ជាតិ
សេដ្ឋកិច្ច
ស៊ុយអែត ផ្តល់ថវិកា២,៥លានដុល្លារដល់យូណេស្កូ ដើម្បីអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជា
10, Apr 2021 , 7:59 am        
រូបភាព
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា(ស្តាំ)និង លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការអង្គការយូណេស្កូប្រចាំកម្ពុជា។
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា(ស្តាំ)និង លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការអង្គការយូណេស្កូប្រចាំកម្ពុជា។
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសស៊ុយអែត បានសម្រេចផ្តល់ថវិកាចំនួន២៣លានក្រោន(ប្រមាណ២,៥លានដុល្លារ) ដល់អង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ នៅកម្ពុជា។ នៅថ្ងៃទី៨មេសា ឆ្នាំ២០២១ តំណាងប្រទេសស៊ុយអែតនិងអង្គការយូណេស្កូ បានចុះហត្ថលេខាព្រមព្រៀងគ្នា ដើម្បីអនុវត្តគម្រោងនេះនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។

 
ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺធ្វើឡើងដើម្បីជំរុញឱ្យមានបរិយាកាសប្រព័ន្ធផ្សាព្វផ្សាយ ប្រកបដោយសុវត្ថិភាព សេរីភាព ពហុនិយម និងឯករាជ្យ ដែលនឹងជួយធ្វើឱ្យមានភាពល្អប្រសើរឡើង នៃសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលបានព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
 
គម្រោងការងាររបស់អង្គការយូណេស្កូនេះ  នឹងផ្តោតលើការពង្រឹងក្របខណ្ឌច្បាប់ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងលើតម្រូវការបន្ទាន់ បណ្តាលមកពីរីករាលដាលជាសកល នៃជំងឺកូវីដ-១៩។ លើសពីនេះ ក៏បញ្ចូលទាំងការធានា ឱ្យបាននូវការទទួលបានព័ត៌មានសំខាន់ៗ ការតស៊ូមតិ ដើម្បីឱ្យមានស្តង់ដារខ្ពស់ ក្នុងការរាយការណ៍ប្រកបដោយក្របសីលធម៌ និងវិជ្ជាជីវៈ ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ដើម្បីប្រឆាំង និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ 


 
លោក ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា បានបង្ហាញការគាំទ្រដល់គម្រោងពង្រឹងកិច្ចអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ថាគឺជាផ្នែកដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិរបស់ប្រទេសស៊ុយអែត ជាមួយកម្ពុជា ដែលផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ «យើងរីករាយ ដែលធ្វើការជាដៃគូជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា  ដើម្បីកសាងសមត្ថភាពលើវិស័យផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសារព័ត៌មាន និងបង្កើតយន្តការសម្រាប់សុវត្ថិភាពអ្នកសារព័ត៌មាន»។ នេះជាការលើកឡើងរបស់លោក ហេកម៉ាក នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល ដោយបញ្ជាក់ថា ការយកចិត្តទុកដាក់ពិសេស និងត្រូវបានផ្តល់ជូនអ្នកសារព័ត៌មានជា ស្ត្រីដែលងាយទទួលរងគ្រោះ ក្នុងវិជ្ជាជីវៈរបស់ខ្លួន នៅក្នុងវិស័យសារព័ត៌មាននេះ។ 
 
ជាមួយគ្នាលោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការអង្គការយូណេស្កូប្រចាំកម្ពុជា បានអះអាងថា គំនិតផ្តួចផ្តើមនេះ នឹងពង្រឹងសេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធអេកូឡូស៊ីនៃការទទួលបានព័ត៌មាននៅកម្ពុជា តាមរយៈការតស៊ូមតិ ឱ្យទទួលបានក្របខណ្ឌច្បាប់ ដែលមានលក្ខណៈរឹងមាំ សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់វេទិកាសម្រាប់ការសន្ទនា និងកិច្ចពិភាក្សាជាសាធារណៈ។ លើសពីនេះ គឺជំរុញឱ្យមានការបរិយាកាស ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពរស់រវើក ដែលនឹងលើកកម្ពស់តម្លៃប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាឱ្យបាន នូវការទទួលបានព័ត៌មានជាសាធារណៈ និងការពារសេរីភាពមូលដ្ឋាន ដោយស្របតាមច្បាប់ជាតិ និងកិច្ចព្រមពៀងអន្តរជាតិ៕ 
 

Tag:
 ស៊ុយអែត
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com