COVID-19
ជាតិ
ហេតុអ្វី នៅតែមានអ្នកចត្តាឡីស័ក លួចចេញដើរហើរ និងអ្នកធ្វើតេស្តមិនផ្តល់មធ្យោបាយទាក់ទង?
09, Apr 2021 , 7:59 pm        
រូបភាព
អាជីវករនៅផ្សារអូរឫស្សី ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។ រូបដោយ៖ សៅ ផលនិស្ស័យ
អាជីវករនៅផ្សារអូរឫស្សី ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។ រូបដោយ៖ សៅ ផលនិស្ស័យ
ជាកំហុសរបស់អាជ្ញាធរ ឬក៏មកពីបុគ្គលផ្ទាល់ខ្លួន ចំពោះករណីលួចចេញធ្វើដំណើរ ក្នុងអំឡុងធ្វើចត្តាឡីស័ក និងករណីទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយមិនបានផ្តល់មធ្យោបាយសម្រាប់ទាក់ទង?



ករណីពីរយ៉ាង ដែលបង្កហានិភ័យខ្ពស់នៃរាលដាលជំងឺកូវីដ-១៩ នៅតែបន្តកើតមានឡើង គឺទីមួយ អ្នកធ្វើចត្តាឡីស័ក លួចចេញធ្វើដំណើរ ហើយទីពីរ អ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ មិនផ្តល់អាសយដ្ឋានពិតប្រាកដ មិនផ្តល់លេខទូរស័ព្ទ ឬ មិនផ្តល់មធ្យោបាយណាមួយ សម្រាប់ទាក់ទង។ អាជ្ញាធរ គួរដោះស្រាយជាបន្ទាន់ ដោយមិនគួរឲ្យករណីទាំងពីរនេះ បន្តកើតមាននោះទេ។ 
 
ចំពោះអ្នកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័ក មិនងាយនឹងអាចលួចរត់គេចបានឡើយ ហើយមកដល់ពេលនេះ ស្ទើរតែគ្មានអ្នកលួចរត់គេច ដ្បិតមានអាជ្ញាធរ នៅចាំឃ្លាំមើលជាប្រចាំ។ អ្វី ដែលត្រូវបារម្ភនោះ គឺអ្នកធ្វើចត្តាឡីស័កតាមផ្ទះ ដែលនៅតែអាចមានលទ្ធភាពលួចចេញធ្វើដំណើរ ដ្បិតអាជ្ញាធរ មិនអាចនៅយាមកាមពួកគេបានគ្រប់ពេលឡើយ។ 
 
ដើមខែមេសា ឆ្នាំ២០២១ បុរសម្នាក់ ជាអ្នកធ្វើការនៅផ្សារអូរឫស្សី ដែលជាកន្លែងមានហានិភ័យខ្ពស់នៃឆ្លងជំងឺកូវីដ-១៩ បានធ្វើដំណើរទៅស្រុកកំណើត នៅស្រុកសំរោង ខេត្តតាកែវ។ បុរសនោះ បានធ្វើដំណើរពីភ្នំពេញ ទៅស្រុកកំណើត ទាំងដែលគាត់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ បច្ចុប្បន្ន គាត់ ត្រូវអាជ្ញាធរ យកទៅដាក់ធ្វើចត្តាឡីស័ក នៅស្រុកកំណើត និងរង់ចាំលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩។ 
 
ដើមខែមេសានេះដដែល មានបុរសម្នាក់ទៀត បានចេញពីភ្នំពេញ ទៅស្រុកកំណើតដែរ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ បុរសនោះ បានធ្វើតេស្តពីរដងរួចមកហើយ ដោយលទ្ធផលអវិជ្ជមាន ហើយគាត់ បានទៅធ្វើតេស្តលើកទីបី។ ជាធម្មតា គាត់ ត្រូវរង់ចាំលទ្ធផលធ្វើតេស្ត ហើយត្រូវធ្វើចត្តាឡីស័ក ដោយមិនត្រូវធ្វើដំណើរទៅណាឡើយ។ លទ្ធផលតេស្តលើកទីបីនេះ បង្ហាញថា គាត់ មានវិជ្ជមានកូវីដ-១៩ បន្ទាប់មកត្រូវបញ្ជូនទៅព្យាបាល។  
 
មនុស្សមួយចំនួន បានពាក់ព័ន្ធនឹងបុរសទាំងខាងលើ ហើយត្រូវយកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក។ ក្រៅពីករណីបុរសទាំងពីររូបនោះ នៅមានករណីរត់គេចពីការធ្វើចត្តាឡីស័កផ្សេងទៀត ដែលធ្លាប់កើតមានកន្លងមក។ អាជ្ញាធរ ត្រូវបង្កើនការយកចិត្តទុកដាក់និងឃ្លាំមើលពួគេ ឲ្យជាប់តាមតែអាចធ្វើទៅបាន។ ម្យ៉ាងទៀត អាជ្ញាធរ គួរពិនិត្យមើលស្ថានភាពជីវភាពរបស់អ្នកធ្វើចត្តាឡីស័ក។ 
 
បើអ្នកធ្វើចត្តាឡីស័ក ជាអ្នកទំនុកបម្រុងគ្រួសារ ហើយដោយសារតម្រូវការជីវភាពគ្រួសារប្រចាំថ្ងៃ អ្នកធ្វើចត្តាឡីស័កនោះ អាចនឹងលួចចេញទៅធ្វើការឬប្រកបអាជីវកម្ម ដើម្បីទទួលបានចំណូល។ ទោះជារដ្ឋាភិបាល ផ្តល់ថវិកាពីរម៉ឺនរៀលប្រចាំថ្ងៃ ដល់អ្នកធ្វើចត្តាឡីស័កម្នាក់ៗក្តី តែជួនកាល តម្រូវការឬការចំណាយរបស់គ្រួសារមួយអាចលើសពីនេះ។ អាចនៅមានមូលហេតុផ្សេងទៀត ដែលធ្វើឲ្យអ្នកធ្វើចត្តាឡីស័ក លួចចេញធ្វើដំណើរ។
 
ចំពោះអ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ត្រូវតែឲ្យពួកគេ ផ្តល់មធ្យោបាយសម្រាប់ទំនាក់ទំនង «ជាដាច់ខាត»។ សម័យនេះហើយ តើអ្នកណាម្នាក់ ដែរគ្មានទូរស័ព្ទប្រើ? ដូច្នេះ ការតម្រូវឲ្យពួកគេ ផ្តល់លេខទូរស័ព្ទ គឺជារឿងចាំបាច់បំផុត។ 
 
លើសពីនេះ អាជ្ញាធរ ត្រូវតម្រូវឲ្យពួគេ ផ្តល់អាសយដ្ឋានពិតប្រាកដ «ជាដាច់ខាត» ផងដែរ ដើម្បីអាចរកពួកគេ ក្នុងករណីលេខទូរស័ព្ទរបស់ពួកគេ មិនអាចទាក់ទងបាន ហើយដើម្បីទៅយកពួកគេ ទៅព្យាបាល។        
 
អាជ្ញាធរ មិនអាចធ្វើតេស្តឲ្យអ្នកណាម្នាក់ ដោយមិនបានទទួលមធ្យោបាយសម្រាប់ទាក់ទងអ្នកនោះឡើយ ជាពិសេស លេខទូរស័ព្ទនិងអាសយដ្ឋាន។ អាជ្ញាធរ គប្បីមានភាពច្បាស់លាស់ថា អាចទាក់ទងទៅពួកគេបាន នៅពេលពួកគេ មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។ 
 
មិនមានលេខទូរស័ព្ទ ឬមិនមានអាសយដ្ឋានរបស់ពួកគេ ចុះបើលទ្ធផល បង្ហាញថា ពួកគេ វិជ្ជមានជំងឺកូវីដ-១៩ តើគួរធ្វើយ៉ាងម៉េច? វា ជាហានិភ័យខ្ពស់មួយ ដែលបណ្តាលឲ្យរាលដាលជំងឺកូវីដ-១៩ខ្លាំង។ 
 
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា មាននារីម្នាក់ បានធ្វើតេស្តរកវីរុសកូវីដ-១៩ ហើយលទ្ធផល គឺវិជ្ជមាន តែអាជ្ញាធរ និងក្រុមគ្រូពេទ្យ មិនអាចទាក់ទងបាននិងរកមិនឃើញលំនៅឋាន ដ្បិតពេលទៅធ្វើតេស្ត នារីនោះ មិនផ្តល់លេខទូរស័ព្ទ និងមិនប្រាប់អាសយដ្ឋានពិតប្រាកដដល់អាជ្ញាធរ។ ហេតុអ្វី អាជ្ញាធរ ធ្វើតេស្តឲ្យនារីនោះ ទាំងមិនមានលេទូរស័ព្ទនិងអាសយដ្ឋានរបស់គាត់? គាត់ មិនមានទូរស័ព្ទ និងមានអាសយដ្ឋានពិតប្រាកដ ឬគាត់ មិនផ្តល់ឲ្យ? បើគាត់ មិនផ្តល់ឲ្យ ហេតុអ្វី អាជ្ញាធរ មិនសួរហេតុផល?  

មធ្យោបាយ ដែលអាជ្ញាធរ អាចធ្វើបាន គឺបញ្ចេញអត្តសញ្ញាណនារីនោះជាសាធារណៈ ហើយអំពាវនាវឲ្យសាមីខ្លួន ទាក់ទងទៅអាជ្ញាធរបន្ទាន់ ដើម្បីរៀបកន្លែងសម្រាប់ព្យាបាល។ (សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានព័ត៌មាននោះទេថា អាជ្ញាធរ រកនារីនោះ ឃើញឬនៅ)។ 
 
មើលទៅរដ្ឋាភិបាល ប្រឹងប្រែងខ្លាំងណាស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយបានដាក់ចេញវិធានការជាហូរហែ។ ដូច្នេះ អាជ្ញាធរ គួរបង្កើនប្រសិទ្ធភាពនៃអនុវត្តវិធានការរបស់រដ្ឋាភិបាល ហើយចៀសវាងកុំឲ្យមានការថ្លោះធ្លោយណាមួយ ដូចជា ករណីអ្នកធ្វើចត្តាឡីស័ក លួចចេញធ្វើដំណើរ និងករណីអ្នកទៅធ្វើតេស្តរកវីរុសកូវីដ-១៩ មិនផ្តល់លេខទូរស័ព្ទ មិនផ្តល់អាសយដ្ឋាន ជាដើម។ 
 
អាជ្ញាធរ ត្រូវព្រមានទៅកាន់អ្នកធ្វើចត្តាឡីស័ក ពីការរងទោសទណ្ឌ បើពួកគេ លួចចេញធ្វើដំណើរ ហើយក៏ត្រូវព្រមានទៅកាន់អ្នកធ្វើតេស្តដូចគ្នា ពីការរងទោសទណ្ឌ បើពួកគេ មិនផ្តល់មធ្យោបាយទាក់ទង ឬ មានចេតនាផ្តល់មធ្យោបាយទាក់ទងក្លែងក្លាយ (លេខទូរស័ព្ទនិងអាសយដ្ឋាន)។ 
 
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវពឹងតែរដ្ឋាភិបាលនោះទេ។ តួយ៉ាង អ្នកធ្វើចត្តាឡីស័ក ដាច់ខាតមិនត្រូវលួចចេញធ្វើដំណើរឡើយ ហើយអ្នកធ្វើតេស្តរកវីរុសកូវីដ-១៩ ដាច់ខាតត្រូវផ្តល់មធ្យោបាយទាក់ទងដល់អាជ្ញាធរ៕ 
 

Tag:
 COVID-19
  រត់ចេញពីចត្តាឡីស័ក
  ធ្វើតេស្តមិនផ្តល់លេខទូរស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com