពីឥណ្ឌាមួយរយះ»។ លោកស្រី ចាស៊ីនដា អាឌើន នាយករដ្ឋមន្រី្ដនូវែលសេឡង់និយាយបែបនេះសន្និសីទកាសែតមួយក្នុងទីក្រុង Auckland នៅថ្ងៃទី៨ ខែមេសា។ 
 
វិធានការថ្មី នឹងចាប់ផ្តើមអនុវត្តនៅម៉ោង៤រសៀលម៉ោងក្នុងស្រុកនាថ្ងៃទី១១ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា។ អំឡុងពេលនេះ រដ្ឋាភិបាលនូវែលសេឡង់ នឹងពិនិត្យលើវិធានការគ្រប់គ្រងលើបញ្ហានេះមុនឹងបើកច្រកចេញចូលឡើងវិញ។ 
 
សូមបញ្ជាក់ថា នូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសដែលអាចលុបបំបាត់ស្ទើរទាំងស្រុងជំងឺកូវីដ-១៩ ក្នុងប្រទេស ហើយក៏មិនមានករណីឆ្លងក្នុងស្រុកចំនួន៤០ថ្ងៃ។ ប្រទេសនេះ កំពុងផ្ដល់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនផងដែរ។ ផ្ទុយទៅវិញ ឥណ្ឌា កំពុងប្រឈមមុខរលកឆ្លងថ្មី ដែលពីរថ្ងៃចុងក្រោយមានករណីវិជ្ជមានជាងមួយសែននាក់ឯណោះ៕
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com