រដ្ឋបាលលោក បៃឌិន បន្ធូរបន្ថយរឹតត្បិតលើការទាក់ទងជាមួយតៃវ៉ាន់
អន្តរជាតិ
រដ្ឋបាលលោក បៃឌិន បន្ធូរបន្ថយរឹតត្បិតលើការទាក់ទងជាមួយតៃវ៉ាន់
10, Apr 2021 , 2:32 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price ។ រូបថត AFP
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price ។ រូបថត AFP
រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន នៅថ្ងៃទី៩ ខែមេសា បានសេចក្ដីណែនាំថ្មីដែលបន្ធូរបន្ថយការរឹតត្បិតលើទំនាក់ទំនងជាមួយមន្ត្រីតៃវ៉ាន់ បើទោះជាចិនទាមទារឱ្យអាមេរិកប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយឱ្យគត់មត់ក្ដី។ ក្នុងសេចក្ដីណែនាំថ្មី មន្រ្តីអាមេរិក នឹងអាចជួបមន្ត្រីតៃវ៉ាន់បានងាយស្រួលជាងពេលមុនៗមិនថានៅទីតាំងជារដ្ឋាភិបាលអាមេរិក ឬនៅបេសកកម្មរបស់តៃវ៉ាន់ឡើយ។

 
ហាក់មិនខុសពីរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើយ រដ្ឋបាលលោក ចូ បៃឌិន ហាក់ប្រកាន់ជំហរដោយត្រង់ៗ និងកាន់តែចំហជាងមុនក្នុងការពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់។ ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី៩ ខែមេសា បានចេញសេចក្ដីណែនាំមួយជុំវិញការជួបទាក់ទងជាមួយតៃវ៉ាន់។ 
 
ក្នុងសេចក្ដីណែនាំនេះ មន្ត្រីអាមេរិកត្រូវបានអនុញ្ញាតឱ្យអញ្ជើញតំណាងតៃវ៉ាន់មកប្រជុំនៅក្នុងអាគាររដ្ឋាភិបាល ឬចូលរួមក្នុងកិច្ចប្រជុំថ្នាក់ការងារនៅស្ថានបេសកកម្មរបស់តៃវ៉ាន់។ ចំណុចទាំងនេះ ជារឿងហាមឃាត់នាពេលកន្លងមក។ បន្ថែមពីលើនោះ មន្ត្រីថ្នាក់ទាបអាមេរិក ក៏អាចមានវត្តមាននៅកម្មវិធីនៅនិវេសនដ្ឋានអ្នកការទូតតៃវ៉ាន់ប្រចាំវ៉ាស៊ីនតោនផងដែរ។ 
 
តាមពិតទៅ មន្រ្តីអាមេរិក និងតៃវ៉ាន់ មានទំនាក់ទំនងជាញឹកញយទៅហើយមុនការចេញសេចក្ដីប្រកាសនេះ។ កាលពីខែមុន អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ាឡាវ បានអមដំណើរប្រធានាធិបតីប្រទេសនេះក្នុងទស្សនកិច្ចនៅតៃវ៉ាន់។ ប៉ាឡាវ ជាប្រទេសមួយក្នុងចំណោមជាង១០ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ កាលពីខែមីនា អគ្គរដ្ឋទូតស្ដីទីអាមេរិកប្រចាំតូក្យូ បានបង្ហោះរូបថតជាមួយតំណាងតៃវ៉ាន់។
 
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Ned Price បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ការណែនាំថ្មី បង្ហាញពីភាពរស់រវើកនៃប្រជាធិបតេយ្យនៅតៃវ៉ាន់ ដែលជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់របស់អាមេរិកក្នុងតំបន់។ លោកបន្តថា ការណែនាំថ្មី ក៏ស្របតាមទំនាក់ទំនងមិនផ្លូវការរវាងអាមេរិក និងតៃវ៉ាន់ផងដែរ។
 
ការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិដែលជាស្ថានបេសកកម្មតៃវ៉ាន់នៅអាមេរិក បានសាទរចំណាត់ការថ្មីនេះ និងចាត់ទុកជាការឆ្លុះបញ្ចាំងឱ្យឃើញពីមតិឯកច្ឆន្ទរបស់បក្សទាំងពីរនៅអាមេរិក។ ប៉ុន្តែចិនទំនងជាមិនសប្បាយចិត្តនឹងចំណាត់ការនេះ ព្រោះអាមេរិកកំពុងតែចាប់ដៃតៃវ៉ាន់ដែលខ្លួនចាត់ទុកជាអាណាខេត្តមួយរបស់ខ្លួន៕
 

Tag:
 អាមេរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com