COVID-19
ជាតិ
កូវីដ-១៩៖ ករណីថ្មីមាន​ដល់ទៅ៥៧៦ ដោយជាង៥០០នាក់ស្ថិតក្នុងរាជធានីភ្នំពេញ
09, Apr 2021 , 2:19 pm        
រូបភាព
ការយកវត្ថុសំណាករបស់ពលរដ្ឋនៅម្តុំផ្សារអូរឫស្សីទៅធ្វើតេស្តកាលពីយប់ថ្ងៃទី​៨ ខែមេសា។ ថតដោយ សៅ ផលនិស្ស័យ
ការយកវត្ថុសំណាករបស់ពលរដ្ឋនៅម្តុំផ្សារអូរឫស្សីទៅធ្វើតេស្តកាលពីយប់ថ្ងៃទី​៨ ខែមេសា។ ថតដោយ សៅ ផលនិស្ស័យ
មនុស្សចំនួន ៥៧៦នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩ និង៧០នាក់បានជាសះស្បើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាថ្ងៃទី៩ ខែមេសា នេះ។ ភ្នំពេញនៅតែតំបន់ដែលផ្ទុះខ្លាំងជាងគេ បំផុត​។



នៅថ្ងៃនេះ ក្រសួងសុខាភិបាល ប្រកាសថា មានមនុស្សចំនួន ៥៧៦នាក់ទៀត មានវិជ្ជមានជំងឺកូវីដ-១៩ ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ជាតួលេខឆ្លងប្រចាំថ្ងៃ ដ៏ច្រើនបំផុត ចាប់តាំងពីកូវីដ-១៩ បានរាលដាលនៅក្នុងប្រទេសកម្ពុជា។ ចំនួនឆ្លងដ៏លើសលប់នេះ បានធ្វើ​ឱ្យអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនដល់ ៣ ០៧២នាក់។ 

ក្នុងចំណោមអ្នកឆ្លងថ្មី ដែលក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃនេះ មាននៅរាជធានីភ្នំពេញ ៥៤៤នាក់ , ខេត្តព្រះសីហនុ ១២នាក់, ខេត្តស្វាយរៀង ១៦នាក់ ,ខេត្តកំពង់ចាម១នាក់ , ខេត្តសៀមរាបចំនួន ២នាក់។

ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺចំនួន  ៧០នាក់ បានជាសះស្បើយដែរ ក្នុងនោះមាន ៥៨នាក់ជាករណីនៅរាជធានីភ្នំពេញ ដោយមាន១១នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ, ចំនួន២៧នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហ្លួងម៉ែ , ១៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីសណ្ខាគារក្រេឌុក រាជធានីភ្នំពេញ និង៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ មនុស្ស១១នាក់ផ្សេងទៀត ជាករណីនៅខេត្តកណ្តាល ដោយពួកគេ ត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល។ អ្នកសះស្បើយ១នាក់ទៀត ជាជនជាតិចិន ហើយ​ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង។

គិតមកដល់ពេល កម្ពុជា មានអ្នកកើតកូវីដ-១៩ សរុប ៣ ៦០៤នាក់ ក្នុងនោះ ៣ ០៧២ នាក់ពាក់ព័ន្ធនឹងករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ១ ៩៨៤នាក់ និងអ្នកស្លាប់មាន២៤នាក់។ មនុស្សចំនួន ១ ៥៩១នាក់ កំពុងបន្តសម្រាកព្យាបាល ក្នុងនោះ១៧នាក់ សម្រាកព្យាបាលនៅផ្ទះ។ 

ករណីសហគមន៍២០កុម្ភៈ បច្ចុប្បន្នរាលដាលក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com