COVID-19
ជាតិ
ខេត្តសៀមរាប ចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាល ចាប់ពីម៉ោង៨យប់ ដល់៥ព្រឹក រយៈពេល២សប្តាហ៍
10, Apr 2021 , 4:39 pm        
រូបភាព
ដោយ:
រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីសម្រេច បិទការចរាចរណ៍ និងជួបជុំ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីម៉ោង ៨យប់ដល់ ម៉ោង៥ព្រឹក រយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១០ ដល់២៣មេសា ឆ្នាំ២០២១។ អាជីវកម្មម្ហូបអាហារ ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងកាហ្វេ ត្រូវលក់ជាលក្ខណៈវិចខ្ជប់វិញ។


 
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប គឺផ្អាកការធ្វើដំណើរនានាក្នុងខេត្ត ចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ   លើកលែងចំពោះការធ្វើដំណើរ ដោយសារបញ្ហាសុខភាព ដែលមានលិខិនអនុញ្ញាតពីសមត្ថកិច្ចមូលដ្ឋាន។ ក្រៅពីនេះ ការធ្វើដំណើររបស់បុគ្គលិកពេទ្យរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបំពេញបេសកកម្ម និងការដឹកទំនិញ ក៏ត្រូវបានលើកលែងផងដែរ។ តាមសេចក្តីដដែល កម្មករ កម្មការនី និងបុគ្គលិកនានា អាចចេញបម្រើរការងាររបស់ខ្លួនធម្មតា។
 
សម្រាប់ការជួបជុំ គឺអនុញ្ញាតសម្រាប់តែការជួបជុំរបស់សមាជិកគ្រួសារ រស់នៅក្នុងលំនៅដ្ឋានរួម។ ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់សមត្ថកិច្ច។ ការជួបជុំរបស់មន្រី្តសុខាភិបាលក្នុងការយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩។ ការជួបជុំដើម្បីបំពេញបេសកកម្មរបស់កងកម្លាំង សមត្ថកិច្ចក៏ ត្រូវបានលើកលែងផងដែរ។
 
គួរបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤ ០៨១ករណី ក្នុងនោះ ១ ៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២០៨០នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៦នាក់៕
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com