COVID-19
ជាតិ
ក្នុងចំណោមអ្នកឆ្លងកូវីដ៥៧៦នាក់នៅថ្ងៃនេះ មានជាង១៣០នាក់ ជាអាជីវករផ្សារអូរឫស្សី
09, Apr 2021 , 11:15 pm        
រូបភាព
រូបពី AFP
រូបពី AFP
ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៧៦នាក់ ដែលក្រសួងសុខាភិបាលប្រកាសកាលរសៀល មានជាង១៣០នាក់ ជាអាជីវករនៅផ្សារអូរឫស្សី។



នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៧៦បន្ថែមទៀត។ នៅយប់ថ្ងៃនេះដដែល រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដែរ ដោយផ្សាយបន្តពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ជុំវិញករណីឆ្លងថ្មី។

រដ្ឋបាលរាជធានីភ្នំពេញ មិនផ្សាយតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង៥៧៦នាក់នោះទេ ដោយផ្សាយតែ៥៤៤នាក់ប៉ុណ្ណោះ ដែលជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៥៤៤នាក់នោះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណរបស់ពួកគេ ដូចជា ឈ្មោះ និងមុខរបរ ជាដើម ដោយក្រសួងសុខាភិបាល ពុំបានបង្ហាញ។

បើតាមតួលេខរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ទាំង៥៤៤នាក់ មានជាង១៣០នាក់ ជាអាជីវករនៅផ្សារអូរឫស្សី។ កន្លងមក អាជ្ញាធរ រកឃើញអាជីវករនៅផ្សារអូរឫស្សីជាង១០០រួចមកហើយ ដែលឆ្លងជំងឺកូវីដ-១៩។ ដូច្នេះ មកដល់ពេលនេះ អាជីវករនៅផ្សារអូរឫស្សី មានជិត២៥០នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩។

ផ្សារអូរឫស្សី ត្រូវបានបិទជាបណ្តោះអាសន្ន។ អាជ្ញាធរ អំពាវនាវឲ្យគ្រប់អាជីវករនៅផ្សារអូរឫស្សី អ្នក ដែលពាក់ព័ន្ធជាមួយអាជីវករនៅផ្សារអូរឫស្សី និង អ្នកដែលធ្លាប់ចូលផ្សារអូរឫស្សី ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

បច្ចុប្បន្ន ចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ដែលកំពុងសម្រាលព្យាបាល មាន១៥៩១នាក់។ មានអ្នកជំងឺកូវីដ-១៩ ចំនួន១៩៨៤នាក់ហើយ ដែលកម្ពុជា បានព្យាបាលជាសះស្បើយ ខណៈអ្នកស្លាប់ មាន២៥នាក់។

នៅយប់ថ្ងៃទី៩ ខែមេសានេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ ក្នុងខណ្ឌមានជ័យ, បិទភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ក្នុងខណ្ឌសែនសុខ, បិទភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រនៃសង្កាត់ចោមចៅ១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង ភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ ក្នុងខណ្ឌពោធិ៍សែនជ័យ, និងបិទភូមិចំការឪឡឹកទី១ នៃសង្កាត់កាកាបទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ។ ការបិទភូមិសាស្រ្តទាំងនេះ គឺដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕

Tag:
 COVID-19
  អាជីវករផ្សារអូរឫស្សី
© រក្សាសិទ្ធិដោយ thmeythmey.com