COVID-19
ជាតិ
មនុស្សជាង៨៩ម៉ឺននាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
10, Apr 2021 , 1:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្ស ចំនួន៨៩៥ ៣០៩នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៩ មេសា ឆ្នាំ២០២១។ ក្នុងនោះមានពលរដ្ឋអាទិភាពចំនួន ៦៧៨ ៤០៦នាក់ និងកងកម្លាំងយោធាចំនួនសរុប ២១៦ ៩០៣នាក់។ នេះបើតាមរបាយការណ៍ផ្សេងគ្នា របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា។

 
ចំនួនអ្នកចាក់វ៉ាក់សាំងប្រភេទ Sinopharm ប្រភេទ Sinovac និងប្រភេទ COVISHIELD បានបន្តកើនឡើងជារៀងរាល់ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ ២០កុម្ភៈ មិនទាន់ថមថយ។ ចំនួនឆ្លងរាប់រយក្នុងមួយថ្ងៃ បានធ្វើឱ្យរដ្ឋបាលរាជរាជធានីភ្នំពេញ ចាប់អនុត្តបម្រាបគោចរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ភ្លឺផងដែរ។ ទន្ទឹមនឹងនេះ កាលពីរាត្រីថ្ងៃទី ៩មេសា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសពីការសម្រេចចិត្តបិទបណ្តោះអាសន្ន នូវសង្កាត់២នៅខណ្ឌមានជ័យ គឺស្ទឹងមានជ័យទី១ និងទី២, ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៧ភូមិទៀត នៅខណ្ឌពោធិ៍សែនជ័យ ដែលរួមមានភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រនៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹកទី២ នៃសង្កាត់កាកាបទី២ ។
 
សព្វថ្ងៃកម្ពុជាមានវ៉ាក់សាំង ៣ប្រភេទសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ។ សម្រាប់មនុស្សវ័យពី១៨ឆ្នាំ ដល់៥៩ឆ្នាំ ត្រូវទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុនSinopharm។ ចំពោះវ៉ាក់សាំងប្រភេទSinovac ត្រូវបានចាក់ទៅលើក្រុមមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ និងវ៉ាក់សាំង COVISHIELD ត្រូវចាក់លើមន្ត្រី និងពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។
 
បើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី១០ មេសា វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨លានដូស នឹងមកដល់កម្ពុជា ជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២១នេះ ក្នុងនោះវ៉ាក់សាំងចំនួន ៥០ម៉ឺនដូស នឹងមកដល់កម្ពុជានៅថ្ងៃទី១៧ មេសា។ វ៉ាក់ចំនួន ១,៥ លានដូស នឹងមកដល់នៅឧសភា។ វ៉ាក់សាំងចំនួន ៣លានដូសនឹ ងមកដល់ក្នុងខែមិថុនា។ ចំនួន ២លានដូស នឹងមកដល់ខែកក្កដា និង ១លានដូសទៀត នឹងមកដល់ខែសីហា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com