អន្តរជាតិ
ប៉េកាំង នាំមុខញូវយ៉កក្លាយជាទីក្រុងសម្បូរមហាសេដ្ឋីច្រើនជាងគេក្នុងពិភពលោក
10, Apr 2021 , 9:29 am        
រូបភាព
លោក ចាង អ៊ីមីង ស្ថាបនិក ByteDance ដែលជាអ្នកមានជាងគេនៅទីក្រុងប៉េកាំង។ រូបភាព ពី Vulcan Post
លោក ចាង អ៊ីមីង ស្ថាបនិក ByteDance ដែលជាអ្នកមានជាងគេនៅទីក្រុងប៉េកាំង។ រូបភាព ពី Vulcan Post
ដោយ៖ ឈួ ស៊ាវយីងជាវ

រដ្ឋធានីប៉េកាំងរបស់ចិន ក្លាយជាទីក្រុងសម្បូរមហាសេដ្ឋីពាន់លានច្រើនជាងគេលើពិភពលោក។ នេះបើតាមបញ្ជីថ្មីដែលរៀបចំដោយទស្សនាវដ្ដី Forbes ។


 
បើតាមទស្សនាវដ្ដីពាណិជ្ជកម្ម Forbes ទីក្រុងប៉េកាំងបានបន្ថែមចំនួនមហាសេដ្ឋីចំនួន៣៣នាក់នៅឆ្នាំមុន ដែលនាំឱ្យចំនួនសរុបមានដល់១០០នាក់។ ប៉េកាំង វ៉ាទីក្រុងញូវយ៉ករបស់អាមេរិកដែលមានមហាសេដ្ឋីចំនួន៩៩នាក់ ហើយឈរតំណែងលេខមួយចំនួន៧ឆ្នាំមកហើយ។
 
ការរីកចម្រើនលើវិស័យក្រុមហ៊ុនបច្ចេកវិទ្យាទីផ្សារភាគហ៊ុន និងការទប់ស្កាត់វីរុសកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ជាកត្តាដែលរុញឱ្យចិនសម្បូរមហាសេដ្ឋី។ វិស័យសេវាកម្មអនឡាញ និងបច្ចេកវិទ្យាបានរីកដុះដាលខ្លាំងនៅចិនអំឡុងពេលជំងឺកូវីដ-១៩ ដែលជួយបង្កើនចំណូលយ៉ាងច្រើនដល់ក្រុមហ៊ុនចិន។ 
 
ដ្បិតទីក្រុងប៉េកាំងមានមហាសេដ្ឋីច្រើនជាងញូវយ៉កក្ដី ប៉ុន្តែទ្រព្យសម្បត្តិសរុបនៃមហាសេដ្ឋីនៅទីក្រុងញូវយ៉កមានរហូត៨០ពាន់លានដុល្លារដែលច្រើនជាងលុយសរុបរបស់មហាសេដ្ឋីនៅទីក្រុងប៉េកាំង។ 
 
អ្នកមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំប៉េកាំង គឺលោក ចាង អ៊ីមីង ជាស្ថាបនិកកម្មវិធីចែករំលែកវីឌីអូ TikTok និងជានាយកប្រតិបតិ្តនៃក្រុមហ៊ុន ByteDance។ លោកមានទ្រព្យសម្បត្តិសរុប៣៥,៦ពាន់លានដុល្លារ។ ចំណែកអ្នកមានជាងគេនៅញូវយ៉ក គឺអតីតចៅហ្វាយក្រុងនេះផ្ទាល់ លោក Michael Bloomberg មានទ្រព្យសម្បត្តិរហូតដល់៥៩ពាន់លានដុល្លារ។ 
 
ទោះជាយ៉ាងណា លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon នៅតែជាអ្នកមានបំផុតនៅលើពិភពលោកនិងបន្ដកាន់តំណែងលើក៤ឆ្នាំជាប់ៗគ្នា ជាមួយទ្រព្យសម្បត្តិដល់ទៅ១៧៧ពាន់លានដុល្លារ។
 
ក្នុងបញ្ជីរបស់ Forbes អាស៊ីប៉ាស៊ីហ្វិកមានមហាសេដ្ឋី១,១៤៩នាក់ ជាមួយទ្រព្យ៤,៧ទ្រីលានដុល្លារបើប្រៀបធៀបនឹងមហាសេដ្ឋីនៅអាមេរិកមានទ្រព្យត្រឹមតែ៤,៤ទ្រីលានដុល្លារ។ សម្រាប់ចិន បើបញ្ចូលទីក្រុងហុងកុង និងម៉ាកាវចូលក្នុងតារាងបញ្ជីរាប់បញ្ចូលរបស់ Forbes មហាសេដ្ឋីមាន៦៩៨នាក់។មហាសេដ្ឋីថ្មីពាក់កណ្តាលរបស់ចិន រកលុយពីការបណ្តាក់ទុនផ្នែកបច្ចេកវិទ្យា និងវិស័យឧស្សាហកម្ម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com