COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុ ពន្យារពេលសងប្រាក់បន្ថែមដល់អ្នកជំងឺកូវីដ-១៩ និងអ្នកបាត់បង់ការងារ
10, Apr 2021 , 12:51 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ថែមពេលក្នុងការពន្យាររយៈពេលការបង់ប្រាក់សង សម្រាប់អ្នកកើតជំងឺកូវីដ-១៩។ ក្រៅពីអ្នកជំងឺកូវីដ-១៩ សម្តេចក៏ស្នើថា ការពន្យារបន្ថែមនេះ ក៏គួរផ្តល់ដល់កម្មករ និងអ្នកដែលបាត់បង់ការងារ ដោយសារវិបត្តិកូវីដ-១៩នេះដែរ។ នេះបើតាមការថ្លែងសារពិសេសរបស់នាយករដ្ឋមន្រ្តី នាព្រឹកនៅថ្ងៃទី១០ មេសា ឆ្នាំ២០២១។

 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិកម្ពុជា ដែលមានវិធានការជួយសម្រួលការសងប្រាក់ ដល់អ្នកមានជំងឺកូវីដ-១៩ និងស្នើបន្ថែមពេលសងប្រាក់ដល់អ្នកកើតជំងឺកូវីដ-១៩។
 
ធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាលពីថ្ងៃទី៧ មេសា បានចេញសេចក្ដីប្រកាសថា រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ដែលចេញដោយអាជ្ញាធរ ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានការលើកលែងបង់ប្រាក់ដើមរយៈពេល៣ខែ។ និងអនុញ្ញាតមិនឲ្យបង់ការប្រាក់រយៈពេល១ខែ ហើយរួចផុតពីការផាកពិន័យគ្រប់យ៉ាង។
 
វិធានការនេះត្រូវបានប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន គាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែនាយករដ្ឋមន្រ្តីបានស្នើដល់ធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិចារណា ក្នុងការបន្ថែមពេលដើម្បីបង់ប្រាក់។ «ចំណុចនេះល្អហើយ បើសិនអាចបន្ថែមពេលបានក៏គួរតែបន្ថែម។ ឧទាហរណ៍៖ លើកលែងការប្រាក់រយៈពេល១ខែ ប្រសិនបើពន្យាបាន ២ខែវាជាការល្អ នេះជាការស្នើរបស់ខ្ញុំ»។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន។
 
ក្នុងន័យនេះសម្ដេចចង់ឲ្យធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិចារណាលើអតិថិជនរបស់ខ្លួន ក្នុងអំឡុងវិបត្តិកូវីដ-១៩ ព្រោះមិនមែនគ្រប់អតិថិជនសុទ្ធតែលំបាកនោះទេ ក្នុងស្ថានភាពនេះ ដោយមានអ្នកខ្លះ ទទួលបានប្រាក់ចំណូលកើនឡើងក៏មាន។
 
គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០២១ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ពាន់លានដុល្លារ ដោយក្នុងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់៣០ម៉ឺននាក់ ក្នុងទំហំឥណទាន ១,៤ពាន់លានដុល្លារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com