អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា រឹតបន្តឹងការប្រើអ៊ីនធឺណិត និងរឹបអូសចានផ្កាយរណប​
09, Apr 2021 , 10:26 am        
រូបភាព
បាតុករមីយ៉ាន់ម៉ា ដើរកាន់បដាឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី នៅតាមផ្សារមួយកន្លែងក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព៖ AP
បាតុករមីយ៉ាន់ម៉ា ដើរកាន់បដាឱ្យដោះលែងលោកស្រីអ៊ុងសាន ស៊ូជី នៅតាមផ្សារមួយកន្លែងក្នុងទីក្រុងយ៉ាំងហ្គោន។ រូបភាព៖ AP
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចាត់វិធានការកាន់តែខ្លាំងទៀតលើរឹតបន្តឹងការប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេស។ លើសពីនោះ  របបសឹក ក៏ប្រមូលចានផ្កាយរណបតាមផ្ទះប្រជាជន និងហាងនានាដោយចាត់ទុកឧបករណ៍ទាំងនោះជាវត្ថុខុសច្បាប់។ ការរឹបអូសបែបនេះ នឹងធ្វើឱ្យព័ត៌មាននៅមីយ៉ាន់ម៉ា កាន់តែត្រូវបានរឹតត្បិត និងរាំងខ្ទប់ប្រជាជនមិនអាចទទួលបានព័ត៌មានពីខាងក្រៅ។

 
ចាប់តាំងពីរដ្ឋប្រហារយោធាមក រដ្ឋាភិបាលយោធា បានរឹតត្បិតលើសេវាអ៊ីនធឺណិត ប្រព័ន្ធទូរគមនាគមន៍មួយចំនួន ដើម្បីទប់ស្កាត់ការរីកធំឡើងនៃចលនាតវ៉ានៅក្នុងប្រទេស និងទប់ស្កាត់ការផ្សាយព័ត៌មានជាច្រើន។ នៅថ្ងៃទី៨ ខែមេសា សេវាអ៊ីនធឺណិតតាមខ្សែដែលជាប្រភពអ៊ីនធឺណិតស្របច្បាប់ចុងក្រោយនោះ ក៏ជួបរឿងរអាក់រអួលថែមទៀត។  
 
បើតាមទីភ្នាក់ងារព័ត៌មាន AP វាមិនច្បាស់ឡើយ ថាតើភាពរអាក់រអួលនៃសេវាអ៊ីនធឺណិត ដែលផ្តល់ដោយក្រុមហ៊ុនMBT និងក្រុមហ៊ុន Infinite Networks ជាបញ្ហាបណ្តោះអាសន្ន ឬយ៉ាងណា។ ប៉ុន្តែក្រុមហ៊ុន MBT អះអាងថា សេវាអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់នៅទីក្រុង យ៉ាំងហ្គោន និងទីក្រុង Mandalay ។
 
ស្របពេលអ៊ីនធឺណិត កំពុងមានភាពរអាក់រអួល រដ្ឋាភិបាលយោធា ក៏បានបង្កើនវិធានការថ្មីលើការទទួលព័ត៌មានរបស់ប្រជាជន។  នៅក្នុងទីក្រុងមួយចំនួនដូចជា Laputta   រដ្ឋាភិបាលតំបន់ នៅថ្ងៃទី៨ ខែមេសា ប្រាប់ប្រជាជនថា ការប្រើប្រាស់ចានផ្កាយរណប លែងស្របច្បាប់ទៀតហើយ និងបញ្ជាឱ្យប្រជាជនប្រគល់ឧបករណ៍ទាំងនោះទៅសមត្ថកិច្ច។ ប៉ូលិស ក៏ឆែកឆេរហាងលក់ចានផ្កាយរណបមួយចំនួន និងរឹបអូសផងដែរ។ 
 
ការរឹបអូសចានផ្កាយរណបបែបនេះ នឹងធ្វើឱ្យសេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា កាន់តែធ្លាក់ចុះបន្ថែមទៀត បន្ទាប់ពីសារព័ត៌មានជាច្រើន បានផ្អាកដំណើរការរបស់ខ្លួន ដោយសារតែការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល។ ជាមួយគ្នានេះ អ្នកសារព័ត៌មានប្រមាណ ៣០នាក់ នៅតែបន្តឃុំខ្លួន។ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ចំនួនពាក់កណ្តាល ត្រូវជាប់ចោទពីបទផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់សន្តិសុខជាតិ និងរំខានសណ្តាប់ធ្នាប់សាធារណៈ។ 
 
ជាមួយគ្នានោះ ចំណាត់ការរបស់សហគមន៍អន្តរជាតិបន្តធ្លាក់លើរបបសឹកមីយ៉ាន់ម៉ាមិនដាច់ដែរ។ អាមេរិក បានដាក់ក្រុមហ៊ុនរកស៊ីត្បូង Myanmar Gems Enterprise ទៅក្នុងបញ្ជីខ្មៅ ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើក្រុមបាតុករ។ ទណ្ឌកម្មនេះ គឺហាមឃាត់ប្រជាជនអាមេរិក រកស៊ីត្បូងជាមួយក្រុមហ៊ុនត្បូង។ 
 
ជាមួយគ្នានេះ ប្រេសិតពិសេសអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា​ លោកស្រី Christine Schraner Burgener នឹងមកទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍នៅសប្តាហ៍នេះ ដោយផ្តើមចេញពីថៃ ដើម្បីជជែកពីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា និងពិភាក្សាជាមួយប្រទេសអាស៊ានផ្សេងទៀត។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនទាន់ផ្ដល់ការអនុញ្ញាតឱ្យចូលប្រទេសនៅឡើយទេ៕
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com