អន្តរជាតិ
កូរ៉េខាងត្បូង ដាក់បង្ហាញគំរូយន្តហោះចម្បាំងដែលផលិតក្នុងស្រុកជាលើកដំបូង
09, Apr 2021 , 10:29 pm        
រូបភាព
លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ KAI
លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ KAI
កូរ៉េខាងត្បូង នៅថ្ងៃទី៩ ខែមេសា បានដាក់តាំងគំរូយន្តហោះចម្បាំងប្រភេទ KF-21 Boramae ដែលផលិតនៅក្នុងស្រុកជាលើកដំបូង។ យន្តហោះចម្បាំងប្រភេទនេះ នឹងប្រើប្រាស់សាកល្បងនៅក្នុងឆ្នាំ ២០២២ខាងមុខ ហើយទាមទារអភិវឌ្ឍឱ្យចប់សព្វគ្រប់នៅត្រឹមឆ្នាំ ២០២៦ឯណោះ។


នាទីក្រុងSacheon យន្តហោះចម្បាំង KF-21 Boramae ត្រូវបានដាក់បង្ហាញជាលើកដំបូង នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Korea Aerospace។ យន្តហោះដែលមានពណ៌ប្រផេះមួយនេះ ត្រូវបានអភិវឌ្ឍក្រោមគម្រោងរបស់កូរ៉េខាងត្បូងមួយ ដែលចំណាយទឹកប្រាក់ ៧,៩ពាន់លានដុល្លារដើម្បីជំនួសយន្តហោះចម្បាំង F-4 និង F-5។ 
 
យន្តហោះចម្បាំង ដែលជាផលិតផលក្នុងស្រុកមួយនេះ មានទម្ងន់ ៧៧០០គីឡូក្រាម និងមានកន្លែងដាក់មីស៊ីល ឬអាវុធផ្សេងៗចំនួន ១០កន្លែង ហើយថែមទាំងមានសមត្ថភាពហោះបាន ២,២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap យន្តហោះប្រភេទនេះ អាចហោះបានចម្ងាយ  ២៩០០គីឡូម៉ែត្រ។ 
 
នៅក្នុងពិធីដាក់បង្ហាញនេះ ទីភ្នាក់ងារលទ្ធកម្មយោធា បានអះអាងថា ការដាក់បង្ហាញយន្តហោះចម្បាំងប្រភេទថ្មីនេះ គឺជាជំហានដ៏សំខាន់មួយ ដែលកូរ៉េខាងត្បូង នឹងត្រូវឈានដល់ដំណាក់កាលមួយទៀត គឺការសាកល្បងយន្តហោះតែម្តង បន្ទាប់ពីផ្គុំរួច។ យ៉ាងណាមិញ យន្តហោះចម្បាំង KF-21 Boramae នឹងដាក់ឱ្យសាកល្បងនៅក្នុងឆ្នាំ ២០២២ ខណៈការអភិវឌ្ឍឱ្យចប់សព្វគ្រប់ គឺត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៦។ 
 
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានចាត់ទុកយន្តហោះចម្បាំង ប្រភេទថ្មីនេះថា នឹងដើរតួនាទីដ៏សំខាន់នៅក្នុងកងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង។ ស្របគ្នានេះ លោកបានហៅ កម្មវិធីដាក់បង្ហាញយន្តហោះចម្បាំង ជាការបើកទំព័រសម័យថ្មី នៅក្នុងវិស័យការពារជាតិ និងជាពេលវេលាដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មផ្នែកអវកាសកូរ៉េខាងត្បូង។ 
 
បើតាមការគ្រោងទុក កូរ៉េខាងត្បូង នឹងដាក់ឱ្យប្រើប្រាស់យន្តហោះចម្បាំងប្រភេទថ្មីនេះ ឱ្យបានចំនួន ៤០គ្រឿង ត្រឹមឆ្នាំ២០២៨ និង ៨០គ្រឿង ត្រឹមឆ្នាំ២០៣២។ ប្រសិនបើកូរ៉េខាងត្បូង អាចសម្រេចលើការអភិវឌ្ឍយន្តហោះចម្បាំងប្រភេទ KF-21 Boramae បានមែន ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងកើតមួយនេះ នឹងក្លាយជាប្រទេសទី១៣ ដែលអាចអភិវឌ្ឍយន្តហោះចម្បាំងបានដោយផ្ទាល់។ 
 
ក្នុងពិធីដាក់សម្ពោធយន្តហោះចម្បាំងជំនាន់ទី៤,៥ខាងលើ លោក មូន បានចូលរួមជាអធិបតី រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាល មន្រ្តីយោធា និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ។ ឥណ្ឌូណេស៊ី ជាដៃគូអភិវឌ្ឍគម្រោងយន្តហោះចម្បាំងនេះ។
 
នៅក្នុងសារវីដេអូ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ក៏បានផ្ញើសារអបអរសាទរ និងសង្ឃឹមថា ការដាក់សម្ពោធយន្តហោះប្រភេទថ្មីនេះ នឹងបន្តនាំផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ។ ជាការឆ្លើយតប លោកមូន បានអះអាងថា ក្រុងសេអ៊ូល និងក្រុងហ្សាការតា នឹងមានវត្តមានជាមួយគ្នារហូតដល់ការអភិវឌ្ឍត្រូវបានបញ្ចប់៕ 
 

Tag:
 កូរ៉េខាងត្បូង
  យន្តហោះចម្បាំង
© រក្សាសិទ្ធិដោយ thmeythmey.com