អន្តរជាតិ
ហុងកុង ពន្យាពេលនាំចូលវ៉ាក់សាំងរបស់ AstraZeneca ប្រជាជនហុងកុងអង្គុយរង់ចាំទទួលវ៉ាក់សាំង។ រូបថត Xinhua
× ហុងកុង នៅថ្ងៃទី៩ ខែមេសា អះអាងថា ខ្លួននឹងពន្យាពេលនាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលបញ្ជាទិញក្រុមហ៊ុន AstraZeneca ក្នុងឆ្នាំនេះ ដោយព្រួយបារម្ភអំពីសុវត្ថិភាពក្រោយមានការ រាយការណ៍ទាក់ទងនឹងបញ្ហាស្ទះសរសៃឈាម។
ទីក្រុងហុងកុង បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចំនួន៧,៥លានដូស ដែលគ្រោង ទៅដល់ហុងកុងនៅឆមាសទីពីរនៃឆ្នាំ២០២១ នេះ។ ប៉ុន្តែហុងកុងប្រកាសពន្យារពេលនាំចូលសិន។
«ទោះបីជាយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca ក្ដី យើង ជឿជាក់ថា វ៉ាក់សាំងរបស់ AstraZeneca នឹងមិនចាំបាច់ត្រូវផ្គត់ផ្គង់ឱ្យហុងកុងនៅឆ្នាំនេះទេ។ ការ ធ្វើ ដូច្នេះ នឹងមិនបង្កឱ្យមានការខ្ជះខ្ជាយវ៉ាក់សាំង ខណៈពិភពលោកកំពុងជួបបញ្ហាខ្វះខាតវ៉ាក់សាំង»។ នេះជាលើកឡើងរបស់លេខាធិការស្បៀងអាហារ និងសុខភាពហុងកុង លោកស្រី Sophia Chan។
ទោះលើកហេតុផលចម្បងថា ខ្លួនមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ហើយសម្រាប់ប្រជាជនខ្លួនក្ដី ការប្រកាសរបស់ហុងកុង ធ្វើឡើងស្របពេលមានក្ដីបារម្ភទាក់ទងការកើតឡើងបញ្ហាស្ទះសសៃឈាម លើអ្នកដែលទទួលវ៉ាក់សាំងរបស់ AstraZeneca ។ ប្រទេសមួយចំនួនប្រកាសផ្អាកការផ្ដល់វ៉ាក់សាំង ឱ្យប្រជាជនរបស់ខ្លួន បើទោះជាអង្គការសុខភាពពិភពលោក និងក្រុមហ៊ុនផ្ទាល់ធានាពីសុវត្ថិភាពក្ដី។
លោកស្រី Chan បានបញ្ជាក់ទៀតថា រដ្ឋាភិបាលហុងកុងកំពុងពិចារណាទិញវ៉ាក់សាំងប្រភេទថ្មីដែល អាចផ្តល់នូវការការពារប្រសើរជាងនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តាមពិតទៅ ហុងកុងបានបញ្ជាទិញវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនស្រេចទៅហើយចំនួន១៥ លានដូស ដោយទិញពីក្រុមហ៊ុនវ៉ាក់សាំងចិន Sinovac BioTech និង BioNTech របស់អាល្លឺម៉ង់។ វ៉ាក់សាំងទាំងពីរ ក៏ត្រូវបានផ្ដល់ឱ្យប្រជាជនបន្តបន្ទាប់ផងដែរ។
ខណៈបណ្តាប្រទេសជាច្រើនផ្អាកការប្រើប្រាស់វ់ាក់សាំងរបស់ AstraZeneca ឥណ្ឌូណេស៊ី គឺជាអ្នក ដែលត្រូវក្រុមហ៊ុន AstraZeneca ពន្យាពេលដឹកជញ្ជូនមកឱ្យខ្លួនទៅវិញ។ ឥណ្ឌូណេស៊ី កំពុង ពិភាក្សាជាមួយចិនលើការទិញវ៉ាក់សាំងប្រមាណ១០០លានដូស ដើម្បីបំពេញកង្វះខាតវ៉ាក់សាំង ចំ ពេលស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកំពុងឆ្លងរាលដាលយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com