ជាតិ
សេដ្ឋកិច្ច
អាមេរិកឱ្យ១,៦លានដុល្លារដល់កម្ពុជា ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមសល់ពីសង្គ្រាម
09, Apr 2021 , 9:59 pm        
រូបភាព
រូបថត៖ ពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយក CMAC
រូបថត៖ ពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយក CMAC
ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិកតាមរយៈអង្គការជំនួយប្រជាជនន័រវែស (NPA) បានផ្តល់ជំនួយជាថវិកាចំនួន១,៦លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមដែលនៅសល់ពីសង្រ្គាម នៅភាគខាងកើតនៃប្រទេសកម្ពុជា។ ជំនួយនេះ គឺបានចុះហត្ថលេខាដោយ លោក ហេង រតនា អគ្គនាយក CMAC ជាមួយនឹងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជា នារសៀលថ្ងៃទី៩មេសា ឆ្នាំ២០២១។

 
លោក ហេង រតនា អះអាងលើទំព័រហ្វេសប៊ុករបស់លោកថា ថវិកាចំនួនថវិកា១,៦លានដុល្លារ ដែលជាជំនួយរបស់អាមេរិកនេះ គឺសម្រាប់ចំណាយរយៈពេល១ឆ្នាំ ចាប់ខែមីនា ឆ្នាំ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ២០២២ លើគម្រោងអនុវត្តសកម្មភាពកម្ចាត់មីន។ លោក ហេង រតនា បានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ ត្រូវប្រើប្រាស់កម្លាំងជំនាញរបស់អង្គភាព CMAC ជាង២០០នាក់។
 
លោក រម្លឹកថា សម្រាប់ឆ្នាំ២០២០-២០២១ CMAC បានសម្រចលទ្ធផល ក្នុងការរំដោះតំបន់គ្រាប់បែកចង្កោម បានចំនួន១១៣គម្រោង ដោយបានរកឃើញនិងកម្ទេចចោលគ្រាប់បែកចង្កោមនិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានជាង១,១ម៉ឺនគ្រាប់។
 
ចាប់ពីឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០២០ កម្ពុជាមានប្រជាពលរដ្ឋជិត២ម៉ឺននាក់បានស្លាប់ និងរងរបួសដោយពិការដាច់ដៃជើងជាង៤,៥ម៉ឺននាក់ផ្សេងទៀត ដោយសារគ្រាប់មីន និងគ្រាប់សំណល់ជាតិផ្ទុះ។
 
កម្ពុជា ត្រូវបន្តបោសសម្អាតផ្ទៃដី ដែលមានមីនចំនួន៨៤៥គីឡូម៉ែត្រការ៉េ និងផ្ទៃដី ដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន១៣១៦គីឡូម៉ែត្រការ៉េ បន្ថែមទៀត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ«កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»៕
 
 

Tag:
 CMAC
  មីន
  គ្រាប់បែកចង្កោម
  លោក ហេង រតនា
© រក្សាសិទ្ធិដោយ thmeythmey.com