COVID-19
ជាតិ
អគ្គនាយកអន្តោប្រវេសន៍ មិនឲ្យមន្រ្តីក្រោមឱវាទចូលកន្លែងធ្វើការ បើមិនចាក់វ៉ាក់សាំង
08, Apr 2021 , 11:29 pm        
រូបភាព
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍
 «ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១តទៅ មន្រ្តីនគរបាល [ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍] ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ មិនអនុញ្ញាតឲ្យចូលមកកន្លែងបំពេញការងារឡើយ»។ នេះជាបញ្ជារបស់លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។



តាមរយៈលិខិត ជូនទៅបណ្តាអង្គភាពក្រោមឱវាទនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី៧ ខែមេសា លោក គៀត ច័ន្ទថារិទ្ធ ជំរុញឲ្យមន្រ្តីនគរបាល ដែលមិនទាន់បានចាក់វ៉ាក់សាំង ទៅចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ លោក ប្រាប់ទៅគ្រប់នាយកដ្ឋានក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យស្រង់ឈ្មោះមន្រ្តីនគរបាល ដែលបានចាក់វ៉ាក់សាំង និងស្រង់ឈ្មោះមន្រ្តីនគរបាល ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យបានទាំងអស់គ្នា ត្រឹមថ្ងៃទី១០ ខែមេសា។ 
 
បើតាមលិខិតរបស់លោក គៀត ច័ន្ទថារិទ្ធ មន្រ្តីនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាង៨០ភាគរយហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយនៅតែមួយចំនួនប៉ុណ្ណោះ ដែលមិនទាន់បានចាក់។ លោក គៀត ច័ន្ទថារិទ្ធ ណែនាំថា មន្រ្តីណា ដែលមានបញ្ហាសុខភាព មិនអាចចាក់វ៉ាក់សាំងបាន ត្រូវមានលិខិតបញ្ជាក់ពីគ្រូពេទ្យ។ 
 
លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើទៅគ្រប់ក្រសួង ស្ថាប័ន អង្គភាព រួមទាំងរាជធានី ខេត្ត ឲ្យស្រង់ឈ្មោះមន្រ្តីរាជការស៊ីវិល ដែលមិនបានចាក់វ៉ាក់សាំង ហើយបញ្ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីយកជូនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 
 
សម្តេចប្រមុខរដ្ឋាភិបាល ផ្ញើសារទៅកាន់មន្រ្តីរាជការថា បើអ្នកណា មិនព្រមទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អ្នកនោះមិនបាច់បាច់ចូលទៅធ្វើការនៅតាមស្ថាប័នខ្លួនវិញទេ៕ 
 

Tag:
 COVID-19
  គៀត ច័ន្ទថារិទ្ធ
  ចាក់វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com